ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ បានចូលរួមពិធីសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១២ ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៨ តុលា ២០២៤ នៅវិទ្យាល័យទាំង ២ក្នុងស្រុកខ្សសាច់កណ្តាល ដែលកម្មវិធីទី១ នៅវិទ្យាល័យ ហ៊ុន សែន ខ្សាច់កណ្តាល និងកម្មវិធីទី២ នៅវិទ្យាល័យ ហ៊ុន សែន រ៉ូតា ខ្សាច់កណ្តាល ដែលមានវត្តមានចូលរួមទាំង២កម្មវិធីសរុបចំនួន ៧៥០នាក់។
ឆ្លៀតក្នុងឱកាសនោះ, ឯកឧត្តមបណ្ឌិត កៅ ថាច បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងពាក្យជូនពរដល់ប្អូនៗថ្នាក់ទី១២ទាំងអស់ពីសំណាក់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ជាមួយគ្នានេះ, ឯកឧត្តមបណ្ឌិត កៅ ថាច បានធ្វើការណែនាំក៏ដូចជាពាក្យដាស់តឿនដាស់ស្មារតីដល់ប្អូនៗថ្នាក់ទី១២ ឱ្យមានការប្រុងប្រយ័ត្ន និងត្រៀមឱ្យបានរៀបរយនូវសម្ភារៈទាំងឡាយ មុនពេលប្រឡង និងពេលប្រឡងត្រូវយកចិត្តទុកដាក់ ផ្ចង់ស្មារតី និងមានសមាធិ ពេលកំពុងប្រឡង។
បន្ថែមលើនេះ, ឯកឧត្តមបណ្ឌិត កៅ ថាច បានផ្តល់ក្តីសង្ឃឹមយ៉ាងមុតមាំចំពោះប្អូនៗ សម្រាប់ការត៏ស៊ូព្យាយាមរៀនសូត្រ ក្នុងរយៈពេលកន្លងមកនេះ តាមរយៈកម្មវិធីសាលា និងតាមរយៈកម្មវិធីវគ្គបំប៉នពិសេស ហើយប្អូនៗនឹងទទួលបានជោគជ័យ សម្រាប់ការប្រឡងបាក់ឌុបនាពេលខាងមុខជាក់ជាមិនខាន។
ក្នុងឱកាសនោះ ក្នុងនាមឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន, ឯកឧត្តមបណ្ឌិត កៅ ថាច បានធ្វើការឧបត្ថម្ភថវិកាមួយចំនួន សម្រាប់វិទ្យាល័យទាំងពីរ សម្រាប់ធ្វើការចំណាយចាំបាច់នានា៕