អភិបាលខេត្តព្រៃវែង ណែនាំយោធិន នៃកងរាជអាវុធហត្ថខេត្តព្រៃវែង ទើបជ្រើសរើសថ្មីជាប់ជាស្ថាពរ៤៩រូប ត្រូវគោរពវិន័យ ខិតខំរៀនសូត្រ និងបទបញ្ជាកងកម្លាំងឲ្យបានម៉ឺងម៉ាត់


ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានថ្លែងណែនាំយោធិន នៃកងរាជអាវុធហត្ថខេត្ត ទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ចំនួន៤៩រូប ដែលចូលហ្វឹកហ្វឺននៅមជ្ឈមណ្ឌលកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ត្រូវគោរពវិន័យ និងបទបញ្ជាកងកម្លាំងឲ្យបានម៉ឺងម៉ាត់ បង្កើនសាមគ្គីភាព និងទំនាក់ទំនងល្អជាមួយមិត្តរួមជំនាន់។

បន្ថែមលើសពីនេះ ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការទទួលយកនូវចំណេះដឹងល្អៗពីលោកគ្រូ អ្នកគ្រូបង្ហាត់បង្រៀន ដើម្បីពង្រឹងនូវសមត្ថភាព ធានាបានគុណភាព និងប្រសិទ្ធភាពក្នុងការអនុវត្តការងារក្នុងអង្គភាពវិញ ឲ្យទទួលបានជោគជ័យ ប្រកបដោយប្រសិទ្ធផល។

ការថ្លែងបែបនេះរបស់ ឯកឧត្តម សួន សុម៉ាលីន បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថទើប ជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ចូលហ្វឹកហ្វឺននៅមជ្ឈមណ្ឌលកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង ស្ថិតនៅភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ស្ថានភាពដែលប្រទេសជាតិទទួលបាននូវសុខសន្តិភាព តាមរយៈគោលនយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្តេចតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា បានជំរុញឲ្យកម្ពុជាមានឱកាស ក្នុងការកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងរូបវន្ត និងអរូបវន្ត ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចរហូតសម្រេចបានកំណើនខ្ពស់ ក្នុងរយៈពេលជាង២ទស្សវត្សរ៍មកនេះ។

ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសព្វ និងស្វាហាប់ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ចេញ យុទ្ធសាស្ត្រ និងកម្មវិធីគោលនយោបាយនានា ដើម្បីធានាលើកស្ទួយជីវភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា ពិសេសការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដោយកំណត់យកអាទិភាពគន្លឹះ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលមានគោលដៅចម្បង រក្សាសុខសន្តិភាព កំណើសេដ្ឋកិច្ច ការអភិវឌ្ឍន៍ប្រទេសជាតិ និងរក្សាឧត្តមប្រយោជន៍ប្រជាជន។

ខេត្តព្រៃវែង ក្រោមការចង្អុលណែនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងក្រោមការជួយឧបត្ថម្ភគាំទ្រពីក្រសួង ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលខេត្តបានខិតខំប្រមូលផ្តុំ គំនិតស្មារតីដឹកនាំ អភិវឌ្ឍន៍ខេត្តឲ្យមានរីកចម្រើនជាបន្តបន្ទាប់ រួមទាំងការងាររសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋ ការងារកសាង ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា និងការផ្តល់សេវាជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ទាំងនៅថ្នាក់ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់។

សូមបញ្ជាក់ថា ក្នុងឱកាសសំណេះសំណាលនោះដែរ ឯកឧត្តមអភិបាលខេត្ត បាននាំយកនូវថវិកា និងសម្ភារមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនដល់ប្អូនៗសិក្ខាកាម ដែលត្រូវទៅមជ្ឈមណ្ឌលហ្វឺកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយទាំងអស់ ជាការលើកទឹកចិត្ត និងសូមជូនពរ ដល់សិក្ខាកាម សមប្រកបតែនឹងសុខភាពល្អ សុភមង្គល និងទទួលបានជោគជ័យនូវគ្រប់ភារកិច្ច។ សិក្ខាកាមទាំងអស់ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ២០ម៉ឺនរៀលផងដែរ៕