បុរីអូរស្វាយក្នុងតំបន់រ៉ាមសារស្ទឹងត្រែង ជាកន្លែងប្រវត្តិសាស្រ្តការពារព្រំដែនប្រទេសកម្ពុជា


ថ្មីៗនេះក្រុមអ្នកអភិរក្សធនធានធម្មជាតិ នៃតំបន់រ៉ាមសារស្ទឹងត្រែង បានធ្វើការសំអាតស្តូបអនុស្សាវរីយ៍បុរីអូរស្វាយ នៅក្នុងខេត្តស្ទឹងត្រែង ទីតាំងប្រវត្តិសាស្រ្តនៃការសំគាល់ព្រំដែនកម្ពុជា-ឡាវ។ លោក អេង ភារ៉ុង ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានអោយដឹងថា តំបន់ប្រវត្តិសាស្រ្តនេះស្ថិតនៅក្នុងតំបន់រ៉ាមសារស្ទឹងត្រែង ក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន។ លោក អេង ភារ៉ុង បានបន្ថែមថា ដោយមានការណែនាំពី ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន មន្រ្តីឧទ្យានុរក្សបានការពារ និងធ្វើការថែទាំ សំអាតទីតាំងស្តូបអនុស្សាវរីយ៍ អតីតបុរីអូរស្វាយ និងតំបន់ជុំវិញផងដែរបានយ៉ាងល្អ ដើម្បីជាប្រយោជន៍នៃការទាក់ទាញភ្ញៀវទេសចរ និងការអភិរក្សតំបន់ប្រវត្តិសាស្រ្តកម្ពុជា សម្រាប់កូនចៅជំនាន់ក្រោយបានស្គាល់ និងសិក្សាស្រាវជ្រាវផងដែរ។ លោក សេក ម៉ៅ បានមករស់នៅក្នុងអតីតបុរីអូរស្វាយតាំងពីឆ្នាំ១៩៦៦។
សព្វថ្ងៃ បុរីអូរស្វាយស្ថិតក្នុងឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ទីតាំងសំគាល់អតីតបុរីអូរស្វាយនាពេលបច្ចុប្បន្ន នៅសល់តែស្តូបអនុស្សាវរីយ៍មួយ និងដើមពោធិ៍ដ៏ធំក្បែរនោះ។ ដោយឡែក ហេដ្ឋារចនាសម្ព័ន្ឋពីមុន ដូចជាអគារសាលាស្រុកពីមុនស្រុតចូលទៅទឹកទន្លេមេគង្គ។ តំបន់ទីផ្សារ និងហេដ្ឋារចនាសម្ព័ន្ឋស្រុកភូមិដើម បានបាត់បង់ដោយសារកម្ពុជាទទួលរងគ្រោះដោយសង្រ្គាម ហើយសព្វថ្ងៃប្រជាពលរដ្ឋ បានរស់នៅលើទីតាំងជាកម្មសិទ្ឋិអស់ទៅហើយ។ លោក សេក ម៉ៅ បញ្ជាក់ថា បុរីអូរស្វាយនេះបានបង្កើតឡើង ដោយស្នាព្រះហត្ថ ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នៅដើមទសវត្សរ៍ទី៦០ ដើម្បីបញ្ជាក់ពីការការពារព្រំដែននៃប្រទេសកម្ពុជា ពីប្រទេសជិតខាង។
លោក សេក ម៉ៅ បានបញ្ជាក់ដែរថា ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ បានចែកជូនទាហានចូលនិវត្តន៍ និងប្រជារាស្រ្ត ដែលគ្មានដីធ្លី ផ្ទះសម្បែង ឲ្យទៅរស់នៅបង្កបង្កើនផលនៅទីនោះ។ ជាការលើកទឹកចិត្តព្រះករុណាព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ បានប្រគល់ដីធ្លីសង់ផ្ទះ និងផ្ដល់សត្វគោក្របី ព្រមទាំងកសាងសាលារៀន មណ្ឌលសុខភាព ប៉ុស្តិ៍ នគរបាល សាលាស្រុក មន្ទីរកសិកម្ម និងវត្តអារាមនៅទីនោះថែមទៀត ដើម្បីគោលបំណងគឺបង្កើតជាស្រុកភូមិរបស់ប្រជារាស្រ្តខ្មែរ និងការពារព្រំដែនកម្ពុជា។
សូមបញ្ជាក់ថា ទីតាំងស្តូបអនុស្សាវរីយ៍បុរីអូរស្វាយ មាន ចម្ងាយប្រមាណ៦គីឡូម៉ែត្រ ពីព្រំប្រទល់រវាងប្រទេសកម្ពុជា និងឡាវ។ ទីតាំងប្រវត្តិសាស្រ្ត បូរីអូរស្វាយ បានក្លាយគឺជារមណីដ្ឋានមួយ ក្នុងចំណោមរមណីដ្ឋានពេញនិយមជាច្រើនទៀត ដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិ តែងតែមានបំណងចង់មកទស្សនា។ តំបន់នេះគឺជាផ្នែកមួយ នៃតំបន់រ៉ាមសារ (តំបន់អភិរក្សលិចទឹក) ដែលមានអន្លង់សត្វផ្សោតជាច្រើនរស់នៅ តាមបណ្តោយទន្លេមេគង្គ សត្វបក្សាបក្សី សត្វព្រៃ ធម្មជាតិ ផ្ទាំងថ្មឆ្នេរខ្សាច់ និងព្រៃឈើជាច្រើន ដែលអាចចាត់ទុកថាជាប្រព័ន្ឋអេកូឡូស៊ីដ៏សំខាន់នៃទន្លេមេគង្គ ដែលត្រូវការពារ និងអភិរក្សអោយបានល្អ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន វត្តអារាម ដោយរាប់បញ្ចូលទាំងផ្នែកសេវាកម្មដឹកជញ្ជូន និងទេសចរណ៍។ ល។ សម្តេចតេជោនាយករដ្ឋមន្រ្តី ខិតខំការពារទឹកដីកេរតំណែលដូនតារបស់ខ្មែរ មិនអោយបាត់បង់ជាពិសេសចំពោះទឹកដីក្នុងខេត្តស្ទឹងត្រែងតំបន់ជាប់ព្រំដែនជាមួយប្រទេសឡាវ ដែលកាលពីពេលថ្មីៗ មានការប្រឈមមុខដាក់គ្នាដោយកងទ័ពនៃប្រទេសទាំងពីរ។ ហើយប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឡាវបានព្រមព្រៀងដោះស្រាយបញ្ហានេះដោយសន្តិវិធីដោយប្រើប្រាសផែនទីបារាំងសេសជាគោលផងដែរ៕