អភិបាលខេត្តកំពង់ឆ្នាំងៈត្រីគឺជាម្ហូបអាហារប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទូទៅមិនអាចខ្វះបាន


កំពង់ឆ្នាំងៈឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានថ្លែងថាៈដើម្បីផ្គត់ផ្គង់ជីវភាពប្រជាពលរដ្ឋ រាជរដ្ឋាភិបាលដែលមានសម្តេចតេជោហ៊ុនសែនជាប្រមុខ សម្តេចតែងតែជំរុញអោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់និងផ្សព្វផ្សាយអោយប្រជាពលរដ្ឋបង្កើនការចិញ្ចឹមត្រីតាមស្រះនិងអាងក្នុងមូលដ្ឋានរបស់ខ្លួន ព្រោះត្រីជាអាហារប្រចាំថ្ងៃរបស់យើង មិនអាចខ្វះ បានឡើយ។

ឯកឧត្តមបានថ្លែងបែបនេះនាព្រឹកថ្ងៃទី៨ ខែកញ្ញាឆ្នាំ២០១៧ ក្នុងពិធីលែងកូនត្រីចំរុះចំនួន៣៥.០០០ក្បាលនៅក្នុងអាងស្តុបទឹកជ្វាំង ស្ថិតនៅក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ដោយមានការចូលរួមពីលោកអ៉ឹងទ្រីអនុប្រធានរដ្ឋបាលជលផលឯកឧត្តមលោកជំទាវអភិបាលរងខេត្តប្រធានអង្គភាពជុំវិញខេត្តនិងប្រជាពលរដ្ឋចូលរួម៤០០នាក់ផងដែរ។

ឯកឧត្តមឈួរ ច័ន្ទឌឿនក៏បាផ្តាំផ្ញើដល់ប្រជាពលរដ្ឋ គ្រប់រូបត្រូវចូលរួមថែរក្សាការពារមច្ឆាជាតិនៅគ្រប់ទីកន្លែងអោយបានគង់វង្សនិងមាននិរន្តភាព ដោយមិនត្រូវនាំគ្នាប្រើឧបករណ៍នេសាទដោយខុសច្បាប់ឡើយ និងត្រូវតែគោរពច្បាប់និងអនុវត្តច្បាប់ជលផលអោយបានម៉ឺងម៉ាត់នៅក្នុងរដូវបិតនេសាទ និងរដូវបើកការនេសាទខាងមុខនេះ។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំងបញ្ជាក់អោយដឹងថា៖ អាងទំនប់ទឹកជ្វាំងនេះ ពីមុនមកគ្រាន់តែជាអូរជ្រលងមួយតែប៉ុណ្ណោះ នៅឆ្នាំ១៩៧៧ ក្នុងរបបប៉ុលពតបានលើកជាទំនប់ទប់ទឹកឡើង ហើយនៅឆ្នាំ១៩៨១ លោក ពៅ ធឿន ជាមេឃុំរលាប្អៀរបច្ចុប្បន្នបាននាំប្រជាពលរដ្ឋស្តារទំបន់នេះឡើងវិញ ដើម្បីទប់ទឹកអោយបានច្រើនសំរាប់ស្រោចស្រពដីស្រែអោយបានដើមរដូវ ។ ក្រោយមកនៅក្នុងឆ្នាំ២០០៤ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីបានចុះមកពិនិត្យមើលទំនប់នេះ ហើយបានអោយក្រុមការងារសម្តេចជីកពង្រីកទំនប់ជ្វាំងនេះអោយបានធំដូចសព្វថ្ងៃនេះ ដែលមានទំហំរួម៣២ហិកតា មានជម្រៅទឹក៥ម៉ែត្រនៅក្នុងរដូវវស្សា និងជម្រៅ៤ម៉ែត្រនៅក្នុងរដូវប្រាំង ដែលអាចទប់ទឹកស្រោចដីស្រែប្រជាពលរដ្ឋចំនួន៣ឃុំ គឺឃុំរលាប្អៀរ ឃុំអណ្តូងស្នាយ និងឃុំគោកបន្ទាយ ប្រមាណជិត២ពាន់ហិកតា។ មិនតែប៉ុណ្ណោះអាងទំនប់ទឹកជ្វាំងនេះក៏ជាជម្រកត្រីដ៏សំខាន់ំយយផងដែរសំរាប់ផ្គត់ផ្គង់ជីវភាពប្រជាពលរដ្ឋ។ ដោយឡែកនៅក្នុងពេលនេះយើងនឹងលែងកូនត្រីចំរុះចំនួន៣៥.០០០ក្បាល នៅក្នុងទំនប់ទឹកជ្វាំងនេះ ដែលក្នុងនោះក៏មានកូនកង្កែប៥០០ក្បាល កូនកន្ធាយ១០ក្បាល និងកូនបង្គងចំនួន២ពាន់ក្បាលផងដែរ ដើម្បីទុកជូនប្រជាពលរដ្ឋនៅក្នុងសហគមន៍គ្រប់គ្រងការពារ និងនេសាទជាលក្ខណៈគ្រួសារផ្គត់ផ្គង់ជីវភាព ៕