អនុវត្តតាមអនុសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ខូយ រីដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ និងមានការចូលរួមពីអនុប្រធាន សមាជិក សមាជិកា គណៈកម្មាធិការ មន្ត្រីប្រតិបត្តិសាខា ថ្នាក់ដឹកនាំមន្ទីរនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ រដ្ឋបាលស្រុកក្រុង ចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅ ព្រមទាំងនាំយកអំណោយមនុស្សធម៌ ចែកជូនចែកជូនអតីតយុទ្ធជន ចំនួន៦២៨គ្រួសារ រស់នៅភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ត្រយឹង ស្ថិតក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ២០គីឡូក្រាម និងមី១កេសតូច។
ឯកឧត្តម ខូយ រីដា បានថ្លែងថា ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានសម្តែងនូវក្តីសោមនស្សរីករាយ ការផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិតស្រឡាញ់ ជូនចំពោះបងប្អូនអតីតយុទ្ធជនទាំងអស់ ដែលរស់នៅក្នុងភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ត្រយឹង ទាំង៦២៨គ្រួសារ។
ជាមួយគ្នានោះ ឯកឧត្តមបានលើកទឹកចិត្តដល់បងប្អូនអតីតយុទ្ធជន ឱ្យយល់ច្បាស់ពីតម្លៃនៃសន្តិភាព បើទោះបីជាយើងមានការលំបាកខាងផ្នែកជីវភាពក៏ដោយ ក៏យើងមានឱកាសរស់នៅក្រោមម្លប់សុខសន្តិភាព មិនដូចនៅតាមបណ្តាប្រទេស ដែលមានប្រជាជន កុមារតូចជាច្រើន បាននឹងកំពុងរត់ភៀសខ្លួន ពីភ្លើងសង្គ្រាមនោះឡើយ។
ឯកឧត្តម ខូយ រីដា សូមឱ្យអតីតយុទ្ធជន គិតគូរពីបញ្ហាសុខភាព ព្រោះកត្តាសុខភាពនេះ អាចឱ្យយើងរួចផុតពីភាពក្រីក្របាន ដែលក្នុងនោះត្រូវបរិភោគទឹកស្អាត ទឹកដាំឆ្អិនល្អ ការរស់នៅមានអនាម័យ ប្រុងប្រយ័ត្នពីជំងឺឆ្លងនានា ជាពិសេសជំងឺមិនឆ្លង ដូចជាជំងឺទឹកនោមផ្អែម ជំងឺមហារីក ជំងឺបេះដូង សរសៃឈាម និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃជាដើម ដែលបង្កឡើងដោយការបរិភោគមិនបានត្រឹមត្រូវ។
ឯកឧត្តមបានជំរុញឱ្យអតីតយុទ្ធជន មករស់នៅជាអចិន្ត្រៃយ៍ ត្រូវខិតខំជំនះ តស៊ូ ឧស្សាហ៍ព្យាយាម ក្នុងដាំដុះបន្លែបង្ការ ឈើហូបផ្លែ ចិញ្ចឹមសត្វ និងបង្កើតមុខរបរផ្សេងៗទៀត ដើម្បីបង្កើនជីវភាពកាន់តែប្រសើរឡើង។ ជាមួយគ្នានោះត្រូវបន្តចូលរួមសហការក្នុងការថែរក្សាធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃ បង្ការទប់ស្កាត់នូវរាល់បទល្មើសខុសច្បាប់ ដូចជាគ្រឿងញៀន ក្មេងទំនើងជាដើម។
នៅចំពោះមុខនេះ ឯកឧត្តមសូមឱ្យអតីតយុទ្ធជនភូមិ ប៊ុនរ៉ានី សែនជ័យ ដំណាក់ត្រយឹង បន្តខិតខំជំរុញដោយធ្វើយ៉ាងណាប្រែក្លាយទៅជាភូមិមានសោភណ្ឌភាព បរិស្ថានស្អាតល្អ និងគ្មានសំរាម ហើយកាលណាភូមិដ្ឋានស្អាត នោះគឺនាំមកនូវសិរីសួស្តី និងសុភមង្គលក្នុងក្រុមគ្រួសារគ្រប់ៗគ្នា។
ឯកឧត្តមបានបញ្ជាក់ថា បើពិនិត្យជារួម ឃើញថាភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ត្រយឹង បានអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធរួមមានសាលារៀន មណ្ឌលសុខភាព វត្តអារាម ផ្លូវខ្វាត់ខ្វែង ប្រព័ន្ធភ្លើងអគ្គិសនី អណ្តូងទឹកប្រព័ន្ធទឹកស្អាត លំនៅឋានស្អាតសមរម្យ និងដីក្នុងមួយគ្រួសារ ១ហិកតាកន្លះ សម្រាប់ធ្វើការដាំដុះថែមទៀតផង ពុំមានអ្វីជាបញ្ហាប្រឈមនោះទេ ក្រៅពីនោះរដ្ឋបាលខេត្ត និងមន្ទីរអង្គភាព រដ្ឋបាលស្រុកក្រុង ក៏បានចងសម្ព័ន្ធមេត្រីភាព ក្នុងការជួយទំនុកបម្រុងជីវភាពជាបន្តបន្ទាប់ មិនដែលដាច់នោះឡើយ។ ភូមិប៊ុនរ៉ានី សែនជ័យ ដំណាក់ត្រយឹងនេះ គឺជាការផ្តួចផ្តើមឡើងពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានខិតខំប្រឹងប្រែង និងធ្វើការអភិវឌ្ឍន៍ដើម្បីផ្តល់ជូនដល់អតីតយុទ្ធជន នៃកងកម្លាំងប្រដាប់អាវុធទាំង៣ ដែលមានគុណបំណាច់យ៉ាងធំធេង ចំពោះជាតិ សាសនា និងព្រះមហាក្សត្រនាពេលកន្លងមក៕