អំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានផ្ដល់ជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម


ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានសាខាកាកបាទក្រហមខេត្ត នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤នេះ បានដឹកនាំក្រុមការងារ នាំអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់ចំនួន ៦គ្រួសារ នៅភូមិអូរប្រាំ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់។

បើតាមលោក ទូច ឆៃ នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្ត បានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ មានភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់បក់គួចយ៉ាងខ្លាំង ធ្វើអោយផ្ទះ ៦ខ្នង ក្នុងភូមិអូរប្រាំទី១-ភូមិអណ្តូងស្វាយ ឃុំព្រែកកក់ និង ក្នុងភូមិហុងប្រម៉ា ឃុំដងក្តារ បានរបើកសង្កសី និងរបើកក្បឿង រងផលប៉ះពាល់កម្រិតស្រាល។

ក្នុងឱកាសសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ឯកឧត្តម អ៊ុន ចាន់ដា បានសម្តែងនូវការសោកស្តាយជាមួយគ្រួសាររងគ្រោះចំពោះមហន្តរាយធម្មជាតិ ដែលកើតឡើងដោយស្មានមិនដល់នេះ។ ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខដោយក្តីអាណិតអាសូរ ពីសំណាក់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ហើយទោះបីសម្តេច មិនបានអញ្ជើញមកផ្ទាល់ ក៏សម្តេច តែងបានចាត់តំណាង ចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះ ជួយសម្រាលទុក្ខលំបាកដល់បងប្អូនប្រជាពលរដ្ឋយើងទាន់ពេលវេលា តាមទិសស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន ពលរដ្ឋរងផលប៉ះពាល់កម្រិតស្រាលទាំង ៦គ្រួសារនោះក្នុង ១គ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង, ទឹកត្រី ១យួរ, ទឹកស៊ីអ៉ីវ ១យួរ, ឃីត ១សម្រាប់ និងថវិកា ១០០,០០០រៀល៕