ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានថ្លែងថា រាជរដ្ឋាភិបាលបាននិងកំពុងផ្តោតការយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពរបស់មនុស្សវ័យចាស់ ដែលក្នុងនោះមាន និវត្តន៍ជនជាមន្ត្រីរាជការស៊ីវិល និវត្តន៍ជនជាអតីតយុទ្ធជន ជនមានពិការភាព និងជនចាស់ជរាក្រីក្រគ្មានទីពឹង តាមរយៈការរៀបចំ នឹងដាក់ឱ្យអនុវត្តគោលនយោបាយ ផែនការយុទ្ធសាស្ត្រសម្រាប់មនុស្សវ័យចាស់ ការផ្តល់សេវាសង្គមកិច្ច និងការបើកផ្តល់របបគោលនយោបាយ ព្រមទាំងបានបង្កើតយន្តការនានា ដើម្បីបង្កើនប្រសិទ្ធភាព និងធានានូវតម្លាភាពក្នុងការអនុវត្តកម្មវិធីគោលនយោបាយសម្រាប់មនុស្សចាស់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ផងដែរ។
ឯកឧត្តមអភិបាលខេត្តបានថ្លែងបែបនេះ នៅក្នុងទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១ តុលា លើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ «មនុស្សចាស់ក្នុងបរិវត្តកម្មឌីជីថល» ដែលបានរៀបចំឡើង ដោយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកណ្ដាល នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ដោយមានការចូលរួមពី អភិបាលក្រុង-ស្រុក មន្ទីរជុំវិញខេត្ត និងជនវ័យចាស់ប្រមាណ ជា៣០០នាក់។
ឯកឧត្តមអភិបាលខេត្តបន្តថា ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១ តុលា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីឱកាស និងបញ្ហាប្រឈម របស់មនុស្សវ័យចាស់ និងជំរុញឱ្យគ្រួសារ សហគមន៍ និងគ្រប់ភាគីពាក់ព័ន្ធ យកចិត្តទុកដាក់គិតគូ និងដោះស្រាយការលំបាកនានារបស់មនុស្សវ័យចាស់ តាមរយៈការរៀបចំគោលនយោបាយ ការផ្តល់សេវានានាឆ្លើយតបនឹងតម្រូវការ និងការលើកកម្ពស់សុខុមាលភាពមនុស្សវ័យចាស់ឱ្យកាន់តែប្រសើរឡើង។
ជាមួយគ្នានេះលោក លី សុខធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានខេត្ត បានថ្លែងថា នៅក្នុងខេត្តកណ្តាល បានដោះស្រាយរបបគោលនយោបាយនានា ជូនដល់មនុស្សចាស់ជាអតីតមន្ត្រីរាជការស៊ីវិល និងអតីតកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទចំនួន ៧,០១៣នាក់ ចំណាយថវិកាក្នុង១ខែ ៦,៥៨៦,៤៨៥,៥០០ រៀល ក្នុងនោះរួមមាន៖ មន្ត្រីរាជការស៊ីវិលចូលនិវត្តន៍ និងជនបាត់បង់សម្បទាវិជ្ជាជីវៈចំនួន៤,៦៨៥នាក់ សរុបថវិកាចំនួន ៣,៩៥១,១១៨,៨០០រៀល។
សូមជម្រាបថា ខេត្តកណ្តាលមានប្រជាជនសរុបចំនួន ១,៣៨៤,៤០០នាក់ មនុស្សចាស់មានចំនួន ប្រមាណ ១៥៣,៤០០នាក់ ក្នុងនោះមនុស្សចាស់ជាអតីតមន្ត្រីរាជការ ស៊ីវិល ចូលនិវត្តន៍ និងជនបាត់បង់ សម្បទាវិជ្ជាជីវៈចំនួន ៤,៦៨៥នាក់ និងអតីតយុទ្ធជន ជានិវត្តជន និងបាត់បង់សមត្ថភាពការងារ ចំនួន២,៣២៨នាក់៕