ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ក្នុងឱកាសដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តធ្វើដំណើរទស្សនកិច្ចនៅក្រុមហ៊ុន Danong Development Group ក្នុងទីក្រុងសៀងហៃប្រទេសចិន រយៈពេល ១សប្ដាហ៍ អំពីគម្រោងវិនិយោគលើវិស័យកសិកម្មទំនើប នៅខេត្តតាកែវ កាលពីរសៀលថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានស្នើទៅដល់ក្រុមហ៊ុន Hangxaio Steel Structure របស់ចិន ឱ្យមកបណ្តាក់ទុកវិនិយោគបង្កើតកំពង់ផែនៅលើទឹកដីខេត្តតាកែវ នៅជាប់នឹងគម្រោងព្រែកជីកហ្វូណនតេជោ និងគម្រោងចិញ្ចឹមសត្វផងដែរ។
ឯកឧត្តមអភិបាលខេត្តតាកែវ បានបង្ហាញអំពីសក្ដានុពលសំខាន់ៗរបស់ខេត្តតាកែវទៅកាន់តំណាងក្រុមហ៊ុន Hangxaio Steel Structure ដោយបច្ចុប្បន្នខេត្តតាកែវកំពុងតែកសាងព្រែកជីកហ្វូណតេជោ ដែលព្រែកជីកនេះនឹងក្លាយជាផ្លូវដឹកជញ្ជូនបន្ថែមនៅលើផ្លូវដឹកជញ្ជូនដែលខេត្តតាកែវមានស្រាប់ បន្ទាប់ពីផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវអាកាស និងផ្លូវដែក។ ដូច្នេះជាគំនិតរបស់ក្រុមហ៊ុនដាណុងចង់បង្កើតកំពង់ផែ ក្នុងនាមរដ្ឋបាលខេត្តតាកែវ បើចង់បង្កើតកំពង់ផែ គួរតែបង្កើតកំពង់ផែនៅខេត្តតាកែវ ហើយណាមួយព្រែកជីកនេះក៏មានការរួមចំណែកពីរដ្ឋាភិបាលចិនផងដែរ ហើយឆ្លងកាត់ខេត្តតាកែវ ៥៧គីឡូម៉ែត្រ ការបង្កើតជារឿងសមស្របបំផុត ព្រោះនៅខេត្តតាកែវជាចំណុចកណ្តាលមួយ រោងចក្រសហគ្រិនយ៉ាងច្រើន ដែលផលិតស្បែកជើងកាបូប។ល។ ហើយផ្ទៃដីសម្រាប់បង្កបង្កើនផលសម្រាប់វិស័យកសិកម្មមានជាង២២ម៉ឺនហិកតាជាផ្ទៃដីសម្រាប់ដាំដុះដំណាំស្រូវ ក្នុងនោះទិន្នផលប្រមូលផលចន្លោះពី៤តោន ទៅ៨តោនក្នុងមួយហិកតា ណាមួយយើងផលិតបានហើយ ប៉ុន្តែពុំមានកំពង់ផែសម្រាប់ដឹកក៏ជាផលវិបាកមួយផងដែរ។ សម្រាប់ក្រុមហ៊ុនចិនដែលមានបំណងចង់វិនិយោគបណ្តាក់ទុនបង្កើតកំពង់ផែ និងវិស័យកសិកម្មចិញ្ចឹមសត្វនោះ ខេត្តតាកែវជាខេត្តមួយដែលមានសក្ដានុពល និងជាខេត្តដែលសាកសមបំផុតសម្រាប់វិនិយោគ។
ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តក៏បានបង្ហាញអំពីតំបន់ទេសភាពបឹងព្រែកល្ពៅ ដែលជាតំបន់ធម្មជាតិយ៉ាងស្រស់ស្អាតរបស់ខេត្តតាកែវ ដែលមានទីតាំងនៅស្រុកបូរីជលសារផងដែរ។ ជាការស្នើសុំ ក្រុមហ៊ុន Hangxaio Steel Structure របស់ចិន បានយល់ព្រមតាមការស្នើសុំរបស់ភាគីខេត្តតាកែវ ប៉ុន្តែទាល់តែតំណាងក្រុមហ៊ុន Hangxaio Steel Structure របស់ចិនមួយនេះ ចុះមកទស្សនកិច្ចសិក្សាដោយផ្ទាល់នៅក្នុងខេត្តតាកែវ ពិសេសតំបន់ដែលឯកឧត្តមអភិបាលខេត្តស្នើសុំវិនិយោគ៕

