អភិបាលខេត្តកំពង់ចាម៖ គ្រប់សកម្មភាពរបស់មន្ត្រីយើង មានគោលដៅរួមតែមួយគត់ គឺដើម្បីផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋទូទៅក្នុងមូលដ្ឋាន


(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា វេទិការយៈពេលពេញមួយថ្ងៃកន្លះនេះ គ្រប់សកម្មភាពទាំងអស់ គឺធ្វើឡើងសម្រាប់តែគោលដៅរួម តែមួយគត់គឺ ដើម្បីផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋទូទៅក្នុងមូលដ្ឋាន។

ឯកឧត្តមអភិបាលខេត្ត បានលើកឡើងដូច្នេះ ខណៈពេលដែលឯកឧត្តម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតី បិទកម្មវិធីវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ប្រព្រឹត្តទៅនាថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៤ នៅសាលសន្និសីទ សាលាខេត្តកំពង់ចាម។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ដំណើការនៃការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរយៈពេល២០ឆ្នាំកន្លងមកនេះ យើងទាំងអស់គ្នា គឺពិតជាបានធ្វើដំណើរនៅលើកំណាត់ផ្លូវមួយដ៏សែនលំបាក ទំរាំយើងបានឈាន មកដល់ដំណាក់កាលទទួលបានផលជាផ្កាផ្លែដូចបច្ចុប្បន្ននេះ។

ឯកឧត្តមថា «ក្នុងន័យនេះ ខ្ញុំមានការកត់សំគាល់ឃើញថា យើងទាំងអស់គ្នាពិតជាបានធ្វើដំណើរលើកំណាត់ផ្លូវនេះទាំងរលាក់ផង មានបន្លាផង និងបត់បែនវែងឆ្ងាយ ហើយថែមទាំងមានការលះបង់ផ្សេងៗ។ មិនត្រឹមតែប៉ុណ្ណោះ មានឈានដល់ការដាក់ពិន័យ ការផ្លាស់ប្តូរ ឬការបញ្ចប់មុខតំណែងចាប់តាំងពីមន្ត្រី រហូតដល់ថ្នាក់ដឹកនាំ។ ទោះជាយ៉ាងណាក៏ដោយ តាមរយៈការឆ្លុះបញ្ចាំងអំពីអង្គវេទិកាថ្ងៃនេះ ដូចដែលយើងបានឃើញទាំងអស់គ្នារយៈពេលពេញ មួយថ្ងៃកន្លះនេះ គ្រប់សកម្មភាពទាំងអស់ គឺធ្វើឡើងសម្រាប់តែគោលដៅរួមមួយគត់គឺ ដើម្បីផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋទូទៅក្នុងមូលដ្ឋានយើង»

យ៉ាងណាមិញ បើការផ្សព្វផ្សាយរបស់យើងពាក់ព័ន្ធសកម្មភាពទាំងវឌ្ឍនភាព ទាំងកង្វល់ បញ្ហាប្រឈម និងទាំងដំណោះស្រាយនានា បានជ្រួតជ្រាប និងស៊ីជម្រៅដល់មូលដ្ឋាន នោះប្រជា-ពលរដ្ឋយើង ពិតជាសប្បាយចិត្ត និងមានការយល់ដឹងកាន់តែច្បាស់ថា អ្វីដែលយើងបាននិងកំពុងធ្វើ គឺពិតជាបានគិតគូរយកចិត្តទុកដាក់អំពីសុខទុក្ខ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់។ កត្តាទាំងអស់នេះហើយ នឹងធ្វើឱ្យពួកគាត់ចូលរួមជាមួយអាជ្ញាធរយើង យ៉ាងសកម្មជាក់ជាមិនខាន។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ផ្អែកតាមលទ្ធផលនៃកិច្ចប្រជុំថ្នាក់ឃុំ សង្កាត់ និងកិច្ចប្រជុំថ្នាក់ក្រុង ស្រុក និងរដ្ឋបាលខេត្ត តាមរយៈក្រុមការងារបច្ចេកទេសថ្នាក់ខេត្ត យើងទទួលបានសំណើ សំណូមពរ និងបញ្ហាប្រឈមមួយចំនួនដូចជា៖ ថ្នាក់ឃុំសង្កាត់ចំនួន ១៦បញ្ហាប្រឈម ថ្នាក់ក្រុង ស្រុក ចំនួន ១៧បញ្ហាប្រឈម និងថ្នាក់ខេត្តចំនួន២៣ បញ្ហាប្រឈម សរុបចំនួន ៥៦បញ្ហាប្រឈម។ សម្រាប់បញ្ហាប្រឈមទាំង៥៦ របស់រដ្ឋបាលគ្រប់ថ្នាក់នៃខេត្តកំពង់ចាម ត្រូវបានដាក់ជូនពិភាក្សា រកដំណោះសា្រយ ក្នុងអង្គវេទិការបស់យើង និងមានការចូលរួមយ៉ាងផុលផុសពីសមាជិក សមាជិកា នៃអង្គវេទិកា។ ដូចនេះ សម្រាប់បញ្ហាប្រឈមដែលស្នើសុំដោះស្រាយនៅថ្នាក់ខេត្ត និងត្រូវស្នើសុំទៅថ្នាក់ជាតិ៕