តាមការបញ្ជាក់ពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក្នុងពិធីប្រណាំងទូកង បណ្ដែតប្រទីប និងអុចកាំជ្រួច ក្នុងឱកាសពិធីបុណ្យចេញព្រះវស្សា អមជាមួយការប្រគុំតន្រ្ដី និងតាំងពិព័រណ៍ ដែលបានធ្វើឡើងនៅក្រុងកំពង់ចាម នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ បានទាក់ទាញភ្ញៀវទេសចរឱ្យចូលរួមទស្សនា៣១៨,៩៧៥នាក់ និងភ្ញៀវទេសចរបរទេស១០៦នាក់។
ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានឱ្យដឹងថា «នៅក្នុងថ្ងៃនៃការរៀបចំប្រគុំតន្រ្ដី និងតាំងពិព័រណ៍ អបអរសាទរពិធីប្រណាំងទូកង បណ្ដែតប្រទីប និងអុចកាំជ្រួច ក្នុងឱកាសពិធីបុណ្យចេញព្រះវស្សា ថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៤ ចំនួនភ្ញៀវទេសចរដែលមកទស្សនាកម្សាន្ត និងស្នាក់នៅតាមផ្ទះសំណាក់ សណ្ឋាគារ សរុបមានចំនួន៣១៨,៩៧៥នាក់ ក្នុងនោះភ្ញៀវបរទេសមានចំនួន១០៦នាក់»។
សូមបញ្ជាក់ថា ពិធីប្រណាំងទូកង បណ្ដែតប្រទីប និងអុចកាំជ្រួច ក្នុងឱកាសពិធីបុណ្យចេញព្រះវស្សានៅខេត្តកំពង់ចាមនេះ ក៏មានការអញ្ជើញជាអធិបតីពីសំណាក់លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម តំណាងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម។
ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានចាត់ទុកពិធីប្រណាំងទូកង ទូកខ្នាតអន្តរជាតិនៅខេត្តកំពង់ចាមនេះ ជាការចូលរួមចំណែកថែរក្សាវប្បធម៌ ប្រពៃណី និងការលើកស្ទួយវិស័យកីឡាអុំទូករបស់ខ្មែរ និងមួយផ្នែកទៀតជាការរួមចំណែកក្នុងការផ្សព្វផ្សាយ ជំរុញនិងលើកស្ទួយវិស័យទេសចរណ៍ក្នុងស្រុក ឱ្យមានភាពទាក់ទាញដល់ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិឱ្យមកកម្សាន្ត និងទស្សនានៅខេត្តកំពង់ចាម ក្រោមបរិយាកាសស្និទ្ធស្នាល សប្បាយរីករាយ និងប្រកបដោយមោទកភាព៕