ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើសុំឱ្យកីឡាករ កីឡាការិនី អុំទូក និងប្រជាពលរដ្ឋ ចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នា និងសុំឱ្យអាជីវករលក់ដូរទាំងអស់ កុំតម្លើងថ្លៃម្ហូបអាហារ ក្នុងឱកាស ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលនឹងប្រព្រឹត្តទៅនាប៉ុន្មានថ្ងៃខាងមុខនេះ។
ការស្នើសុំបែបនេះរបស់ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅរមណីដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ខណៈឯកឧត្តម និងលោកជំទាវ អញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពាលី សម្រាប់ការប្រណាំង ទូកថ្នាក់រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១២ វិច្ឆិកា ឆ្នាំ២០២៤ និងបួងសួងសុំសេចក្តីសុខជូនប្រជាពលរដ្ឋទាំងអស់ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នាពេលខាងមុខផង ក្នុងនាមរាជធានីភ្នំពេញ ជាម្ចាស់ផ្ទះជាកន្លែងប្រារពព្រះរាជពិធី។
ការប្រារព្ធពិធីបែបសាសនានេះ មានគោលបំណងសុំម្ចាស់ទឹកម្ចាស់ដីបារមីលោកយាយដូនពេញ សូមជួយតាមបីបាច់ថែរក្សាចំណុះទូក និងសុំឱ្យដំណើរការប្រារព្វព្រះរាជពិធីបុណ្យអុំទូកប្រព្រឹតទៅដោយរលូន និងជោគជ័យប្រកប ដោយសុខសុវត្ថិភាព និងប្រកបដោយភាពរីករាយស្និតស្នាល រក្សាបានប្រពៃណីទំនៀមទំលាប់ជាតិ និងសាមគ្គីភាព មិត្តភាព។
ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានថ្លែងក្នុងពិធីក្រុងពាលីថា សម្រាប់ការប្រណាំងទូកថ្នាក់រាជធានីភ្នំពេញថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ ភ្ញៀវជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋគ្រប់តំបន់ ដែលជាការរួមចំណែកថែរក្សានូវប្រពៃណីទំនៀមទំលាប់ជាតិតាំងពីយូរលង់មកហើយ។
ព្រះរាជពិធីបុណ្យនេះ មានបំណងបង្ហាញពីការរំលឹកដឹងគុណដល់កងទព័ជើងទឹកដ៏ខ្លាំងពូកែ ក្នុងបុព្វហេតុការពារបូរណៈភាពទឹកដីរបស់បុព្វបុរសខ្មែរច្រើនជំនាន់មកហើយ។ អត្ថន័យមួយទៀត គឺជាការបង្ហាញពីការដឹងគុណព្រះគង្គា ដែលបាននាំមកនូវទឹក និងដីល្បាប់ដ៏មានជីជាតិ សម្រាប់ផលដំណាំដាំដុះរបស់ប្រជាពលរដ្ឋយើង ក្នុងការលើកស្ទួយវិស័យកសិកម្មជាតិ ឱ្យមានការរីកចម្រើន។ ម៉្យាងទៀត ក៏ជាការផ្តល់ឱកាសសប្បាយរីករាយ និងសាមគ្គីភាព ក្នុងមហាគ្រួសារសំរាប់បងប្អូនប្រជាពលរដ្ឋខ្មែរ ក្នុងសុខសន្តិភាពដ៏បរិបូណ៌ រួមទាំងដំណើរការអភិវឌ្ឍន៏ប្រទេសជាតិយ៉ាងឆាប់រហ័សពិសេសនៅរាជធានីភ្នំពេញក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
ឯកឧត្តម ឃួង ស្រេង ក៏បានណែនាំឱ្យអាជ្ញាធរ កងកម្លាំងទាំងអស់ ត្រូវពង្រឹងសន្តិសុខ សុវត្ថិភាព ទប់ស្កាត់បទល្មើសលួច ឆក់ ប្លន់ ការពារបងប្អូនប្រជាពលរដ្ឋដែលមកលេងកម្សាន្តនៅព្រះរាជពិធីបុណ្យអុំទូកនេះ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អនុវត្តតាមអនុសាសន៍ណែនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានត្រៀមរួចរាល់ហើយ ក្នុងការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ជូនប្រជាពលរដ្ឋមកលេងបុណ្យអុំទូកឆ្នាំនេះ ឱ្យទទួលបានភាពសប្បាយរីករាយ។
ឯកឧត្តម ឃួង ស្រេង ក៏បានអំពាវនាវបន្ថែមទៀតដល់បងប្អូនជាកីឡាករ កីឡាការិនីអុំទូកទាំងអស់ ត្រូវប្រកាន់ភ្ជាប់នូវអនាម័យល្អ ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងសម្រាកឱ្យបានគ្រប់គ្រាន់ចៀសវាង ផលប៉ះពាល់ដល់សុខភាពដែលវានឹងប៉ះពាល់ដល់ការប្រកួត រួមទាំងការពង្រឹងសាមគ្គីភាពក្នុងចំណោមបងប្អូនកីឡាករទាំងអស់ដោយក្តីយោគយល់ និងអធ្យាស្រ័យគ្នា ដើម្បីរួមគ្នាលើកតំកើងប្រពៃណីទំនៀមទំលាប់ជាតិ។
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានឱ្យដឹងថា ទូកទាំងអស់ ដែលត្រូវប្រណាំង ក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ មានចំនួន៤៤ទូក មកពី១២ខណ្ឌ ក្នុងចំណោម១៤ខណ្ឌ ក្នុងរាជធានីភ្នំពេញ ដោយបានចែកចេញជា៣ប្រភេទ គឺទូកអុំខ្នាតអន្តរជាតិ, ទូកអុំបុរស និងទូកចែវបុរស ដោយមាន កីឡាករ កីឡាការិនីសរុបចំនួន៣១៩៣នាក់ ស្រី៩២នាក់៕