នៅព្រឹកថ្ងៃទី ០៩ កញ្ញា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអនុញ្ញាតិឲ្យលោក ហុង ជុងហាយ សមាជិកការិយាល័យនយោបាយ និងជាលេខាបក្សទីក្រុង ហាណូយចូលជួបសំដែងការគួរសមនៅវិមានរដ្ឋាភិបាលសន្តិភាព។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចនេះ ដែលចំពេលនៃខួប៥០ឆ្នាំនៃ ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ហើយនេះក៍ជាក្របខណ្ឌនៃការផ្លាស់ប្តូរទស្សនកិច្ចរបស់មេ ដឹកនាំ នៃប្រទេសទាំងពីរផងដែរ។ ដំណើរទស្សនកិច្ចនេះ នឹងរួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងនៃ ប្រទេសទាំងពីរ និងម៉្យាងវិញទៀត គឺពង្រឹងទំនាក់ទំនងរវាងទីក្រុងភ្នំពេញ និងទីក្រុងហាណូយផងដែរ។
លោក ហុង ជុងហាយ បានចាប់អារម្មណ៍យ៉ាងខ្លាំងពីការរីកចំរើនរបស់កម្ពុជា ក៍ដូចជាការអភិវឌ្ឍន៍ របស់រាជធានីភ្នំពេញលើគ្រប់វិស័យ ដែលបានប្រែក្លាយសេដ្ឋកិច្ចកម្ពុជាមានការរីកចំរើនជាមួយនឹង កំណើនសេដ្ឋកិច្ចរហូតដល់៧%ក្នុងមួយឆ្នាំ និងមានការកែទម្រង់លើគ្រប់វិស័យទាំងសេវាកម្មកសិកម្ម និង ឧស្សាហកម្ម និងការរៀបចំក្រុងមានលក្ខណៈវិទ្យាសាស្ត្រ។ លោក ហុង ក៏បានកោតសរសើរចំពោះ តួនាទីកម្ពុជាដែលកាន់តែធំធេងនិងមានការទទួលស្គាល់ទាំងនៅលើវេទិកាតំបន់និងអន្តរជាតិ។ លោកក៍ បានកោតសរសើរការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានធ្វើអោយជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។ លោក ហុង ជុងហាយ បានកោតសរសើរ ផងដែរចំពោះការវិនិយោគលើបណ្តាញអគ្គីសនីដែលបានធ្វើយ៉ាងឆាប់រហ័ជួយសម្រលដល់អ្នកវិនិយោគទុន ក៏ដូចសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ផងដែរ។ ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចនៅកម្ពុជា គឺនឹងជួយដល់ ស្ថេរភាពនយោបាយ ដែលជំរុញដល់ការរីកចម្រើយ៉ាងឆាប់រហ័សរបស់ប្រទេសជាតិទាំងមូល។
ចំពោះគោលបំណងនៃដំណើរទស្សនិច្ចរបស់ លោក ហុង ជុងហាយ នៅក្រុងភ្នំពេញគឺដើម្បីធ្វើការផ្លាស់ប្តូរ បទពិសោធន៍ និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរនិងរីកចំរើន និង ពង្រឹងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងទីក្រុងភ្នំពេញ និងទីក្រុងហាណូយអោយកាន់តែស្អិតរមួត។ កន្លងមកក្រុងហាណូយក៍បានផ្តល់ផ្លូវមួយខ្សែគឺ មហាវិថីហាណូយ ដែលត្រូវបានពង្រីកចិញ្ចើមផ្លូវអោយ បានធំទូលាយងាយស្រួលបើកបរដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍។
សម្ដេចតេជោ បានមានប្រសាសន៍ថា បញ្ហានៅរាជធានីភ្នំពេញបច្ចុប្បន្នគឺបញ្ហាកកស្ទះចរាចរណ៍។ ប្រសិនបើ៥០%នៃម្ចាស់យានយន្តបើកបររថយន្តក្នុងពេលតែមួយ គឺនឹងធ្វើអោយកកស្ទះមិនអាចធ្វើ ដំណើររួចឡើយ។ រាជរដ្ឋាភិបាលបានខិតខំយកចិត្តទុកដាក់នឹងបានសិក្សាគម្រោងសាងខ្សែរថភ្លើងពី កណ្ដាលរាជធានីភ្នំពេញទៅព្រលានយន្តហោះ ដើម្បីកាត់បន្ថយការកស្ទះចរាចរណ៍ ហើយសង្ឃឹមថានឹង ជួយកាត់បន្ថយគ្រោះថ្នាក់នានា ព្រមទាំងជួយសម្រួលដល់ទេសចរណ៍ធ្វើដំណើរទៅព្រលានយន្តកាន់តែ ងាយស្រួល។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអរគុណចំពោះការផ្ដាំផ្ញើសួរសុខទុក្ខពីលោកអគ្គលេខាធិការបក្ស និងពី លោកនាយករដ្ឋមន្ត្រីវៀតណាម ង្វៀង ស៊ុនហ្វុក។ ទន្ទឹមនឹងការរីកចម្រើននានារបស់កម្ពុជាគឺ រាជរដ្ឋាភិបាលកំពុងពង្រីកទីផ្សារពាណិជ្ជកម្ម និងស្វែងរកទីផ្សារថ្មីថែមទៀតសម្រាប់នាំចេញ ផលិតផល កសិកម្ម។ សម្ដេចតេជោបាន បានស្នើអោយភាគីវៀតណាមជួយទិញកសិផលពីកម្ពុជា ដូចដែលសម្ដេច តេជោបានស្នើសុំទៅកាន់នាយករដ្ឋមន្ត្រីថៃអោយជួយទិញកសិផលកម្ពុជាក្នុងពេលដែលលោកនាយករដ្ឋមន្រ្តីថៃអញ្ជើញមកបំពេញទស្សនៈកិច្ចនៅកម្ពុជាកាលពីពេលថ្មីៗកន្លងមកនេះ។
មុននឹងបញ្ចប់កិច្ចពិភាក្សា លោក ហុង ជុងហាយ បានជូនពរសម្តេចតេជោនាយករដ្ឋមន្រ្តី ទទួលបានជោគជ័យជាបន្តទៀតនៅក្នុងការបោះឆ្នោតឆ្នាំ២០១៨ខាងមុខ។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោ ក៏បានផ្តាំផ្ញើសួរសុខទុក្ខទៅលោកអគ្គលេខាធិការបក្ស និង លោកនាយករដ្ឋមន្រ្តីវៀតណាមផងដែរ ហើយ សម្តេចតេជោ បានជូនពរអោយកិច្ចសហការរវាងទីក្រុងទាំងពីរទទួលបានជោគជ័យថ្មីៗថែមទៀត៕