ឯកឧត្តម​រដ្ឋមន្ត្រី​ ថោ ជេដ្ឋា​ អញ្ជើញចុះពិនិត្យ​​​ស្ថានភាពទឹក​ស្ទឹងព្រែកត្នោត​ និង​ស្ថានភាព​​ទំនប់អាងទឹកតាសាល ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ស្ពឺ


នៅព្រឹកថ្ងៃ​ចន្ទ​រោច​ ខែ​ភទ្របទ​ ឆ្នាំ​រោង​ ឆស័ក​ ពុទ្ធសករាជ ២៥៦៨​ ត្រូវនឹងថ្ងៃទី​៣០​ ខែ​កញ្ញា​ ឆ្នាំ​២០២៤​នេះ​ ឯកឧត្តម​ ថោ ជេដ្ឋា​ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ អមដំណើរ​ដោយឯកឧត្តម​រដ្ឋលេខាធិការ​ប្រចាំការ​​ ឯកឧត្តម​ជាថ្នាក់ដឹកនាំ​ មន្ត្រី​ជំនាញ​ក្រសួង​ និង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ស្ពឺ​បានអញ្ជើញចុះ​ពិនិត្យជាក់ស្តែង​ស្ថានភាពទឹកស្ទឹងព្រែកត្នោត​ និង​ស្ថានភាព​​​ទំនប់អាងទឹកតាសាល ស្ថិតក្នុងភូមិអូរអញ្ចាញ ឃុំតាសាល ស្រុកឱរ៉ាល់​ ខេត្តកំពង់ស្ពឺ​។​

 

សូមជម្រាបថា ទំនប់អាងទឹកតាសាលត្រូវបានសាងសង់ឡើងកាលពីឆ្នាំ២០១១ក្រោមហិរញ្ញប្បទាន​របស់រដ្ឋាភិបាល​នៃ​​សាធារណរដ្ឋឥណ្ឌា​ មានសមត្ថភាពស្តុកទឹកបានប្រមាណ ១៥០លានម៉ែត្រគូប មានផ្ទៃរងទឹកភ្លៀង​ ​៤៦៥គីឡូម៉ែត្រការ៉េ និង​មាន​សំណង់​សំខាន់ៗ​​ដូចជា​​៖ ទំនប់បេតុង​ប្រវែង ៧២០ម៉ែត្រមាន​កម្ពស់ ២១ម៉ែត្រនិង​ខ្នងលើ​ ៦ម៉ែត្រ​ និង​​​ទំនប់បង្ហៀរប្រវែង ៩២,៥០​ម៉ែត្រ ព្រមទាំងសំណង់សិល្បការ្យ​មួយចំនួនទៀត។ស្ថានភាពទឹកនៅពេលបច្ចុប្បន្ន​នេះ​មានកម្រិតប្រមាណ៣៥%។​​

ឯកឧត្តម​រដ្ឋមន្ត្រី​បានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា​ ទំនប់អាងទឹកតាសាលដ៏មានសក្តានុពល​បាន​ដើរតួនាទីយ៉ាង​សំខាន់​ក្នុងការ​ជួយកាត់បន្ថយទឹកជំនន់ស្ទឹងព្រែកត្នោត និង​​ការ​រក្សាទឹកទុកសម្រាប់​បម្រើឱ្យពហុវិស័យ ជាពិសេសវិស័យកសិកម្ម​​និងប្រព័ន្ធអេកូឡូស៊ី ព្រមទាំងផ្តល់ទឹកសម្រាប់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូន​ប្រជាពលរដ្ឋនៅតាមដងស្ទឹងព្រែកត្នោតក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ​ ខេត្តតាកែវខេត្តកណ្តាល និង​រាជធានីភ្នំពេញ និង​ជារមណីយដ្ឋានធម្មជាតិដ៏ពេញនិយមមួយនាពេលបច្ចុប្បន្នផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី​ក៏បានណែនាំ​ឱ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ និងមន្រ្តីបច្ចេកទេសពាក់ព័ន្ធទាំងអស់​ត្រូវបង្កើនការ​យកចិត្តទុកដាក់បន្ថែមទៀត​ ក្នុងការ​តាមដានការព្យាករពីស្ថានភាពធាតុអាកាស ការគ្រប់គ្រងទំនប់អាងទឹក​តាសាល​ ការចែករម្លែកនិង​ផ្ដល់ព័ត៌មានពីកម្ពស់ទឹក ធារទឹក​ និង​បរិមាណទឹកភ្លៀង​​នៅ​ផ្នែកខាងលើនិងខាងក្រោមនៃស្ទឹងព្រែកត្នោត​ទាំងមូល​ ជាពិសេស​ការគ្រប់គ្រងទ្វារទឹកនៅក្នុងការប្រតិបត្តិការបិទបើកទឹក ដើម្បីពង្រឹងការគ្រប់គ្រងទឹកជំនន់ និងកាត់បន្ថយហានិភ័យ និងផលប៉ះពាល់ពីគ្រោះទឹកជំនន់ដែលអាចកើតមានឡើងជាយថាហេតុ​ដល់បណ្តា​តំបន់ភូមិសាស្ត្រនៅ​ផ្នែកខាងក្រោមស្ទឹង។

សូមបញ្ជាក់ថា ទំនប់អាងទឹកនេះ​បានទួលប្រភពទឹកពីស្ទឹងតាសាល និងផ្ទៃរងទឹកភ្លៀងក្នុងតំបន់ សម្រាប់ការ​ប្រើប្រាស់ពហុបំណងគឺជា​ទំនប់ការពារនិងគ្រប់គ្រងទឹកជំនន់ស្ទឹងព្រែកត្នោត​ និងជាប្រភពទឹក​សម្រាប់ស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលកសិកម្មនិងការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ​។​ ប្រភពទឹកនៃទំនប់អាងទឹកតាសាលអាចជួយស្រោចស្រពបន្ថែមលើប្រព័ន្ធធារាសាស្ត្ររលាំងជ្រៃខាងជើង និងរលាំងជ្រៃខាងត្បូងបានមួយចំនួនថែមទៀត និង​​ជួយផ្គត់ផ្គង់តម្រូវការប្រើប្រាស់បំពេញបន្ថែមផ្នែកខាងក្រោមនៅរដូវប្រាំង។

នៅរសៀលថ្ងៃដដែល​ ឯកឧត្តម​រដ្ឋមន្ត្រី​ និង​ក្រុមការងារ​បានអញ្ជើញចុះពិនិត្យ​វឌ្ឍនភាពគម្រោង​សាងសង់សំណង់ស្ទាក់ទឹក​ និង​ប្រព័ន្ធរំដោះទឹកស្ទឹងតូច​ ក្នុងឃុំរលាំងចក​ ស្រុកសំរោងទង​ ខេត្តកំពង់ស្ពឺ​។

សូមជម្រាបថា​ អនុគម្រោងរំដោះទឹកស្ទឹងតូច​នេះជាផ្នែកមួយ​នៃគម្រោងប្រព័ន្ធរំដោះទឹក និង​ពង្វាងទឹកស្ទឹងព្រែកត្នោត​ចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និង​តំបន់រណប​ ដែល​មានសក្តានុពលពង្វាងទឹកពីស្ទឹងព្រែកត្នោតក្នុងភូមិស្រែកក់ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បាន​ប្រមាណ ៣០០ម៉ែត្រគូបក្នុង១វិនាទី តាមស្ទឹងតូចក្នុងខេត្តកំពង់ស្ពឺ និង​ខេត្តកណ្តាល ដោយហូរធ្លាក់ទៅទន្លេបាទីក្នុងខេត្តតាកែវ និងបន្តហូរ​ធ្លាក់ទៅទន្លេបាសាក់។ ការងារសំខាន់ៗ រួមមាន​៖​ ទី​១)ស្តារស្ទឹងតូចប្រវែង ៥១គីឡូម៉ែត្រ និង​​ទី​២)ជួសជុលនិងសាងសង់សំណង់សិល្បការ្យ​សរុប ៦៨កន្លែង ក្នុងនោះមាន​សំណង់ស្ទាក់ទឹក​ ១កន្លែង​ មានទ្វារទឹកចំនួន៥។ គិតមកដល់ពេល​នេះ​វឌ្ឍនភាពការងារសម្រេចបានប្រមាណ​ ៩០%។

ឆ្លៀតក្នុងឱកាសនោះ​ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើ​ដល់ក្រុមការងារសាងសង់​​ឱ្យ​បង្កើនការ​យកចិត្តទុកដាក់លើគុណភាព​ ​បទដ្ឋាន​បច្ចេកទេស​ និង​ជំរុញអនុវត្តការងារឱ្យសម្រេចបានតាមផែន​ការគ្រោងទុក ព្រមទាំង​​បាន​សំណូមពរដល់អាជ្ញាធរមូលដ្ឋាន និង​ប្រជាពលរដ្ឋ​ដែលរស់នៅក្នុងតំបន់សូមបន្តចូលរួមសហការឱ្យបានជិតស្និទ្ធ​ ដើម្បីឱ្យដំណើរការសាងសង់សម្រេច​បានជោគជ័យ​​ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីធានានូវសុវត្ថិភាពសន្តិសុខទឹក​ជូនដល់ភូមិសាស្ត្រ​​រាជធានីភ្នំពេញ និង​តំបន់រណប​​