គាំទ្រចំពោះការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលបានស្នើរាជរដ្ឋាភិបាលបង្កើតគ្រុប CoolApp របស់រាជរដ្ឋាភិបាល ទាំងស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងប្រជាពលរដ្ឋខ្មែរទាំងអស់ ប្រើប្រាស់ CoolApp ជំនួសឲ្យ Telegram នោះ ឯកឧត្តម អ៊ុំ វុទ្ធទី ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) នៅយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤នេះ បានប្រកាសឱ្យសមាជិកសមាគម និងនិស្សិតកំពុងសិក្សានៅចិនទាំងអស់នាំគ្នាប្រើប្រាស់ CoolApp ជាសម្រាប់ទំនាក់ទំនងប្រចាំថ្ងៃ។
ឯកឧត្តម អ៊ុំ វុទ្ធទី បានបញ្ជាក់ពីចំណុចខ្លាំងរបស់ CoolApp ដែលបងប្អូនខ្មែរ និងនិស្សិតនៅប្រទេសចិនគួរតែប្រើប្រាស់ CoolApp គឺ Call សម្លេងថ្លាច្បាស់ Call & Chat ពីប្រទេសចិនមកកាន់កម្ពុជា ដោយមិនបាច់ប្រើ VPN យ៉ាងងាយស្រួល ដែលចំណុចនេះ បានជួយកាត់បន្ថយការចំណាយរបស់និស្សិត ដែលកន្លងមកពួកគាត់ត្រូវបង់សេវា VPN ប្រចាំខែ។
ឯកឧត្តម អ៊ុំ វុទ្ធទី បានបញ្ជាក់ឱ្យដឹងថា «ថ្នាក់ដឹកនាំ សមាជិក សមាជិកាសមាគមនិស្សិតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានគាំទ្រយ៉ាងពេញទំហឹង នូវអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដោយនាំគ្នាប្រើប្រាស់ CoolApp របស់ខ្មែរ ជំនួយ Telegram សម្រាប់ការប្រើប្រាស់ក្នុងការសិក្សា និងជីវភាពប្រចាំថ្ងៃ ជាពិសេសទំនាក់ទំនាក់មកអ្នកផ្ទះ និងមិត្ភភ័ក្ភនៅកម្ពុជា។
ខ្ញុំបានស្នើដល់បងប្អូននិស្សិតខ្មែរនៅប្រទេសចិនទាំងអស់ ងាកមកប្រើប្រាស់ CoolApp ដោយសារតែចំណុចខ្លាំងរបស់ CoolApp គឺ Call សម្លេងថ្លាច្បាស់ Call & Chat ពីប្រទេសចិនមកកាន់កម្ពុជា ដោយមិនបាច់ប្រើ VPN យ៉ាងងាយស្រួល ដែលចំណុចនេះ បានជួយកាត់បន្ថយការចំណាយរបស់និស្សិត ដែលកន្លងមកបងប្អូននិស្សិតយើង ត្រូវបង់សេវា VPN ប្រចាំខែ។ QR ខាងក្រោមនេះ ជាគណនី CoolApp របស់រូបខ្ញុំបាទផ្ទាល់ ដែលប្រើប្រាស់ជំនួសគណនី Telegram»។
សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានស្នើឲ្យរាជរដ្ឋាភិបាលបង្កើតគ្រុប CoolApp របស់រាជរដ្ឋាភិបាល ទាំងស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងប្រជាពលរដ្ឋខ្មែរទាំងអស់ប្រើប្រាស់ CoolApp ជំនួសឲ្យ Telegram បន្ទាប់ពីនារយៈពេលចុងក្រោយនេះ Telegram របស់សម្ដេច មានបញ្ហាមិនអាចបញ្ជូនសារចេញបានទាំងអក្សរ ទាំងសារសំឡេង។ ការស្នើរបស់សម្ដេចតេជោ បានធ្វើឡើងនារាត្រីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤។