ឯកឧត្ដម ចាន់ ស៊ីណាត​ រដ្ឋលេខាធិការ​ អញ្ជើញ​​ធ្វើទស្សនកិច្ច​នៅទីស្នាក់ការកណ្តាល​ស្ថាប័ន​ឧតុនិយម​ជាតិ​ និង​អន្តរជាតិ​បារាំង​ ក្នុងទីក្រុង​ Toulouse


នៅថ្ងៃ​ពុធ ១៥រោច ខែ​ភទ្របទ​ ឆ្នាំ​រោង​ ឆស័ក ពុទ្ធសករាជ ២៥៦៨​ ត្រូវនឹងថ្ងៃទី​២ ខែតុលា ឆ្នាំ​២០២៤នេះ ក្នុងដំណើរបំពេញបេសកកម្ម​ការងារនៅ​សាធារណរដ្ឋបារាំង​ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ​ ក្នុងនាមតំណាងឯកឧត្តម​ ថោ ជេដ្ឋា​ រដ្ឋមន្ត្រី​ក្រសួងធនធានទឹក និងឧតុនិយម បានបន្តដឹកនាំគណៈប្រតិភូក្រសួង​ធ្វើទស្សនកិច្ច​ស្វែងយល់​សកម្មភាពសំខាន់ៗរបស់មជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធន​ធាន​ទឹក​ និងឧតុនិយមនៃទីស្នាក់ការកណ្តាលរបស់ស្ថាប័នឧតុនិយមជាតិ និងអន្តរជាតិរបស់ប្រទេសបារាំង(MF&MFI) ក្នុងទីក្រុង Toulouse។

ឯកឧត្តម​រដ្ឋលេខាធិការ​បានឱ្យដឹងថា គណៈប្រតិភូ​បានស្វែងយល់ពី​បច្ចេកវិទ្យា​ព្យាករណ៍ដ៏ទំនើប និង​ប្រព័ន្ធរ៉ាដា​​គ្រប់ប្រភេទក្នុងវិស័យឧតុនិយម ការប្រមូលព័ត៌មានគ្រប់ម៉ូដែល ការគណនា និង​ប្រើប្រាស់​បណ្តាព័ត៌មានដែលប្រមូលបាន ការផ្សព្វផ្សាយក្នុងក្របខ័ណ្ឌជាតិនិងអន្តរជាតិ​ ជាពិសេសនៅ​បណ្តាប្រទេសក្នុងតំបន់សហភាព​អឺរ៉ុប(EU) ដោយឯករាជ្យ ការកែលម្អជាប្រចាំលើគ្រប់ប្រព័ន្ធ និងការបណ្តុះបណ្តាលពង្រឹងសមត្ថភាពគ្រប់ពេលវេលា។

ឯកឧត្តម​រដ្ឋលេខាធិការបានបញ្ជាក់ថា​ ស្ថាប័ន​ឧតុនិយមជាតិ​ និង​អន្តរជាតិបារាំង (MF&MFI) នឹងធ្វើការពង្រឹងទ្វេដងលើកិច្ចសហប្រតិបត្តិការជាមួយក្រសួងធនធានទឹក និងឧតុនិយម ក្នុងការរៀបចំលើគ្រប់វិស័យនៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹកនៅ​ព្រះរាជាណាចក្រកម្ពុជា៕