(ភ្នំពេញ)៖ កំណាត់ផ្លូវបេតុងអបប្រឡាយស្ទឹងមានជ័យ ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ដែលបានបាក់ស្រុតកាលពីជាង ១ខែមុននោះ បានជួសជុសស្ថាបនាឡើងវិញបានជាច្រើនភាគរយហើយ។
ដើម្បីជំរុញឲ្យការជួសជុស និងស្ថាបនាផ្លូវបេតុងនេះឡើងវិញ ទទួលបានគុណភាព ស្របតាមស្តង់ដាបច្ចេកទេសនោះ នាវេលាថ្ងៃត្រង់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ ចុះពិនិត្យមើលការដ្ឋាននេះដើម្បីពន្លឿនការជួសជុល និងបានណែនាំឲ្យក្រុមការងារស្ថាបនាកំណាត់ផ្លូវនេះ ធ្វើឲ្យបានលឿន ជាមួយនិងការអនុវត្តការងារទៅតាមស្តង់ដាបច្ចេកទេស។
ឯកឧត្តម ឃួង ស្រេង ក្នុងឱកាសនោះ បានណែនាំឲ្យក្រុមការងារយកចិត្តទុកដាក់អនុវត្តការងារនេះឲ្យបានល្អចំពោះទីតាំងផ្លូវបេតុងដែលស្រុត យើងបានកាយដីស្អុយចេញ ចាក់ខ្សាច់ កិនបង្ហាប់រួចរាល់ហើយ វាមិនមានបញ្ហា ត្រូវបាក់បន្តទៀតទេ។ អ្វីដែលជាបញ្ហានោះ គឺនៅទីតាំងជាប់ៗគ្នានេះ ក៏បានបាក់ស្រុតច្រាំងប្រឡាយដែរ ដូច្នេះស្នើឲ្យក្រុមការងារបន្តជីកាយ យកដីស្អុយចេញ ចាក់ខ្សាច់កិនបង្ហាប់ កុំឲ្យបាក់បន្ថែមដល់ផ្លូវបេតុងទៀត។ ក្រោយការចាក់ខ្សាច់កិនបង្ហាប់ហើយ យើងចាក់ផ្លូវបេតុងដូចមុនតែម្តង ដើម្បីសម្រួលដល់ការធ្វើដំណើរជូនប្រជាពលរដ្ឋ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា អនុវត្តតាមការណែនាំរបស់លោក ឃួង ស្រេង, ក្រុមការងារបានសម្រុកអនុវត្តការងារ ជួសជុស ស្ថាបនាផ្លូវបេតុងនេះឡើងវិញ យ៉ាងយកចិត្តទុកដាក់ ដោយយើងបានកាយដីស្អុយខាងក្រោមចេញអស់ ចាក់ខ្សាច់ចូល រួចកិនបង្ហាប់ ទោះទឹកហូរច្រោះ ខាងក្រោមក៏មិនមានបញ្ហាដែរ ព្រោះយើងបានជីកយកដីស្អុយចេញអស់ រហូតដល់ស្រទាប់ដីរឹងហើយ។
គួរបញ្ជាក់ថា កំណាត់ផ្លូវបេតុងអបប្រឡាយស្ទឹងមានជ័យ បានបាក់ស្រុតជាបណ្តើរៗ កាលពីថ្ងៃទី២៣ ខែកញ្ញា កន្លងមកនេះ។ ក្រោយទទួលបានព័ត៌មាននៃការបាក់ស្រុតនេះ លោកបានធ្វើដំណើរយ៉ាងបន្ទាន់ ចេញពីខេត្តមណ្ឌលគីរី ឆ្ពោះមកកាន់ភ្នំពេញ ដើម្បីដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដីចុះពិនិត្យមើលស្ថានភាព នៃការបាក់កំណាត់ផ្លូវបេតុងអបប្រឡាយស្ទឹងមានជ័យ។
ពេលនោះឯកឧត្តម ឃួង ស្រេង បានណែនាំឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ប្រើប្រាស់កម្លាំងជំនាញ ដាក់ប៉ារ៉ាសបិទផ្លូវ ធ្វើការជួសជុលកំណាត់ផ្លូវដែលបាក់ស្រុតនេះឡើងវិញភ្លាមៗ។
គួរបញ្ជាក់ទៀតថា កំណាត់ផ្លូវបេតុងដែលបាក់ស្រុតនេះមាន (ប្រវែង១៤៦ម៉ែត្រ ទទឹង៥ម៉ែត្រ) ស្ថិតនៅចំណុចខាងត្បូងស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។ ចំពោះមូលហេតុ នៃការបាក់ស្រុតផ្លូវនេះ គឺដោយសារភ្លៀងធ្លាក់ខ្លាំង និងជាប់គ្នាច្រើនថ្ងៃ ទើបបណ្ដាលឲ្យទឹកហូរច្រោះដីខាងក្រោមផ្លូវ និងបានធ្វើឲ្យដីទន់ជ្រាយរអិលទាំងតួថ្នល់ និងបេតុង ទើបមានការបាក់ស្រុតបែបនេះតែម្តង៕