ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ បន្តដឹកនាំគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចុះពិនិត្យជាក់ស្តែងនៅចំណុចភូមិសាស្ត្រក្បាលហុង ក្នុងខេត្តពោធិ៍សាត់


ខេត្តពោធិ៍សាត់៖ ថ្ងៃសៅរ៍ ១៥រោច ខែកត្តិក ឆ្នាំរោង​ ឆស័ក ពុទ្ធសករាជ ២៥៦៨​ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤​ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ និងជាប្រធានសម្របសម្រួលការងារគ្រប់គ្រងធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីកសួងធនធានទឹក និងឧតុនិយម បានបន្តដឹកនាំគណៈប្រតិភូស្ថាប័នទាំង៣ រួមមានក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចុះត្រួតពិនិត្យជាក់ស្តែងនៅចំណុចភូមិសាស្រ្តក្បាលហុងទាំងពីរក្នុងស្ទឹងពោធិ៍សាត់ ស្ថិតក្នុងក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា ការចុះពិនិត្យជាក់ស្តែងនៅចំណុចនេះ គឺដើម្បីរៀបចំយុទ្ធសាស្ត្រពង្រឹង និងពង្រីកបណ្តាក្បាលហុងទឹកទាំងនេះ និងប្រព័ន្ធពាក់ព័ន្ធទាំងអស់ ដែលរួមមាន ស្ទឹងស្វាយអាត់ ស្ទឹងស្វាយដូនកែវ និងស្ទឹងបឹងខ្នារ ឱ្យក្លាយជាមូលដ្ឋានដ៏មានសារសំខាន់ក្នុងការទទួលដោះទឹក ពង្វាងទឹក និងស្តុកទឹករក្សាទុករបស់ខេត្តពោធិ៍សាត់ ហើយឈានទៅធ្វើការកាត់បន្ថយជាអតិបរមានូវគ្រោះមហន្តរាយដែលកើតមានឡើងពីគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតដែលតែងយាយីខេត្តភូមិភាគពាយ័ព្យមួយនេះ៕