បាត់ដំបង៖ នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧ នៅខេត្តបាត់ដំបង មានរៀបចំកម្មវិធីអបអរសាទរទិវាអក្ខរកម្មជាតិ-អន្តរជាតិ ០៨ កញ្ញា លើកទី១៧ ដោយមានការចូលរួមជាកិត្តិយសពីសំណាក់ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អភិបាលខេត្តបាត់ដំបង រួមទាំងដំណាងអង្គការ យូណេស្កូ ប្រចាំនៅកម្ពុជា ផងដែរ។
ថ្លែងក្នុងឱកាសនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន បានមានប្រសាសន៍ថា “ទិវាអក្ខរកម្មជាតិ-អន្តជាតិ០៨កញ្ញានេះ ជាទិវាមួយដែលមានសារៈសំខាន់ និងមានអត្ថន័យដ៏ថ្លៃថ្លាបំផុតក្នុងការលើកកម្ពស់ការងារអក្ខរកម្ម ព្រមទាំងជំរុញមនសិការរបស់បងប្អូនជនរួមជាតិយើងទាំងអស់រួមគ្នាលើកកម្ពស់ការងារនេះ ឱ្យកាន់តែល្អប្រសើរ ដើម្បីឧត្ដមប្រយោជន៍របស់កម្ពុជាយើងផង និងមនុស្សជាតិទាំងមូលផង”។
ឯកឧត្ដមបណ្ឌិតបានបន្តលើកឡើងថា “សមិទ្ធផលនៃការអនុវត្តកម្មវិធីអក្ខរកម្មវិជ្ជាជីវៈនេះ បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់ រាជរដ្ឋាភិបាលកម្ពុជា និងការរួមគ្នាអនុវត្តយុទ្ធនាការជាសកល ពីក្រសួងអប់រំ យុវជន និងកីឡា ក្រសួង និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងអង្គការយូណេស្កូ និងដៃគូអភិវឌ្ឍនានា ជាពិសេសពីកិច្ចខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត របស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ ព្រះសង្ឃ សិស្ស និស្សិត បញ្ញវន្ត និងក្រុមយុវជន ស្ម័គ្រចិត្តនៅទូទាំងប្រទេស”។
សូមជម្រាបថា ក្នុងឆ្នាំ២០១៧ នេះការងារអក្ខរកម្មបានបន្ថែមបើកថ្នាក់រៀនអក្ខរកម្ម នៅតាមរោងចក្រចំនួន ១១ដែលមានកម្មករកម្មការិនីសរុប១៦៦នាក់ ស្រីចំនួន១៥៤នាក់ ដែលធ្វើឱ្យបងប្អូនកម្មករកម្មការិនីទទួលបានការរៀនសូត្រ ចេះទាំងអក្សរ ចេះទាំងលេខ និងមានឱកាសធ្វើការងារកាន់តែប្រសើរឡើងតាមរយៈ ការចេះជំនាញសំខាន់ៗពីកម្មវិធី អក្ខរកម្មវិជ្ជាជីវៈ៕
អបអរសាទរទិវាអក្ខរកម្មជាតិ-អន្តរជាតិ០៨ កញ្ញា លើកទី១៧
