នៅព្រឹកថ្ងៃសុក្រ ១៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញសម្ពោធសមិទ្ធផលនានានៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតនៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ជាតំបន់ដ៏ស្មុគស្មាញមានទាំងជម្លោះដីធ្លី និងការចិញ្ចឹមកម្លាំងខុសច្បាប់ពីក្រុមប្រឆាំង ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលថែមទៀតផង។
ខាងក្រោមជាខឹ្លមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖
* ជាកិច្ចចាប់ផ្តើមនៃការសំណេះសំណាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននាំយកនូវការផ្តាផ្ញើសួរសុខទុក្ខរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ប្រជាពលរដ្ឋទាំងអស់រស់នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះ-ឈ្នះ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណប្រជាពលរដ្ឋនៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះ-ឈ្នះ ដែលបានផ្តល់យុត្តិធម៌ជូនសម្តេចតេជោ តាមរយៈការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឆ្នាំនេះខួប២៦ឆ្នាំ ដែលកម្ពុជារកបានសុខសន្តិភាព និងការឯកភាពជាតិជាធ្លុង ដែលជាសុខសន្តិភាពរយៈពេលយូរជាងគេក្នុងប្រវត្តិសាស្ត្រកម្ពុជា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកព្រឹត្តិការណ៍ប្រជុំនិយាយពីសន្តិភាពនៅភ្នំពេញ ប្រជុំនិយាយពីមីននៅសៀមរាប និងការសំណេះសំណាលជាមួយពលរដ្ឋនៅស្រុកម៉ាឡៃថ្ងៃនេះ គឺជាការមកកាន់ទីតាំងជាក់ស្តែងនៃព្រឹត្តិការណ៍សង្គ្រាម និងមីន។ សម្តេចមហាបវរធិបតី ចាត់ទុកព្រឹត្តិការណ៍នេះ ជាចំណងទាក់ទងគ្នានៃព្រឹត្តិការណ៍ដ៏ជូរចត់របស់កម្ពុជាកាលពីអតីតកាល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សុខសន្តិភាព នឹងកាន់តែមានតម្លៃនៅពេលដែលបាត់បង់។ ពីទឹកដីសមរភូមិចុងក្រោយរបស់កម្ពុជា សម្តេចមហាបវរធិបតី អំពាវនាវដល់ប្រជាពលរដ្ឋរួមគ្នាថែរក្សាសុខសន្តិភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្មវិធីផ្តល់ដីការពារព្រៃ គឺផ្តល់ជូនពលរដ្ឋអត់មានដីពិតប្រាកដ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដីរដ្ឋជាដីរួម ហើយរដ្ឋនឹងចែកជូនពលរដ្ឋអត់ដីពិតប្រាកដ។ រាជរដ្ឋាភិបាល មិនមានគោលនយោបាយធ្វើបាបប្រជាពលរដ្ឋនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅពេលពលរដ្ឋជឿជាក់លើរាជរដ្ឋាភិបាល ជឿលើសម្តេចតេជោ ហ៊ុន សែន គឺទទួលបានលទ្ធផលពិតប្រាកដ។ ដូច្នេះមិនត្រូវជឿលើការអំពាវនាវណាមួយ ដែលនាំឱ្យសង្គមមានបញ្ហានោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រយៈពេល១៥ខែកន្លងមកនេះ សម្តេចបានប្រើនយោបាយឈ្នះ-ឈ្នះ ដែលប្រើដោះស្រាយបញ្ហានៅបឹងជង្រុក ទៅដោះស្រាយបញ្ហាជាច្រើន។
* សម្តេចមាហបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមអ្នកនយោបាយជ្រុលនិយម មិនបោះបង់ចេតនាអាក្រក់របស់ពួកគេក្នុងការបំផ្លាញសង្គមកម្ពុជានោះឡើយ។ សម្តេចមហាបវរធិបតី អំពាវនាវប្រជាពលរដ្ឋកុំជឿតាមការអំពាវនាវរបស់អ្នកនយោបាយជ្រុលនិយម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំអកឱ្យលោក សម រង្ស៊ី ធ្វើនយោបាយតាំងពីមានមនុស្សច្រើន រហូតគេរត់ចោលអស់ហើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រជាពលរដ្ឋដែលបានបរិច្ចាគថវិកាចូលមូលនិធិកសាងផ្លូវតាមព្រំដែន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ថវិកាកសាងផ្លូវតាមព្រំដែន គឺសង់ផ្លូវជាក់ស្តែង អត់បាត់ដូចលុយមូលនិធិធ្វើទូរទស្សន៍ព្រះអាទិត្យនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបង ជូនអាជីវករឡើងវិញ បន្ទាប់ពីឆេះ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ក្រោយសាងសង់ឡើងវិញ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសផ្តល់នៅផ្នែកខាងក្រោយផ្សារ សម្រាប់អ្នកជួលតូបនៅផ្សារបឹងឈូកជាន់ទី១។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលឈរនៅជាមួយប្រជាពលរដ្ឋ ហើយប្រឹងប្រែងដោះស្រាយបញ្ហាជូនពលរដ្ឋ មិនដូចអ្នកខ្លះញុះញង់ពលរដ្ឋបង្កើតបញ្ហា ហើយឡើងយន្តហោះរត់ចោលពលរដ្ឋបាត់៕