គម្រោងសាងសង់សំណង់បង្ហៀរលើទំនប់អាងទឹកបែកតាប់នឹងផ្តល់ប្រយោជន៍ដល់ដំណាំស្រូវជាង៣ពាន់ហិកតានិងប្រជាជន១៦ភូមិ


ក្រសួងធនធានទឹក និងឧតុនិយមកំពុងអនុវត្តគម្រោងសាងសង់​សំណង់បង្ហៀរ(ទ្វារ0៣) លើទំនប់អាងទឹកបែកតាប់ ស្ថិតក្នុងឃុំ​ស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។

មន្ត្រីបច្ចេកទេសក្រសួងបានបញ្ជាក់ថា ការងារសំខាន់ៗនៃគម្រោងសាង​សង់សំណង់បង្ហៀរ (ទ្វារ0៣) រួមមាន ៖ទី១)​សាងសង់​ទំនប់អាងទឹក​បែកតាប់ខ្សែទី១ ប្រវែង ១៩០ម៉ែត្រ ,ទី២)សាងសង់ទំនប់អាងទឹក​បែកតាប់ខ្សែទី២ ប្រវែង ២៦០ម៉ែត្រ និងទី៣)សាងសង់សំណង់​សិល្ប​ការ្យចំនួន២កន្លែង។

ពិនិត្យវឌ្ឍនភាពគម្រោង កាលពីរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និង​ឧតុនិយមនិងមន្រ្តី​បច្ចេកទេសក្រសួង និងមន្ទីរបានអញ្ជើញទៅកាន់ទីនោះ។ឯកឧត្ដមរដ្ឋមន្ត្រីបានបញ្ជាក់ឱ្យដឹងថា គម្រោង​សាង់សង់សំណង់បង្ហៀរ (ទ្វារ0៣) លើទំនប់អាងទឹកបែកតាប់ គឺក្នុងគោលបំណងរួមចំណែក​ជួយដោះស្រាយបញ្ហាទឹក ជូន​ប្រជាកសិករសម្រាប់ស្រោចស្រព​បន្ថែមលើផ្ទៃដីបង្កបង្កើនផលស្រូវរដូវវស្សាចំនួន ១ ៨៥២ហិកតា ស្រូវរដូវប្រាំងចំនួន ១២០​ហិកតា និងដំណាំរួមផ្សំចំនួន ១ ៥២០ហិកតា។

សូមជម្រាបដែរថា ទំនប់អាងទឹកបែកតាប់មានតួនាទីស្ទាក់ទឹកហូរពី​ប្រភពទឹកតំបន់ខ្ពង់រាបព្រៃស្អាក និងផ្ទៃរងទឹកភ្លៀងក្នុងតំបន់ មក​តម្កល់ទុកសម្រាប់បម្រើឱ្យការងារស្រោចស្រពវិស័យកសិកម្ម និងការ​ប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋចំនួន ១៦ភូមិ នៃឃុំស្រែណូយ ស្រុកវ៉ារិន ៕