(អូម៉ង់)៖ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជួបពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត Shaikh Dr Hilal Ali Zahir Al Hinai អនុប្រធានព្រឹទ្ធសភាអូម៉ង់ នៅវិមានព្រឹទ្ធសភា រដ្ឋធានីមូស្កាត់ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤។
ក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បានលើកឡើង អំពីការរីកចម្រើនលើគ្រប់វិស័យនៅកម្ពុជា និងជម្រាបជូន អនុប្រធានព្រឹទ្ធសភាអូម៉ង់ ពីវឌ្ឍនភាពនៃការអភិវឌ្ឍសហគមន៍ឥស្លាមកម្ពុជា ដែលទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល មានការរីកចម្រើន ដុះដាលជាច្រើនវិស័យ លើសពីសម័យណាៗទាំងអស់ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន ប្រទេសកម្ពុជា ទទួលបានសុខសន្តិភាព ព្រមទាំងបានធ្វើឲ្យមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដោយមិនមានការរើសអើងពូជសាសន៍ និងជម្លោះសាសនាឡើយ។
ឯកឧត្តមបណ្ឌិតបន្តថា សហគមន៍ឥស្លាមកម្ពុជា ត្រូវបានអនុញ្ញាតឲ្យមានតំណាងសហគមន៍ខ្មែរឥស្លាម ចូលរួមចំណែកការងារជាថ្នាក់ដឹកនាំនៅក្នុងបណ្តាស្ថាប័ន នីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ដើម្បីជួយសម្របសម្រួល និងដោះស្រាយរាល់បញ្ហាជូនសហគមន៍ឥស្លាមឲ្យបានទាន់ពេលវេលា។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានរំលេចដែរថា បច្ចុប្បន្នស្ថាប័នព្រឹទ្ធសភាកម្ពុជានីតិកាលទី៥ មានសមាជិកចំនួន ៦២រូប ក្នុងនោះមានថ្នាក់ដឹកនាំឥស្លាមចំនួន ៥រូប ដោយក្នុងចំណោម៥រូបនេះ ក៏មានស្ត្រី ១រូបផងដែរ។ ចំណែកសមាជិករដ្ឋសភា មានចំនួន១២៥រូប ក្នុងនោះមានថ្នាក់ដឹកនាំឥស្លាមចំនួន៦រូប ស្រី១រូប។
ជាការឆ្លើយតបបន្ទាប់ពីបានស្តាប់ការរៀបរាប់របស់ឯកឧត្តមទេសរដ្ឋមន្ត្រីខាងលើ អនុប្រធានព្រឹទ្ធសភាព បានបង្ហាញអារម្មណ៍សប្បាយរីករាយ ដែលបានទទួលព័ត៌មានស្តីអំពី សុខដុមនីយកម្មជាតិសាសន៍ និងសាសនា នៅកម្ពុជា ដែលបង្កើតឡើងដោយ រាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់លើគ្រប់សាសនាទាំងអស់ ហើយឯកឧត្តមក៏បានផ្តាំផ្ញើដល់យុវជនកម្ពុជា ត្រូវចូលរួមថែរក្សានូវអ្វីដែលទទួលបានពីរាជរដ្ឋាភិបាល ហើយតបស្នងទៅរាជរដ្ឋាភិបាលវិញ តាមរយៈការគាំទ្រ ហើយធ្វើកិច្ចការរួមជាមួយរាជរដ្ឋាភិបាលឱ្យបានល្អប្រសើរ។
ឯកឧត្តមបណ្ឌិតអនុប្រធានព្រឹទ្ធសភា ក៏បានរៀបរាប់ពីដំណើរការ នៃការរៀបចំស្ថាប័នរដ្ឋសភា និងព្រឹទ្ធសភា នៅអូម៉ង់ និងបានជូនទេសរដ្ឋមន្ត្រី អញ្ជើញទស្សនកិច្ចក្នុងវិមានព្រឹទ្ធសភាផងដែរ។
សូមជម្រាបថា ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បំពេញទស្សនកិច្ចការងារ នៅប្រទេសអូម៉ង់ ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិ ជាមួយភាគីអូម៉ង់ឲ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត ដោយជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់អូម៉ង់ជាច្រើនរូប៕