ក្រសួងបរិស្ថានកម្ពុជា និងក្រសួងធនធានធម្មជាតិចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីភាពស្អាត ភាពបៃតង និងចីរភាព ក្រោមគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការ មហាសមុទ្រប្រកបដោយចីរភាព


ក្រសួងបរិស្ថានកម្ពុជា និងក្រសួងធនធានធម្មជាតិចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីភាពស្អាត ភាពបៃតង និងចីរភាពក្រោមគំនិតផ្តួចផ្តើម កិច្ចសហប្រតិបត្តិការ មហាសមុទ្រ ប្រកបដោយចីរភាព។

ពិធីនេះបានធ្វើឡើងនៅទីស្តីការក្រសួងបរិស្ថាន ខាងភាគីកម្ពុជាតំណាងដោយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងភាគីចិនតំណាងដោយលោក SUN Shuxian អនុរដ្ឋមន្រ្តីក្រសួងធនធានធម្មជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤។

លោក SUN Shuxian អនុរដ្ឋមន្រ្តីក្រសួងធនធានធម្មជាតិចិន បានថ្លែងថា គំនិតផ្តួចផ្តើមរួមគ្នារវាងកម្ពុជាចិន ដែលជាមិត្តដែកថែបយូរអង្វែងនេះ នឹងឆ្លើយតបការប្រែប្រួលអាកាសធាតុ តាមរយៈការស្ដារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ីបៃតង/ខៀវ នៃការលើកកម្ពស់បរិស្ថានប្រកបដោយនិរន្តរភាព ដែលក្នុងនោះរួមមាន៖ ការសម្អាតមហាសមុទ្រ ការកសាងសមត្ថភាព និងការផ្ទេរបច្ចេកវិទ្យា ទាំងនេះគឺជាគោលបំណងយ៉ាងជាក់លាក់ក្នុងការបង្កើតអត្ថប្រយោជន៍ដ៏មានអត្ថន័យ និងយូរអង្វែងសម្រាប់បរិស្ថាន សម្រាប់សហគមន៍របស់យើង និងមនុស្សជំនាន់ក្រោយរបស់យើង ក្រោមកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួត និងយូរអង្វែងរបស់យើង។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានសម្តែងនូវអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះគណៈប្រតិភូចិន និងប្រជាពលរដ្ឋរបស់សាធារណរដ្ឋចិនគ្រប់រូប ដែលបានយកចិត្តទុកដាក់ជាមួយកម្ពុជាក្នុងការដោះស្រាយបញ្ហា ប្រឈមរបស់បរិស្ថានយើង ពីព្រោះថាបរិស្ថានគឺមិនមានព្រំដែនកំណត់នោះឡើយ ហើយតាមរយៈកិច្ចព្រមព្រៀងនេះ បានឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏រឹងមាំ និងរីកចម្រើនរវាងប្រជាជាតិយើងទាំងពីរ ដែលបានកសាងឡើងរួមគ្នាដោយការគោរពគ្នាទៅវិញទៅមក និងចក្ខុវិស័យរួមគ្នាដើម្បីភាព ស្អាត ភាពបៃតង និងចីរភាពនាពេលអនាគត ដើម្បីការពារមហាសមុទ្ររបស់យើង គ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព និងរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងការបាត់បង់ជីវចម្រុះ ការបំពុល និងការប្រែប្រួលអាកាសធាតុ។

អនុលោមតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែលផ្តោតលើសសរស្តម្ភចំនួនបី គឺភាពស្អាត ភាពបៃតង និងចីរភាព ឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០៕