នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤នេះ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ លោកស្រី Ruth Porat ប្រធានផ្នែកវិនិយោគក្រុមហ៊ុន Alphabet និងក្រុមហ៊ុន Google។
នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហការនាពេលកន្លងមក ព្រមទាំងកាលានុវត្តភាពនាពេលអនាគត រួមមានការបណ្តុះបណ្តុះបណ្តាលមូលធនមនុស្សនៅក្នុងតំបន់អាស៊ាន ការជំរុញបរិវត្តកម្មឌីជីថលរបស់អាស៊ាន និងការអភិវឌ្ឍសេដ្ឋកិច្ច ជាដើម។
នៅថ្ងៃដដែលនេះ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ក៏បានថ្លែងសន្ទរកថាបើកក្នុងវេទិកាកាលានុវត្តភាពបញ្ញាសិប្បនិម្មិត (AI)។ ព្រឹត្តិការណ៍នេះ មានអ្នកចូលរួមជាតួអង្គពាក់ព័ន្ធក្នុងតំបន់សំខាន់ៗ មកពិភាក្សាអំពីគោលនយោបាយ AI និងបានរិះរកអត្ថប្រយោជន៍តាមរយៈការចែករំលែកបទពិសោធន៍។ ដឹកនាំដោយមូលនិធិអាស៊ាន និងគាំទ្រដោយ Google គំនិតផ្តួចផ្តើមនេះ សំដៅបំពាក់មនុស្សចំនួន ៥,៥ លាននាក់ ជាមួយនឹងជំនាញ AI ចាំបាច់។
ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានកោតសរសើរកិច្ចសហការរវាងមូលនិធិអាស៊ាន និងក្រុមហ៊ុន Google ដោយគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់ AI ក្នុងការជំរុញភាពប្រកួតប្រជែង និងការត្រៀមខ្លួនសម្រាប់ពេលអនាគតរបស់អាស៊ាន។
លុះនៅរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានអញ្ជើញពិសាបាយការងាររៀបចំដោយ លោក Lee Jang-keun ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំអាស៊ាន។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីទំនាក់ទំនងអាស៊ាន-សាធារណរដ្ឋកូរ៉េ រួមទាំង សមិទ្ធផលដែលអាចសម្រេចបាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េលើកទី ២៥ ដើម្បីប្រារព្វខួបអនុស្សាវរីយ៍លើកទី ៣៥ នៃទំនាក់ទំនងអាស៊ាន-សាធារណរដ្ឋកូរ៉េ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសឡាវ នាពេលខាងមុខនេះ។
តមកទៀត ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយ លោក Jalal Mirzayev ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ប្រចាំអាស៊ាន។ នៅក្នុងឱកាសនោះ ឯកអគ្គរដ្ឋទូត បានប្រគល់លិខិតអញ្ជើញអគ្គលេខាធិការអាស៊ាន ចូលរួមសម័យប្រជុំលើកទី២៩ នៃសន្និសីទភាគីអនុសញ្ញាក្របខណ្ឌអង្គការសហប្រជាជាតិ ស្តីពីការបម្រែបម្រួលអាកាសធាតុ (COP29) ដែលនឹងរៀបចំដោយប្រទេសអាស៊ែបៃហ្សង់ នៅខែវិច្ឆិកាខាងមុខ។
ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈជុំវិញវិធីដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអាស៊ាន-អាស៊ែបៃហ្សង់ និងបានពិភាក្សាអំពីកិច្ចសហការដែលអាចធ្វើទៅបាន ក្នុងការដោះស្រាយការបម្រែបម្រួលអាកាសធាតុ ជាដើម។ ឯកអគ្គរដ្ឋទូត ក៏បានជម្រាបជូនថា អាណត្តិរបស់គាត់នឹងត្រូវបញ្ចប់នាពេលឆាប់ៗខាងមុខ។ លោកអគ្គលេខាធិការអាស៊ាន បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក Jalal Mirzayev ក្នុងការស្វែងរកទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយអាស៊ាន និងជាមួយប្រទេសសមាជិកអាស៊ាន។
ក្រោយមកទៀត លោក Tarikul Islam ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបង់ក្លាដែសប្រចាំអាស៊ាន បានជូនសារតាំងដល់ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន។
ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានអបអរសាទរលោក Tarikul Islam សម្រាប់ការចាប់ផ្តើមភារកិច្ចថ្មី និងរំពឹងធ្វើការងារយ៉ាងជិតស្និទ្ធជាមួយគាត់ដើម្បីពង្រឹងទំនាក់ទំនងអាស៊ាន ជាមួយបង់ក្លាដែស។ អគ្គលេខាធិការអាស៊ាន បានសម្ដែងនូវអំណរគុណចំពោះតួនាទីដ៏សកម្មរបស់បង់ក្លាដែស ក្នុងការជំរុញទំនាក់ទំនងឲ្យកាន់តែមានអត្ថន័យ តាមរយៈការបង្កើតគម្រោង និងសកម្មភាពកិច្ចសហប្រតិបត្តិការជាក់ស្តែងនានា។
ឯកឧត្តមបានលើកទឹកចិត្តឲ្យបង់ក្លាដែស បន្តបង្កើតកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយអាស៊ាន ក្នុងវិស័យដែលមានប្រយោជន៍ទៅវិញទៅមក រួមទាំង ពាណិជ្ជកម្ម ការវិនិយោគ ការបម្រែបម្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព។ លោក Tarikul Islam បានលើកឡើងថា បង់ក្លាដែសផ្តល់សារៈសំខាន់ខ្ពស់ចំពោះទំនាក់ទំនងជាមួយអាស៊ាន។
ឯកឧត្តមបានបញ្ជាក់ឡើងវិញនូវការចាប់អារម្មណ៍របស់បង់ក្លាដែស ដើម្បីក្លាយជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន និងបានបង្ហាញពីការត្រៀមខ្លួនរួចរាល់ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងលេខាធិការដ្ឋានអាស៊ាន។ គាត់ក៏បានលើកឡើងថា បង់ក្លាដែស ចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន ក្នុងវិស័យផ្សេងៗ រួមមាន ICT ការផ្តល់អំណាចដល់ស្ត្រី ការបណ្តុះបណ្តាលអ្នកការទូត និងមុខងារសាធារណៈ ការអប់រំ ព្រមទាំង ការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ជាដើម។
ឯកឧត្តមបានជម្រាប់ជូនអំពីការចាប់អារម្មណ៍របស់បង់ក្លាដែស ក្នុងការចូលក្នុងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ផងដែរ។
សូមជម្រាបថា ប្រទេសបង់ក្លាដែស បានតែងតាំងឯកអគ្គរដ្ឋទូតទី១ ប្រចាំអាស៊ាន ក្នុងឆ្នាំ២០១៣។ គណៈកម្មាធិការអាស៊ានប្រចាំទីក្រុង Dhaka ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៤ ក្នុងគោលបំណងលើកមុខមាត់ និងកិច្ចសហប្រតិបត្តិការអាស៊ាន ជាមួយបង់ក្លាដែស នៅក្នុងប្រទេសម្ចាស់ផ្ទះ។
ដោយឡែក នៅរសៀលដដែលនោះ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយលោកស្រី Tiffany McDonald ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំអាស៊ាន។
នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរទស្សនៈអំពីទំនាក់ទំនងអាស៊ាន-អូស្ត្រាលី ជាពិសេស ការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលីលើកទី៤ នៅក្នុងខែតុលា នៅប្រទេសឡាវ។ ភាគីទាំងពីរក៏បានពិភាក្សាអំពីកម្មវិធីបណ្តោះអាសន្ននៃទស្សនកិច្ចការងារនាពេលខាងមុខរបស់ឯកឧត្តមអគ្គលេខាធិការអាស៊ាន ទៅប្រទេសអូស្ត្រាលី នៅចុងឆ្នាំនេះផងដែរ។
ជាមួយគ្នានេះនៅរសៀលនេះ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ក៏បានជួបពិភាក្សាការងារជាមួយលោក Jalal Mirzayev ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ប្រចាំអាស៊ាន។
នៅក្នុងឱកាសនោះ ឯកអគ្គរដ្ឋទូត បានប្រគល់លិខិតអញ្ជើញ អគ្គលេខាធិការអាស៊ាន ចូលរួមសម័យប្រជុំលើកទី២៩ នៃសន្និសីទភាគីអនុសញ្ញាក្របខណ្ឌអង្គការសហប្រជាជាតិ ស្តីពីការបម្រែបម្រួលអាកាសធាតុ (COP29) ដែលនឹងរៀបចំដោយប្រទេសអាស៊ែបៃហ្សង់ នៅខែវិច្ឆិកា ខាងមុខ។
ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈជុំវិញវិធីដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអាស៊ាន-អាស៊ែបៃហ្សង់ និងបានពិភាក្សាអំពីកិច្ចសហការដែលអាចធ្វើទៅបាន ក្នុងការដោះស្រាយការបម្រែបម្រួលអាកាសធាតុ ជាដើម។
ឯកអគ្គរដ្ឋទូត ក៏បានជម្រាបជូនថា អាណត្តិរបស់គាត់នឹងត្រូវបញ្ចប់នាពេលឆាប់ៗខាងមុខ។
ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក Jalal Mirzayev ក្នុងការស្វែងរកទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយអាស៊ាន និងជាមួយប្រទេសសមាជិកអាស៊ាន។