ឯកឧត្តម កែ គឹមយ៉ាន តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តរក្សាបាននូវសន្តិភាព សុខសាន្ត និងរីកចម្រើនដល់ប្រទេសជាតិដូចនេះសូមប្រជាពលរដ្ឋយើងទាំងអស់ត្រូវបន្តចូលរួមថែរក្សាសន្តិភាពនេះឱ្យរស់គង់វង្សព្រោះថាអ្វីៗទាំងអស់រស់បានតែនៅក្នុងសន្តិភាព «មានសន្តិភាពមានការអភិវឌ្ឍ និងមានជីវិត»។
ការថ្លែងបែបនេះរបស់ឯកឧត្តម កែ គឹមយ៉ាន បានធ្វើឡើងនៅក្នុងពេលដែលឯកឧត្តមដឹកនាំក្រុមការងារ និងអាជ្ញាធរដែនដីបានរៀបចំពិធីបុណ្យកាន់បិណ្ឌវេនទី១៣ នៅវត្តនិមិត្តសុធីរាម (វត្តកូនដំរី) ស្ថិតនៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤។
ក្នុងឱកាសនោះឯកឧត្តម កែ គឹមយ៉ាន បាននាំមកនូវបណ្តាំផ្ញើរសួរសុខទុក្ខនឹករលឹកពរជ័យពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្រ្តី និងថ្នាក់ដឹកនាំជូនចំពោះមហាគ្រួសារអ្នកបន្ទាយមានជ័យទាំងអស់។
ជាមួយគ្នានេះ ឯកឧត្តម កែ គឹមយ៉ាន បានបូជាទៀនធូបផ្កាភ្ញីចំពោះព្រះរតនត្រៃ រាប់បាត្រ និងបាននាំយកនូវទេយ្យទានគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ វេរប្រគេនដល់ព្រះសង្ឃ និងបច្ច័យកសាង ២៥លានរៀល ប្រាក់ដុល្លា៥០០ ស៊ីម៉ង់៤០តោន ព្រមទាំងចែកអំណោយដល់ប្រជាពលរដ្ឋចូលរួមផងដែរ។
ឯកឧត្តម កែ គឹមយ៉ាន បានឧទ្ទិសនូវកុសលផលបុណ្យក្នុងឱកាសនោះ ជូនទៅដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន មានមាតាបិតា ជីដូនជីតា ញាតិកាទាំង៧សន្ដាន និងឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុជាតិ និងប្រជាជន សូមឱ្យដួងវិញាណក្ខន្ធអស់លោកទាំងអស់ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕