ឯកឧត្តម​រដ្ឋមន្ត្រី​ ថោ ជេដ្ឋា​ ទទួលជួបសម្តែងការគួរសម និង​​ពិភាក្សាការងារជាមួយលោក​ Andrew Brown ប្រធាន​ក្រុមហ៊ុន​ Delphos


នៅរសៀល​ថ្ងៃ​ពុធ ៥រោច​ ខែ​កត្ដិក​ ឆ្នាំ​រោង​ ឆស័ក​ ពុទ្ធសករាជ​ ២៥៦៨​ ត្រូវនឹងថ្ងៃទី​២០​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៤​ នេះ នៅទីស្ដីការក្រសួង​ ឯកឧត្តម​ ថោ ជេដ្ឋា​ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ បានអនុញ្ញាតឱ្យ​លោក​ ​Andrew Brown ប្រធានក្រុមហ៊ុន​ Delphos និង​សហការី​​ចូលជួបសម្តែងការគួរសម និង​ពិភាក្សាការងារ​​​។

ក្នុងឱកាសនោះ​​ ឯកឧត្ដមរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្ដៅ​ដល់គណៈ​ប្រតិភូតំណាងក្រុមហ៊ុន​ Delphos និងបានថ្លែងអំណរគុណចំពោះកិច្ចសហការរបស់ក្រុមហ៊ុន​ក្នុងការ​កៀរគរទុនវិនិយោគសម្រាប់​គម្រោងនានា​នៅ​កម្ពុជា​ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល​ក្នុងការជំរុញកំណើន​សេដ្ឋកិច្ច​ ​សម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ​២០៣០ និង​ឆ្នាំ​២០៥០។​​

ឯកឧត្តម​រដ្ឋមន្ត្រីបានជម្រាបតំណាងក្រុមហ៊ុនថា​ ក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាល​ ក្រសួង​ធនធានទឹក និង​ឧតុនិយម​ ​បានកំណត់​នូវចក្ខុវិស័យ​ស​ម្រាប់ការដឹកនាំ កំណត់នូវ​អាទិភាព​ការងារ​ និង​បាន​ដាក់ចេញនូវផែនការយុទ្ធ​សាស្ត្រច្បាស់លាស់​សម្រាប់អនុវត្ត​​ ជាពិសេស​ការកសាងអាងទឹកធំៗ ដូចជា​ អាងទឹករក្សា​ អាងទឹកដូនទ្រី អាងទឹកកាំបិត​ និង​គម្រោងរំដោះទឹក និង​ពង្វាងទឹកជំនន់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និង​ខេត្តកណ្តាល​ជាដើម​ ស្របតាម​គោលនយោបាយ និង​យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១​ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា​ ក្រោមការដឹកនាំ​ដ៏ខ្ពង់ខ្ពស់​ ប្រកបដោយភាពឈ្លាសវៃ​ និង​ប៉ិនប្រសប់​​​របស់​សម្តេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ​ ឯកឧត្តម​រដ្ឋមន្ត្រី​ ក៏​បាន​ថ្លែងនូវការ​​គាំទ្រចំពោះកិច្ចសហប្រតិបត្តិការនានាជាមួយក្រុមហ៊ុន​​​ក្នុងការកសាងប្រព័ន្ធធារាសាស្ត្រនៅកម្ពុជា​ដែលមានភាពធន់នឹងអាកាសធាតុ​ និង​ការធ្វើទំនើបកម្មប្រព័ន្ធ​ធារាសាស្ត្រ​ ដើម្បីធានានូវសន្តិសុខទឹកសម្រាប់បម្រើឱ្យគ្រប់វិស័យ​។ ទន្ទឹមនឹងនេះ​ ឯកឧត្តម​រដ្ឋមន្ត្រី​​បានស្នើ​​ឱ្យក្រុមហ៊ុនពិនិត្យ​លទ្ធភាព​ក្នុងការកៀរគរ​ទុន​វិនិយោគ​​ជួយដល់​ក្រសួងធនធានទឹក​ និង​ឧតុនិយម​ ​​កសាង​ប្រព័ន្ធធារាសាស្ត្រ​​​ប្រកបដោយ​សក្តានុពល និង​មាននិរន្តរភាព​​​នៅតាមបណ្តាខេត្តជុំវិញបឹងទន្លេសាប​ ដូចជា​ ខេត្ត​កំពង់ធំ សៀមរាប​ កំពង់ឆ្នាំង​ ពោធិ៍សាត់​ បាត់ដំបង បន្ទាយមានជ័យជាដើម​ ក៏ដូចជាជួយកាត់បន្ថយ​គ្រោះ​ធម្មជាតិដែល​រួមមានគ្រោះទឹកជំនន់ និង​គ្រោះរាំងស្ងួតផងដែរ។

សូមបញ្ជាក់ថា​ ក្រុមហ៊ុន Delphos ជាក្រុមហ៊ុន​ប្រឹក្សាហិរញ្ញវត្ថុ​ដ៏ធំមួយ​មានមូលដ្ឋាននៅសហរដ្ឋអាម៉េរិកដែលមានប្រតិបត្តិការ​រយៈពេល​ ​៣៧​ឆ្នាំ មកហើយ​ និង​មានបណ្តាញសហការជាមួយ​ស្ថាប័នហិរញ្ញវត្ថុ​ជាច្រើននៅលើពិភពលោកដូចជា​ ADB, US DFC, FinDev Canada, Austria Development Bank ជាដើម​ ដោយបានប្រឹក្សា​ និង​កៀរគរ​ថវិកា​សម្រាប់​គម្រោង​នានា​បានប្រមាណ​ ២០ប៊ីលាន​ដុល្លារអាម៉េរិក​។​ នៅកម្ពុជា​ ក្រុមហ៊ុន​ Delphos កំពុងធ្វើការលើកគម្រោងជាច្រើន​ជាមួយក្រុមហ៊ុននានា​ដូចជា​ OCIC និង​ RMA ជាដើម៕