ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម Park Jung-Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសម្តែងការគួរសមនៅទីស្តីការក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឯកភាពគ្នាលើកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់បទល្មើស និងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាឱ្យកាន់តែរីកចម្រើនឡើងថែមទៀត។
ក្នុងជំនួបនោះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានជម្រាបឯកឧត្តមអភិសន្តិបណ្ឌិត អំពីកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខរវាងសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា ក្នុងការពង្រឹង និងការការពារការឆបោកក្នុងរូបភាពផ្សេងៗ ដែលជាបញ្ហាប្រឈមធ្វើឱ្យពលរដ្ឋទទួលភាពរងគ្រោះផងដែរ។
ជាការឆ្លើយតប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានឯកភាពលើចំណុចនេះ និងបានស្នើទៅភាគីកូរ៉េ តាមរយៈឯកឧត្តម Park Jung-Wook ឱ្យបន្តជួយឧបត្ថម្ភគាំទ្រក្នុងការជួយបណ្តុះបណ្តាលលើកកម្ពស់សមត្ថភាពមន្ត្រីនគរបាល មន្ត្រីពន្ធនាគារ និងមន្ត្រីរាជការស៊ីវិល ក្នុងការពង្រឹងបន្ថែមនៃការអភិវឌ្ឍធនធានមនុស្សរបស់ក្រសួងមហាផ្ទៃកម្ពុជា។
ឯកឧត្តមអភិសន្តិបណ្ឌិត ក្នុងនាមក្រសួងមហាផ្ទែ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនាក់ទំនងការទូត ដោយបាននាំមកនូវសមិទ្ធផលជាច្រើនបំរើដល់ការអភិវឌ្ឍរីកចម្រើននៃប្រទេសទាំងពីរ ដោយបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះបេសកកម្មរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតនៅកម្ពុជា និងសង្ឃឹមជឿជាក់យ៉ាងមុតមាំថា តាមរយៈបេសកកម្មនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងត្រូវបានបន្តពង្រឹងពង្រីកឥតឈប់ឈរ ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។
ទន្ទឹមនឹងនេះ ឯកឧត្តម Park Jung-Wook បានសម្តែងនូវការឯកភាពចំពោះការវាយតម្លៃរបស់ឯកឧត្តមអភិសន្តិបណ្ឌិតលើទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរកម្ពុជា-កូរ៉េ៕

