ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្ដី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុញ្ញាអូតាវ៉ាឆ្នាំ២០២៤បានលើកឡើងថា ក្នុងថ្ងៃទីពីរ នៃ សន្និសីទក៏បានផ្តោតសំខាន់ទៅលើការងារបំផ្លាញចោលនូវឃ្លាំង និងកន្លែងស្តុកទុកគ្រាប់មីនប្រឆាំងមនុស្ស ដោយប្រទេសខ្លះនៅមានតិច ប្រទេសខ្លះក៏នៅមានច្រើន ហើយប្រទេសខ្លះក៏បានកម្ទេចចោលហើយទាំងស្រុងផងដែរ ខណៈប្រទេសមួយចំនួនមិនមានលទ្ធភាព និងយន្តការក្នុងការកម្ទេចចោលទេ ដូច្នេះដែលត្រូវដឹកគ្រាប់មីនទាំងនោះពីប្រទេសមួយទៅប្រទេសមួយទៀតដែលមានលទ្ធភាព និងយន្តការក្នុងការកម្ទេច ហើយត្រូវទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការដឹកជញ្ជូន។ ការលើកឡើងរបស់ឯកឧត្ដមទេសរដ្ឋមន្រ្ដីបែបនេះ ក្នុងសន្និសីទសារព័ត៌មានខ្លីមួយកាលពីល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគាសុខា ខេត្តសៀមរាប ដោយធ្វើសេចក្តីសង្ខេបទៅកាន់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិអំពីលទ្ធផលប្រកបដោយផ្លែផ្លាសម្រាប់ថ្ងៃទីពីរនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន។
ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងបញ្ជាក់ថា ក្នុងសន្និសីទនេះដែរ ក៏ទទួលបានការរាយការណ៍អំពីវឌ្ឍនភាពរបស់រដ្ឋភាគីនីមួយៗអំពីការបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះនៅក្នុងប្រទេសខ្លួន ដោយនៅក្នុងនោះ កម្ពុជាក៏បានរាយការណ៍អំពីវឌ្ឍនភាពនៃការងារបោសសម្អាតមីនរបស់ខ្លួនផងដែរ និងដោយមានប្រទេស និងអង្គការច្រើនដែលត្រូវធ្វើការរាយការណ៍ កិច្ចការងារនេះនឹងបន្តនៅថ្ងៃនេះដែលជាថ្ងៃទីបីនៃកិច្ចប្រជុំកំពូលនេះជាបន្តទៀត។ ឯកឧត្ដមទេសរដ្ឋមន្រ្ដីបានបញ្ជាក់ថា ប្រទេសចំនួន៨ បានធ្វើសេចក្តីថ្លែងការណ៍សម្រាប់ការសុំបន្តកិច្ចការងារបោសសម្អាតមីនរបស់ខ្លួន ដោយសារមិនអាចសម្រេចបានទៅតាមកាលបរិច្ឆេទដែលបានកំណត់នៅក្នុងរបាយការណ៍ដែលរដ្ឋជាភាគីនីមួយៗមានកាតព្វកិច្ចបញ្ជាក់ពីសំណើរ និងសំណូមពររបស់ខ្លួនដោយមានការបញ្ជាក់ពីពេលវេលាកំណត់ ដែលអាចបន្តក្នុងរយៈពេល ៥ឆ្នាំម្តង ឬ ១០ឆ្នាំម្តង។
ក្នុងឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្រ្ដី និងជាប្រធានអនុញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានបន្ថែមថា តាមរយៈរបាយការណ៍ទាំងនេះ គណៈកម្មាធិការទទួលបន្ទុកវាយតម្លៃសម្រាប់កិច្ចការបោសសម្អាតមីន ត្រូវធ្វើរបាយការណ៍ជូនសន្និសីទអំពីការស្នើសុំបន្តកាលបរិច្ឆេទនៃការបោសសម្អាតមីនរបស់ប្រទេសទាំង៨ នោះ ហើយកិច្ចការងារនេះក៏បានសម្រេចរួចរាល់អស់ហើយដែរ។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន បាននិងកំពុងប្រព្រឹត្តទៅនៅក្នុងខេត្តសៀមរាប ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយថ្ងៃនេះជាថ្ងៃទីបីនៃកិច្ចប្រជុំកំពូលដែលមានការចូលរួមពីគណប្រតិភូជាង ៧០០នាក់ មកពីប្រទេសចំនួន១០៥ និងអង្គការចំនួន ៥០៕

