ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ធំផ្តល់អំណោយជាសម្ភារសិក្សាដល់សិស្សានុសិស្សក្នុងឱកាសបវេសនកាលឆ្នាំសិក្សា២០២៤-២០២៥ នៅក្នុងស្រុកស្ទោង


នៅព្រឹកថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទោង បាននាំយកសម្ភារសិក្សា ដែលជាអំណោយរបស់ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទោង ទៅចែកជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈក្នុងបណ្តាឃុំនានានៃស្រុកស្ទោង ខេត្តកំពង់ធំ។

សូមជម្រាបថា អំណោយសម្ភារសិក្សាទាំងនេះត្រូវបានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទាំង១៣ នៃស្រុកស្ទោង នាំយកទៅប្រគល់ជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈក្នុងភូមិសាស្ត្រឃុំនីមួយៗ ក្នុងឱកាសបវេសនកាលឆ្នាំសិក្សាថ្មី២០២៤-២០២៥នេះ។

ក្នុងឱកាសនោះ តាមរយៈក្រុមការងារ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តាំផ្ញើនូវក្តីនឹករលឹក និងការសាកសួរសុខទុក្ខដល់មន្ត្រីអប់រំ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ មាតាបិតា សិស្សានុសិស្ស ព្រមទាំងអាជ្ញាធរមូលដ្ឋានទាំងអស់។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសម្រេចបាននាពេលកន្លងមក និងលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សឱ្យបន្តខិតខំបង្រៀន និងរៀនតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីក៏បានសំណូមពរដល់មាតាបិតា អាណាព្យាបាលសិស្សដែលគ្រប់អាយុចូលរៀនត្រូវនាំកូនទៅចុះឈ្មោះចូលរៀន និងបន្តផ្ដល់ការគាំទ្រ ការលើកទឹកចិត្ត និងការជួយបង្រៀនបន្ថែមតាមគ្រប់រូបភាពនៅឆ្នាំសិក្សាថ្មី២០២៤-២០២៥នេះទាំងអស់គ្នា។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ តាមរយៈការបន្តរិះរកវិធានការ និងយុទ្ធសាស្ត្របន្ថែមទៀត ដោយធ្វើយ៉ាងណាឱ្យសាលារៀនក្លាយជាអង្គភាពផ្តល់សេវាសាធារណៈដែលមានប្រសិទ្ធភាពខ្ពស់ អភិបាលកិច្ចល្អ និងមានគណនេយ្យភាពជាមួយនឹងប្រជាជន និងសហគមន៍។ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ត្រូវចាប់ផ្ដើមដំណើរការនៅទូទាំងប្រទេសថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០២៤ និងបញ្ចប់ទៅវិញនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ តាមកាលបរិច្ឆេទដូចជា ថ្ងៃបើកបវេសនកាលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ វិស្សមកាលតូចចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ និងមហាវិស្សមកាលចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥៕