(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងថា សាលាមត្តេយ្យសិក្សាគឺជាថ្នាលបណ្ដុះបណ្ដាលដំបូង សម្រាប់កុមារតូចៗដែលរួមគ្នាយកចិត្តទុកដាក់ ដើម្បីឲ្យកុមារមានអនាគតល្អ។
ការលើកឡើងរបស់លោកជំទាវបណ្ឌិត ធ្វើឡើងក្នុងឱកាសលោកជំទាវអញ្ញើញ សម្ពោធអគារសាលាមត្តេយ្យ សហគមន៍រក្សាកុមារថា សាលាមត្តេយ្យសិក្សាគឺជាថ្នាលបណ្ដុះបណ្ដាល សម្រាប់កុមារដែលត្រូវរួមគ្នាយកចិត្តទុកដាក់ កសាងឲ្យបានច្រើនពិសេសនៅតាមតំបន់ជនបទ ដើម្បីឲ្យកុមារមានលទ្ធភាពបានចូលរៀននៅថ្នាក់ដំបូង បានគ្រប់ៗគ្នា។
សាលាមត្តេយ្យសហគមន៍រក្សាកុមារ បានម្ពោធនាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមការចូលរួមពីលោកជំទាវបណ្ឌិត ជា សិរី ស្ថិតនៅភូមិកាល់មេឃ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ។
លោកសរីបណ្ឌិត ជា សិរី បានលើកទឹកចិត្តឲ្យមាតា បិតា និងអាណាព្យាបាលយកចិត្តទុកដាក់ បញ្ជូនកូនចៅឲ្យចូលរៀននៅថ្នាក់មត្តេយ្យឲ្យបានគ្រប់ៗគ្នា ព្រោះជាថ្នាលបណ្ដុះបណ្ដាលដំបូង សម្រាប់ឲ្យកុមារចេះស្រឡាញ់ការសិក្សាពីតូចៗទៅ។
លោកជំទាវបណ្ឌិត ជា សិរី បានបន្ដថា សាលាមត្តេយ្យសហគមន៍រក្សាកុមារ ដែលដាក់ឲ្យប្រើប្រាស់នាថ្ងៃនេះ នឹងក្លាយជាទីកន្លែងផ្ដល់នូវចំណេះដឹងល្អៗ ដល់កុមារក្នុងតំបន់នេះ និងបានចូលរៀនទទួលយកការអប់រំដ៏ល្អពី លោកគ្រូអ្នកគ្រូបានគ្រប់ៗគ្នា ដើម្បីឲ្យក្លាយជាមូលដ្ឋានក្នុងការត្រៀមលក្ខណៈ និងបង្កើតទំលាប់នៃ ការសិក្សារបស់កុមារ។
សូមរំលេចឲ្យថា សាលាមត្តេយ្យសហគមន៍រក្សាកុមារនេះ កើតចេញពីការជួយជ្រោមជ្រែង និងគាំទ្រពីក្រុមការងារយុវជន ធនាគារជាតិនៃកម្ពុជា ដែលបានចុះជួយ ភូមិកាល់មេឃ។ បច្ចុប្បន្នក្នុងភូមិនេះ មានសាលាមត្តេយ្យសហគមន៍ចំនួន ៣អគារ ដែលសុទ្ធសឹងជាសម្ធិផលដែលក្រុមការងារយុវជន ធនាគារជាតិនៃកម្ពុជាបានផ្តល់ជូន ដែលអគារសាលាមតេយ្យទាំង៣នេះ ធ្វើពីបេតុងប្រ៉ក់សង្កសី ដែលមានកុមារ កុមារីចូលរៀនសរុបចំនួន ៧០នាក់ ក្នុងនោះស្រីមានចំនួន ៣១នាក់។
ដោយឡែកសាលាមត្តេយ្យសហគមន៍ រក្សាកុមារ ដែលដាក់សម្ភោធឲ្យប្រើប្រាស់ថ្ងៃនេះ គឺជាចំណុចកណ្តាលនៃ ភូមិសាស្រ្ត ភូមិកាល់មេឃ ដែកមានកុមារា-កុមារី កំពុងសិក្សាចំនួន២៩ នាក់ ក្នុងនោះកុមារី ចំនួន ១៤នាក់។
នៅឱកាសនោះដែរលោកជំទាវបណ្ឌិត ជា សិរី បានផ្ដល់ជូនសម្ភារះសិក្សាដល់កុមារតូចៗ និងជូនលោកគ្រូអ្នកគ្រូសម្រាប់ជាចំណងដៃ នៃការដាក់សម្ភោធអគារសាលាមត្តេយ្យ សហគមន៍រក្សាកុមារផងដែរ៕