សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា នៅពេលដែលប្រជាពលរដ្ឋជឿជាក់លើរាជរដ្ឋាភិបាល ជឿលើសម្តេចតេជោ ហ៊ុន សែន អតីតនាករដ្ឋមន្ត្រីនៃកម្ពុជា គឺទទួលបានលទ្ធផលពិតប្រាកដ។ ដូច្នេះប្រជាពលរដ្ឋទាំងអស់ មិនត្រូវជឿលើការអំពាវនាវណាមួយ ដែលនាំឱ្យសង្គមមានបញ្ហានោះឡើយ។
ការថ្លែងបែបនេះរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចអញ្ជើញសម្ពោធសមិទ្ធផលនានានៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតនៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានប្រឹងប្រែងដោះស្រាយបញ្ហាប្រជាពលរដ្ឋមិនមានដីធ្លីពិតប្រាកដ ដោយបានរៀបចំជាដីសម្បទានសង្គមកិច្ច បែងចែកដីជូនប្រជាពលរដ្ឋ ហើយរាជរដ្ឋាភិបាលមិនមានគោលនយោបាយធ្វើបាបប្រជាពលរដ្ឋនោះឡើយ។ ជាក់ស្តែងនៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ គឺជាសក្ខីភាពជាក់ស្តែង ដោយរាជរដ្ឋាភិបាលបានខិតខំដោះស្រាយបញ្ចប់ជម្លោះរវាងប្រជាជនចាស់ និងប្រជាជនចំណូលថ្មី។ ចំណុចនេះ គឺជាការយកចិត្តទុកយ៉ាងខ្លាំងចំពោះសុខទុក្ខប្រជាពលរដ្ឋដោយមិនមានការរើសអើងនោះទេ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ដោយឡែកសម្រាប់បុគ្គលមួយចំនួនតូចដែលជាមេក្លោងញុះញង់ប្រជាពលរដ្ឋឱ្យងើបប្រឆាំងជាមួយអាជ្ញាធរ ដែលចូលមកដោះស្រាយបញ្ចប់ជម្លោះ ត្រូវបានអាជ្ញាធរអនុវត្តន៍តាមច្បាប់រដ្ឋ ប៉ុន្តែ សម្រាប់ប្រជាជនដែលរងគ្រោះ អត់មានដីធ្លីពិតប្រាកដ រាជរដ្ឋាភិបាល បានដោះស្រាយជូនដោយបានប្រគល់ដីធ្លីស្របច្បាប់ជូនពួកគាត់តាមរយៈនយោបាយឈ្នះឈ្នះ។
ជុំវិញករណីនៅតំបន់អភិវឌ្ឍន៍បឹងជង្រុកនេះ, ត្រូវបានសម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានរម្លឹកថា រឿងជម្លោះដីធ្លី រវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ ត្រូវបានក្រុមប្រឆាំងមួយចំនួនតូចបានយកមកធ្វើជារបៀបវារៈវាយប្រហារមករាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ថាមានធ្វើបានប្រជាជន ប្លន់ដីប្រជាជនស្លូតត្រង់ ដោយបានញុះញង់ឱ្យប្រជាជនប្រឆាំងអាជ្ញាធរ ក្នុងចេតនាបង្កអពើហិង្សាជាមួយអាជ្ញាធរ និងភាគម្ខាងទៀតទៅវិញ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «តាមពិតបើសិនជាបន្តជឿគេ ដោះមិនបានប៉ុនណេះទេ តែបើសិនប្រជាពលរដ្ឋគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ងាកមកធ្វើជាមួយអាជ្ញាធរ ជាមួយតំណាងរបស់សម្តេចតេជោ អាឡូវជឿទេ ថាបងប្អូនទាំងអស់គ្នា ទាំងគ្រប់ភាគីទាំងអស់ ទាំងអ្នកដែលមិនជឿរដ្ឋាភិបាលពីមុនបែរមកវិញ ឃើញទេពេលដែលជឿលើសម្តេចតេជោ ជឿលើរដ្ឋាភិបាលដោះបានអ៊ឹចឹងជាក់ស្តែងមែនអត់? អ៊ឹចឹងសម្រេចិត្តត្រូវ អ៊ឹចឹងបើគេបបួលទៅដុតកន្លែងនេះប្រឆាំងរដ្ឋាភិបាលកុំជឿគេ ជឿរដ្ឋាភិបាលយើងរីកចម្រើនតទៅទៀត»។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងថា សមិទ្ធផលដែលបានកើតឡើងនៅក្នុងតំបន់អភិវឌ្ឍន៍តេជោឈ្នះឈ្នះ នាពេលនេះគឺដោយសារបងប្អូនបានជឿទុកចិត្តដល់នយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន តែប្រសិនបើបងប្អូនបន្តស្តាប់ការញុះញង់ និងអុចអាលរបស់ខ្មោចគណបក្សប្រឆាំងនោះ ប្រហែលមិនទាន់មានការអភិវឌ្ឍដូចថ្ងៃនេះនោះឡើយ។
បន្ថែមពីនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រយៈពេល១៥ខែកន្លងមកនេះ សម្តេចបានប្រើនយោបាយឈ្នះឈ្នះ ដែលប្រើដោះស្រាយបញ្ហានៅបឹងជង្រុក ទៅដោះស្រាយបញ្ហាជាច្រើន ខណៈនៅតំបន់មួយចំនួនមានប្រជាពលរដ្ឋរាប់ពាន់គ្រួសារ ពាក់ព័ន្ធនឹងបញ្ហាដីធ្លីរាប់ម៉ឺនហិកតា ដោយអនុវត្តតាមគោលការណ៍ច្បាប់ សន្ដិវិធី រក្សាភាពស្ងៀមស្ងាត់ និងមានការចូលរួមពីប្រជាពលរដ្ឋគ្រប់គ្នាដែលបានជឿជាក់មកលើរាជរដ្ឋាភិបាល មិនឱ្យចូលទៅក្នុងអន្ទាក់នយោបាយរបស់ក្រុមប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ ដែលក្រុមប្រឆាំងទាំងនេះចិញ្ចឹមចិត្ត រុញសភាពការណ៍នានានៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែរីកធំ រ៉ាំរៃ និងមានការបែកបាក់រវាងអាជ្ញាធរ និងប្រជាពលរដ្ឋជាដើម។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រាប់ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់អភិវឌ្ឍន៍តេជោ ឈ្នះ ឈ្នះ កុំជឿតាមការញុះញង់របស់ក្រុមខ្មោចគណបក្សប្រឆាំង ឬក្រុមឧទ្ទាមក្រៅប្រទេស គប្បីត្រូវជឿទុកចិត្តទៅលើការដឹកនាំ និងយន្តការដោះស្រាយរបស់រាជរដ្ឋាភិបាល និងបានប្រកាសថារាជរដ្ឋាភិបាលប្តេជ្ញាការពារផលប្រយោជន៍ជូនដល់ប្រជាពលរដ្ឋនៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះឱ្យខាងតែបានរួមទាំងបន្តជួយការអភិវឌ្ឍតំបន់នេះឱ្យកាន់តែល្អប្រសើរបន្ថែមទៀតផងដែរ៕