ឯកឧត្តម ឡាវ វ៉ាន់៖ សមាគមមិត្តភាព ដើរតួនាទីក្នុងការតភ្ជាប់ខេត្ត-ក្រុង មេត្រីភាពកម្ពុជា-ចិន


(គុនមីង-ចិន)៖ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម ឯក សំអុល ប្រធានសមាគមមិត្តភាព កម្ពុជា-ចិន គណៈប្រតិភូកម្ពុជា ដឹកនាំដោយឯកឧត្តម ឡាវ វ៉ាន់ អនុប្រធានសមាគមមិត្តភាព កម្ពុជា-ចិន បានចូលរួមក្នុងសន្និសីទ ទីក្រុងមេត្រីភាព អន្តរជាតិចិន ឆ្នាំ២០២៤ នៅក្រុងគុនមីង ខេត្តយូណាន ប្រទេសចិន។ ដែលសន្និសីទនេះសហការរៀបចំឡើងដោយសមាគមប្រជាជនចិន ដើម្បីមិត្តភាពជាមួយបរទេស សមាគមទីក្រុងមិត្តភាព អន្តរជាតិ របស់ប្រទេសចិន និងរដ្ឋបាលប្រជាជនខេត្តយូណាន។

ឯកឧត្តម  ឡាវ វ៉ាន់ បានវាយតម្លៃខ្ពស់ពីតួនាទីរបស់សមាគម ប្រជាជនចិន ដើម្បីមិត្តភាព ជាមួយបរទេសដែលបានក្លាយជាស្ពានដ៏រឹងមាំ នៃការចងស្ពានមេត្រីភាព រវាងខេត្ត-ក្រុង របស់ប្រទេសចិនជាមួយខេត្ត-ក្រុងនានា របស់បរទេស ដែលក្នុងនោះមានខេត្ត-ក្រុងរបស់កម្ពុជាផងដែរ។

ឯកឧត្តមបានគាំទ្រដល់ប្រសាសន៍របស់ឯកឧត្តម Peng Qinghua អនុប្រធានគណៈកម្មាធិការ អចិន្ត្រៃយ៍ នៃសភាប្រជាជនចិន ដែលបានថ្លែងសុន្ទរកថាបើកសន្និសីទ ដោយបានរំលេចពីតួនាទីដ៏សំខាន់របស់សមាគមប្រជាជនចិន ដើម្បីមិត្តភាពជាមួយបរទេស ក្នុងរយៈពេល៧០ឆ្នាំមកនេះ ក្នុងការតភ្ជាប់ដួងចិត្តប្រជាជនចិន និងប្រជាជនបរទេស ដើម្បីប្រកៀក ស្មាគ្នាក្នុងរង្វង់នៃការថែរក្សាសុខសន្តិភាព និងជំរុញល្បឿននៃការអភិវឌ្ឍ។

ជាមួយគ្នានេះ ក្នុងពេលកិច្ចពិភាក្សា, ឯកឧត្តម ឡាវ វ៉ាន់ បានបង្ហាញបន្ថែមពីតួនាទីរបស់សមាគមមិត្តភាព ដោយបានកោតសរសើរចំពោះឯកឧត្តម Yang Wanming ប្រធានសមាគមប្រជាជនចិន ដើម្បីមិត្តភាពជាមួយបរទេសដែលបានបំពេញកិច្ចខិតខំរួមគ្នា រវាងប្រជាជនចិន ជាមួយមិត្តបរទេសជាច្រើនជំនាន់ ដែលបានសាបព្រោះនូវគ្រាប់ពូជមិត្តភាពរវាងចិន និងបរទេស ឬរវាងបរទេស និងចិនឱ្យបានលូតលាស់ទៅជាដើមឈើបៃតងស្រស់មានជីជាតិល្អ ។

តាមរយៈសន្និសីទនេះ ឯកឧត្តម ឡាវ វ៉ាន់ យល់ថាសន្និសីទនេះ ពិតជាបានចូលរួម ក្នុងការធានានូវលំហូរ នៃទេពកោសល្យ និងគំនិតយ៉ាងល្អ រវាងប្រជាជន និងប្រជាជន ដែលបានផ្តល់ឱកាសដល់សមាគមមិត្តភាព នៃប្រទេសយើងទាំងពីរ អាចអនុវត្តគម្រោង «រយ ពាន់ ម៉ឺន សែន» ដើម្បីបង្កើនទំនាក់ទំនងមិត្តភាព រវាងកម្ពុជា និងចិន ដែលជាពិសេសកិច្ចសហប្រតិបត្តិការ លើគម្រោងតភ្ជាប់ដួងចិត្តប្រជាជន និងប្រជាជនដោយផ្តោតលើវិស័យទេសចរណ៍ វិនិយោគ និងមូលធនមនុស្សជាដើម។

គួរបញ្ជាក់ថា សន្និសីទទីក្រុងមេត្រីភាព អន្តរជាតិ ចិន ឆ្នាំ២០២៤ មានតំណាងមកពី៤៨ប្រទេស ដែលក្នុងនោះមាន៦៦ខេត្ត មេត្រីភាព (ខេត្តចំនួន៣របស់កម្ពុជាបានចូលរួមគឺខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកែប) ១២០ក្រុងមេត្រីភាព និង៦៣ សមាគមមិត្តភាពបរទេស ដោយក្នុងនោះរួមមានថ្នាក់ដឹកនាំសំខាន់ៗរបស់បរទេសមួយចំនួនដូចជា៖ ឯកឧត្តម Emmanuel Sinzohagela ប្រធានព្រឹទ្ធសភា នៃប្រទេសប៊ូរុនឌី, ឯកឧត្តម Yukio Hatoyama អតីតនាយករដ្ឋមន្ត្រីជប៉ុន និងឯកឧត្តម Anupa Dunalong លេខាគណៈកម្មាធិការបក្សក្រុងវៀងច័ន្ទ និងជាប្រធានសភា ប្រជាជនក្រុងវៀងច័ន្ទ ប្រទេសឡាវជាដើម៕