(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានថ្លែងថាវិស័យកសិកម្ម ត្រូវការការចូលរួមសហការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឱ្យមានភាពបន្សុីគ្នា មានភាពស៊ីចង្វាក់គ្នា។
ការថ្លែងបែបនេះរបស់លោក ធ្វើឡើងក្នុងឱកាសដែលលោក អញ្ជេីញជាគណៈអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងលោក ញ៉ែម តារារិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
កម្មវិធីនេះក៏មានការអញ្ជើញចូលរួមរបស់ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងគណអធិបតីជាច្រើនរូបផ្សេងទៀតផងដែរ។
ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការសាទរ និងក្តីសោមនស្សរីករាយក្នុងការចូលរួមជាគណៈអធិបតីក្នុងពិធីប្រកាសនាថ្ងៃនេះ។
ជាមួយគ្នានេះដែរ ឯកឧត្តមបានគូសបញ្ជាក់ថា «វិស័យកសិកម្មមានវិសាលភាពធំធេងណាស់ដែលត្រូវការការចូលរួមសហការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឱ្យមានភាពបន្សុីគ្នា មានភាពស៊ីចង្វាក់គ្នា និងមានគោលដៅរួមគ្នា»។
ឯកឧត្តមក៏បានផ្តល់អនុសាសន៍ដល់លោកប្រធានមន្ទីរ ត្រូវមានស្មារតីយកចិត្តទុកក្នុងការងារ មានទំនួលខុសត្រូវខ្ពស់ បង្ហាញចំណេះជំនាញទាក់ទងនឹងវិស័យកសិកម្ម និងឆ្លេីយតបទៅតាមតម្រូវការរបស់ប្រជាជន ដោយត្រូវធ្វេីការតាមខ្សែបណ្តោយ ផ្តល់ផលប្រយោជន៍ដល់អង្គភាព និងផ្តល់ផលចំនេញជាឧត្តមប្រយោជន៍ដល់ប្រជាកសិករ ជាពិសេសត្រូវមានសាមគ្គីភាព និងប្រសិទ្ធភាពការងារ។
នាឱកាសនេះដែរ ឯកឧត្តម ឌិត ទីណា បានរំឭកអំពីគោលយោបាយអាទិភាពក្នុងវិស័យកសិកម្មក្នុងការធានាឱ្យបាននូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ធ្វេីយ៉ាងណាឱ្យប្រជាពលរដ្ឋមានហូប មានប្រេី មានបាន និងមានរហូត។ នេះជាគោលនយោបាយដែលលោកប្រធានមន្ទីរកសិកម្មរាជធានីភ្នំពេញ ត្រូវស្វែងយល់យកចិត្តទុកដាក់ និងកំណត់អាទិភាពឱ្យចំគោលដៅ និងអនុវត្តឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕