គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានអញ្ជើញនិវត្តន៍មកកាន់មាតុប្រទេសវិញដោយសុវត្ថិភាព បន្ទាប់ពីបានបំពេញទស្សនកិច្ចរយៈពេល៥ថ្ងៃនៅប្រទេសចិន


បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពរយៈពេល៥ថ្ងៃ នៅសាធារណរដ្ឋប្រជាមានិតចិន នៅរាត្រីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញធ្វើដំណើរនិវត្តន៍មកកាន់មាតុប្រទេសវិញដោយសុខសុវត្ថិភាពនិងទទួលបានលទ្ធផលគួរជាទីមោទនៈ ជូនប្រជាពលរដ្ឋនិងប្រទេសជាតិ។

អំឡុងពេលដំណើរទស្សនកិច្ចនៅរដ្ឋធានីប៉េកំាង សម្តេចមហារដ្ឋសភាធិការធិបតីបាន បានជួបពិភាក្សាការងារទ្វេភាគី ជាមួយ លោក ចាវ ឡឺជី ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនចិន ជួបសម្តែងការគួរសមជាមួយ លោក វ៉ាង ហ៊ូនីង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិន និងប្រធានសភាប្រឹក្សានយោបាយនៃប្រជាជនចិន ។ ចំណែកនៅក្រុងសៀងហៃ សម្តេចប្រធានរដ្ឋសភា បានទទួលជួបពិភាក្សាការងារជាមួយ លោក ឈិន ជីនីង លេខាធិការនៃគណៈកម្មាធិការគណបក្សកុម្មុយនីស្តចិនប្រចាំទីក្រុងសៀងហៃ។

លទ្ធផលសំខាន់មួយនៃដំណើរទស្សនកិច្ចនេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និង លោក ចាវ ឡឺជី បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរ និងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងអគ្គលេខាធិការដ្ឋានរដ្ឋសភានៃប្រទេសទំាងពីរ ដែលចុះហត្ថលេខាដោយ លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាកម្ពុជា និងលោក លីវ ឈី អគ្គលេខាធិការគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេស។

ឯកសារទំាងពីរដែលបានចុះហត្ថលេខានេះ ជាសមិទ្ធផលប្រវត្តិសាស្រ្តថ្មីមួយទៀតនៃទំនាក់ទំនងសភាប្រទេសទំាងពីរ ដែលជាមូលដ្ឋានគ្រឹះ ក្នុងការពង្រឹង ពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ ស៊ីជម្រៅ និងសម្រេចបានលទ្ធផលជាក់ស្តែង។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងថ្នាក់ដឹកនាំសភាប្រជាជនចិន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដែលថ្នាក់ដឹកនាំប្រទេសទំាងពីរបានដាក់ចេញ និងបានសន្យារួមគ្នាថា នឹងជំរុញបន្ថែមទៀតនូវការបន្ស៊ីនៅក្នុងកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងគំនិតផ្តួមផ្តើមនានារបស់ភាគីចិន ដូចជាគម្រោងខ្សែក្រវាត់និងផ្លូវ ជាមួយយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់កម្ពុជា ដើម្បីបម្រើផលប្រយោជន៍នៃប្រទេសទំាងពីរ ឱ្យចេញជាលទ្ធផលជាក់ស្តែង ក្នុងការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់៕