ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ស្នើឱ្យក្រុមហ៊ុនពិចារណាកំណត់តម្លៃលំនៅឋានឱ្យសមស្រប តាមសមត្ថភាពប្រជាជនកម្ពុជា


នាឱកាសពិធីសម្ពោធជាផ្លូវការប៊ូយ៉ុងថោន នៅព្រឹកថ្ងៃទី០៨ ខែតុលានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើឱ្យក្រុមហ៊ុនពិចារណាកំណត់តម្លៃលំនៅឋានឱ្យសមស្រប តាមសមត្ថភាពប្រជាជនកម្ពុជា។ ឯកឧត្តមបានចូលរួមអបអរសាទរ និងកោតសរសើរចំពោះក្រុមហ៊ុនប៊ូយ៉ុង ដែលបានសហការយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចាត់ទុកការកសាងលំនៅឋានបែបនេះថា ជាការចូលរួមដ៏ត្រឹមត្រូវក្នុងការកសាងលំនៅឋានទំនើប ឆ្លើយតបតាមតម្រូវការជាក់ស្ដែងរបស់ប្រជាជនកម្ពុជា និងស្របតាមគោលដៅដែលរាជរដ្ឋាភិបាលកម្ពុជាចង់បាន។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី មានបំណងចង់បានស្ថាបត្យកម្មដូចប៊ូយ៉ុងថោននេះ ដើម្បីផ្លាស់ប្ដូរផ្នត់គំនិតរបស់ប្រជាជនកម្ពុជា ដោយចង់ឃើញប្រជាជនកម្ពុជានាថ្ងៃអនាគត ជាប្រជាជនដែលមានវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណីវាងវៃ និងសមត្ថភាពខ្ពស់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងអំណរគុណដល់ក្រុមហ៊ុនប៊ូយ៉ុង ដែលបានចូលរួមឆ្លើយតបនឹងទស្សនវិស័យវែងឆ្ងាយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ជាមួយនេះ លោករដ្ឋមន្ត្រី ក៏បានស្នើដល់ក្រុមហ៊ុនប៊ូយ៉ុងធ្វើយ៉ាងណាពិចារណាលើការកំណត់តម្លៃលំនៅឋានឱ្យបានសមរម្យ ស្របតាមលទ្ធភាព និងសមត្ថភាពជាក់ស្ដែង របស់ប្រជាជនកម្ពុជាផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងនៅជួយជ្រោមជ្រែងធ្វើយ៉ាងណារក្សាដំណើរការឧស្សាហកម្មសំណង់ ឧស្សាហកម្មអចលនទ្រព្យ ឧស្សាហកម្មគ្រឿងបង្គុំសំណង់ ឧស្សាហកម្មគ្រឿងសង្ហារឹម និងឧស្សាហកម្មគ្រឿងលម្អផ្ទះ ពីព្រោះឧស្សាហកម្មទាំងនេះ បានបង្កើតការងាររាប់ម៉ឺនកន្លែងដល់ប្រជាជនកម្ពុជា ដែលអាចធ្វើឱ្យប្រជាជនកម្ពុជាមានជីវភាពរស់នៅល្អប្រសើរ និងមានសុភមង្គលក្នុងក្រុមគ្រួសារ។

សូមជម្រាបថា ក្រុមហ៊ុន ប៊ូយ៉ុងថោន ដែលត្រូវបានសម្ពោធជាផ្លូវការនាពេលនេះ បង្ហាញអំពីទំនាក់ទំនងដ៏ល្អជាយូរឆ្នាំរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ជាពិសេស ប៊ូយ៉ុងថោន ក៏បង្ហាញឱ្យឃើញអំពីភាពរីកចម្រើនរបស់រាជធានីភ្នំពេញ ក៏ដូចជាប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះផងដែរ៕