ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលដោយមានការណែនាំពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យអ្នកជំនាញទាំងអស់ ធ្វើការសិក្សាជាមួយអ្នកផ្គត់ផ្គង់ប្រេងពិភពលោក ដើម្បីសិក្សាបន្ថែមពីបញ្ហាប្រេងឥន្ធនៈ។
ឯកឧត្តម កែវ រតនៈ បានលើកឡើងយ៉ាងដូចនេះ នារសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤នេះ នាឱកាសអញ្ជើញលោកធ្វើបាឋកថា ស្តីពី «គោលនយោបាយថាមពលកម្ពុជា» នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ឯកឧត្តម កែវ រតនៈ បានថ្លែងដូចនេះថា តាំងពីចុងអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន, សម្តេចបានដាក់ការណែនាំឱ្យក្រសួងរ៉ែ និងថាមពល និងក្រសួងពាណិជ្ជកម្ម ធ្វើការរួមគ្នា ដើម្បីគិតពីស្ថានភាពថា ប្រសិនបើមានការបាត់ការផ្តត់ផ្គង់ពីបរទេសពីការទិញប្រេងចូល តើយើងត្រូវធ្វើយ៉ាងមិច តើការស្តុកទុកយ៉ាងមិច ដូចនេះហើយបានជាក្រសួងរ៉ែ និងថាមពល កំពុងធ្វើការជាមួយក្រុមហ៊ុន តូតាល់ កាល់តិច ភីធីធី និងក្រុមហ៊ុនផ្សេងៗទៀត ដើម្បីមើលពីស្ថានភាពនៃការបង្រុងថាមពលនេះ។
ឯកឧត្តម កែវ រតនៈ បានថ្លែងដូចនេះទៀតថា «រាជរដ្ឋាភិបាលដោយមានការណែនាំពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យអ្នកជំនាញទាំងអស់ ធ្វើការសិក្សាជាមួយអ្នកផ្គត់ផ្គង់ពិភពលោក (ផ្គត់ផ្គង់ប្រេង) មានតូតាល់ កាល់តិច ភីធីធី តេលា និងក្រុមហ៊ុននាំចូលប្រេងផ្សេងៗទៀត ដើម្បីមើលពីបញ្ហាប្រេងឥន្ធនៈនេះឯង»។
ជាមួយគ្នានោះ ឯកឧត្តម កែវ រតនៈ បានបញ្ជាក់ដែរថា កម្ពុជាតែងតែបញ្ចេញសំលេងសន្តិភាព ទៅកាន់ពិភពលោក តាមរយៈបទពិសោធន៍ជូរចត់របស់សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានឆ្លងកាត់ នឹងដឹកនាំជោគជ័យ គឺកម្ពុជាមិនចង់ឃើញមានប្រទេសណាមួយ វាយគ្នានោះទេ ព្រោះសង្គ្រាមនៅបស្ចឹមប្រទេស ក៏នឹងផ្តល់ផលអាក្រក់ដល់ប្រទេសកម្ពុជាផងដែរ ហើយកត្តាសន្តិភាពនេះហើយ គឺសម្តេចតេជោ ហ៊ុន សែន តែងតែចង់ឱ្យពិភពលោករកឱ្យបាននូវសន្តិភាព។
ឯកឧត្តម កែវ រតនៈ បានបន្ថែមថា កម្ពុជាកំពុងតែគិតគូររាល់ថ្ងៃពីបញ្ហាប្រេងឥន្ធនៈនេះ ហើយបញ្ជាធំដែលកំពុងតែពិបាកនោះ គឺអ្នកណាជាអ្នកផ្គត់ផ្គង់ ចេញថ្លៃរៀបចំផែរស្តុកប្រេងនេះ៕