កិច្ចប្រជុំលើកទី២ ថ្នាក់រដ្ឋមន្រ្តីកសិកម្មមកពីប្រទេសមហាអនុតំបន់ទន្លេមេគង្គ(កម្ពុជា ចិន ភូមា ឡាវ ថៃនិងវៀតណាម)


នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧ នៅសណ្ឋាគារ Angkor Palace ខេត្តសៀមរាប មានបើកកិច្ចប្រជុំលើកទី២ ថ្នាក់រដ្ឋមន្រ្តីកសិកម្មមកពីប្រទេសមហាអនុតំបន់ទន្លេមេគង្គ(កម្ពុជា ចិន ភូមា ឡាវ ថៃនិងវៀតណាម) ក្រោមប្រធានបទមហាអនុតំបន់ទន្លេមេគង្គឆ្ពោះទៅកាន់ខ្សែសង្វាក់តម្លៃផលិតកម្មកសិកម្មប្រកបដោយចីរភាព សុវត្ថិភាព និងបរិយាប័ន្ទ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ សហការជាមួយ ស្ថាប័នពាក់ព័ន្ធជាពិសេសធនាគារអភិវឌ្ឍន៍អាស៊ី។ កិច្ចប្រជុំនេះត្រូវបានបើកជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារ និងអភិវឌ្ឍកសិកម្មនិងជនបទ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា។មានមតិស្វាគមន៍យ៉ាងកក់ក្តៅទៅកាន់ប្រតិភូជាតិនិងអន្តរជាតិឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានជម្រាបជូនភ្ញៀវពីការវិវឌ្ឍ រីកចម្រើនទាំងផ្នែកសេដ្ឋកិច្ច នយោបាយ និងការទូត ដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំដោយគតិបណ្ឌិតរបស់សម្តេចតេជោសម្រេចបាន។ ដើម្បីឲ្យកិច្ចប្រជុំនេះផលិតបាននូវលទ្ធផលល្អប្រសើរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ ដល់អង្គពិធីយកទៅពិចារណា គិតគូ ដោះស្រាយ ដូចខាងក្រោម៖ ទី១. ជំរុញអនុម័តផែនការយុទ្ធសាស្រ្តអនុវត្តខ្សែសង្វាក់តម្លៃផលិតកម្មកសិកម្មប្រកបដោយ ស្ថេរភាព សុវត្ថិភាព និងភាតរបរិស្ថាន និងផែនការ សៀមរាប ២០១៨-២០២២ ដែលកំណត់ខ្សែសង្វាក់តម្លៃផលិតកម្មមានលក្ខណៈបរិយាប័ន្ទ សុខដុមនីយកម្មនៃស្តង់ដាសុវត្ថភាពអាហារ។
ទី២.ជំរុញនិងពង្រឹងភាពជាដៃគូវិស័យឯកជន និងសាធារណៈ ដោយមានការចូលរួមពីគ្រប់ភាគី ពាក់ព័ន្ធ វិស័យសាធារណៈ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល ពិសេស ពង្រឹងការត្រួតពិនិត្យ និងការគ្រប់គ្រងឲ្យមានប្រសិទ្ធភាព របស់ក្រុមការងារកសិកម្មនៃមហាអនុតំបន់មេគង្គ ដើម្បីសម្រេចបានជោគជ័យលើការអនុវត្តផែនការយុទ្ធសាស្រ្តនៃខ្សែសង្វាក់តម្លៃផលិតកម្មកសិកម្មប្រកបដោយសុវត្ថិភាព និងភាតរបរិស្ថានក្នុងមហាអនុតំបន់មេគង្គ និងផែនការសកម្មភាព សៀមរាប ២០១៨-២០២២នេះ។
ទី៣.បន្តដោះស្រាយរាល់បញ្ហាប្រឈមដែលបានជួបប្រទះដើម្បីបន្តធានាការអភិវឌ្ឍន៍សេដ្ឋកិច្ចបៃតង ការរក្សានិរន្តរភាពបរិស្ថាន និងបន្តរួមចំណែកដោះស្រាយរាល់បញ្ហាដែលបង្កការ ប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន និងធនធានធម្មជាតិ រួមទាំងការប្រែប្រួលអាកាសធាតុដោយផ្អែកលើក្របខ័ណ្ឌបច្ចេកទេស កិច្ចព្រមព្រៀងគោល នយោបាយចម្បងៗក្នុងតំបន់ និងពិភពលោក។
ទី៤.ធ្វើឱ្យប្រសើរឡើងនូវការចែករំលែកព័ត៌មានកសិកម្មដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសសមាជិក
ទី៥.លើកកម្ពស់ការត្រួតពិនិត្យជំងឺសត្វឆ្លងផ្អែកលើបទពិសោធន៍ និងថវិកាដែលបានស្នើឲ្យសាធារណរដ្ឋប្រជាមានិតចិនពិចារណាដឹកនាំលើការងារនេះ ដោយមានការចូលរួមយ៉ាង សកម្មពីប្រទេសសមាជិក។