(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា ក្រុមប្រឆាំងជ្រុលនិយមកម្ពុជា និងក្រុមជ្រុលនិយមថៃ បានចោទប្រកាន់សម្ដេច និងអតីតនាយករដ្ឋមន្រ្តីថៃ បានជួបគ្នាដើម្បីចែកផលប្រយោជន៍, នេះជារឿងហួសហេតុបំផុត។ ខណៈការចរចានៅពេលនោះគឺជាការចរចាអំពីការធ្វើអាជីវកម្មខួងប្រេងនៅតំបន់ត្រួតស៊ីគ្នា ប៉ុន្តែកិច្ចការទាំងអស់មិនអាចឈានទៅមុខបានទេ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ នៅក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់អង្គព្រះមហាក្សត្រ បើកអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេសលើកទី៣២ ប្រចាំឆ្នាំ២០២៤ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ឥលូវនេះបញ្ហាមួយដែលខ្ញុំព្រះករុណាខ្ញុំ សូមស្នើឱ្យព្រះតេជគុណគ្រប់ព្រះអង្គ បងប្អូនរួមជាតិកម្ពុជា គេកំពុងតែដាក់បញ្ហាកោះគុត បង្វែរពីកម្ពុជា-វៀតណាម ដែលអាចនឹងឈានទៅដល់ការផ្ទុះអាវុធ នៅតាមព្រំដែនក៏អាចថាបាន ឥលូវនេះគេបង្វែរមកទិសខាងលិចវិញម្ដង។ នៅក្នុងប្រទេសថៃ កំពុងមានក្រុមជ្រុលនិយមមួយក្រុមបង្កើត ឡើងរឿងកោះគុត ឥលូវនៅក្នុងប្រទេសរបស់យើងត្រូវបានពួកនិយមជ្រុលនៅក្រៅប្រទេសអំពាវនាវ ឱ្យធ្វើបាតុកម្មដើម្បីទាមទារកោះគុត។ អ៊ីចឹងខ្ញុំក៏ចង់ចាំមើលថាប្រជាពលរដ្ឋរបស់យើងគិតយ៉ាងមិច?»។
ជុំវិញបញ្ហាញុះញង់របស់ក្រុមប្រឆាំងជ្រុលនិយមកម្ពុជា និងក្រុមជ្រុលនិយមថៃ លើបញ្ហាកោះគុតនេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានមានប្រសាសន៍បញ្ជាក់បន្ថែមទៀតថា៖ «កោះគុត គឺប្រហែលជាប្រជាពលរដ្ឋមិនច្រើនទេ ដែលស្គាល់កោះគុត ខ្ញុំករុណាខ្ញុំធ្លាប់ជាមួយសម្ដេចពិជ័យសេនា ទៀ បាញ់ ទៅកោះគុត នៅឆ្នាំ១៩៩០ យើងជិះអូប័រ។ ពេលនោះខ្ញុំព្រះករុណាខ្ញុំ បានចុះហត្ថលេខាបង្កើតក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ANC នៅបាងកក ប៉ុន្តែក៏ត្រូវមានការពិភាក្សាជាសម្ងាត់រវាងខ្ញុំករុណាខ្ញុំ ជាមួយនាយឧត្តមសេនីយ៍ ឆាវវ៉ាលិត យង់ឆៃយុទ្ធ និងជាមួយតំណាងរបស់ជប៉ុន។
អ៊ីចឹងខ្ញុំព្រះករុណាខ្ញុំទៅដេកនៅកោះកុង ម៉ោងប្រហែលជា២ភ្លឺខ្ញុំព្រះករុណខ្ញុំធ្វើដំណើរតាមអូប័រ ឡើងទៅលើកោះគុត រួចហើយចេញពីកោះគុត បានធ្វើដំណើរទៅប៉ាទីយ៉ា ទៅម៉ោង ៤ភ្លឺដល់ប៉ាទីយ៉ា។ តំបន់នេះជាតំបន់ត្រួតស៊ីគ្នា រវាងកម្ពុជានិងថៃ ហើយដែលតំបន់នេះតាំងពីអតីតនាយករដ្ឋមន្រ្តីថៃ ឆាតឆៃ ឈុនហាវ៉ាន់ មកម្ល៉េះ បានចរចាពិភាក្សាជាមួយខ្ញុំព្រះករុណា ក្រោយមកអតីតនាយករដ្ឋមន្រ្តីថៃ ឆាតឆៃ ឈុនហាវ៉ាន់ បានមកដល់ផ្ទះខ្ញុំនៅវិមានឯករាជ្យនេះ ដើម្បីពិភាក្សាគ្នាលើបញ្ហាធ្វើអាជីវកម្មខួងយកប្រេងនៅក្នុងតំបន់ត្រួតស៊ីគ្នានេះ ប៉ុន្តែកិច្ចការទាំងអស់មិនអាចឈានទៅមុខបានទេ»។
ការញុះញង់របស់ក្រុមប្រឆាំងជ្រុលនិយមកម្ពុជា សំដៅឱ្យប្រជាជនកម្ពុជាធ្វើបាតុកម្មដើម្បីរុញរដ្ឋាភិបាលប្ដឹងទៅតុលាការអន្តរជាតិ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន ហៅថា «ដំបៅមិនឈឺ យកឈើទៅចាក់» ខណៈរឿងដែលគេកំពុងជជែកគ្នា ឯយើងមករុញ តើនេះជាអ្វីទៅ? ជាអំពើអ្វី? ដែលម្ដងហើយម្ដងទៀតរុញឱ្យប្រជាជនមិនទទួលបានសេចក្ដីសុខណាមួយតាមរយៈនៃការបង្កើតចលនាប្រឆាំង។
សម្ដេចបានចោទជាសំណួរថា តើដល់ពេលវេលាដែលរាជរដ្ឋាភិបាល ឬក៏អ្នកតាក់តែងច្បាប់ ដើម្បីរៀបចំនូវច្បាប់ដាក់ក្រុមនេះទៅជាក្រុមភេរវកម្មហើយឬនៅ?