រណសិរ្សសាមគ្គី អភិវឌ្ឍមាតុភូមិកម្ពុជា ខេត្តស្ទឹងត្រែង រៀបចំមិទ្ទិញមហាជនអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ «ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍមាតុភូមិកម្ពុជា»


ឯកឧត្តម សរ សុពុត្រា ប្រធានរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (០២ ធ្នូ ១៩៧៨-០២ ធ្នូ ២០២៤)។ ពិធីនេះបានរៀបចំឡើងនាសួនច្បារមុខសាលាខេត្តស្ទឹងត្រែង។

ពិធីនេះមានការអញ្ជើញជាគណៈអធិបតី ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងសមាជិកសមាជិការណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្ត កងកម្លាំងប្រដាប់អាវុធ យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម យុវជន ស.ស.យ.ក ខេត្ត និងលោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ ជាច្រើននាក់។

ឯកឧត្តម សរ សុពុត្រា បានលើកឡើងថា «រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា» ត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុង និងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើនរូបទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជម្នះលើរបបនេះ នៅថ្ងៃទី៧ មករា ១៩៧៩។

ថ្ងៃ២ ខែធ្នូ ឆ្នាំ១៩៧៨ ជាថ្ងៃដែល «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ត្រូវបានប្តូរឈ្មោះជា «រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា» ត្រូវបានបង្កើតឡើងនៅភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដោយមានការឧបត្ថម្ភគាំទ្រស្មារតី និងសម្ភារទៅវិញទៅមក រវាងបណ្តាប្រទេសជាមិត្ត និងត្រូវបានបន្តពង្រឹងសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការកាន់តែជិតស្និទ្ធទ្វេរឡើងថែមទៀត។

ក្នុងនោះ ឯកឧត្តម សរ សុពុត្រា បានបន្តថា រយៈពេល ៤៦ឆ្នាំកន្លងមកនេះ ប្រជាជនបានស្ថិតស្ថេររួមរស់ជាមួយគ្នាក្នុងជួររណសិរ្ស ពុះពារឆ្លងកាត់ ឧបសគ្គតូចធំទាំងឡាយយ៉ាងអង់អាចក្លាហានបំផុត ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្នូលដឹកនាំ និងជាអគ្គមគ្គទេសក៍ដ៏ឆ្នើមរបស់ប្រជាជនកម្ពុជា។ ស្មារតី ២ធ្នូ ស្មារតី៧មករា ដែលបានចារឹកជាប់ក្នុងមនសិការរបស់ប្រជាជនយើង បានប្រែក្លាយទៅជាកម្លាំងយ៉ាងធំធេងក្នុងការបង្កើតឡើងនូវសមិទ្ធផលធំៗ នៃសង្គមជាតិ។ ឥឡូវនេះ ក្រោមពន្លឺនៃសន្តិភាព សេរីភាព មនសិការជាតិ និងក្នុងជំហរផ្សារភ្ជាប់នូវជោគវាសនារបស់ខ្លួនយើង ទាំងអស់គ្នា យើងជឿជាក់ថានឹងគ្មានការកើតឡើងជាថ្មីទៀតនូវសោកនាដកម្ម ដូចក្នុងអតីតកាលឡើយ។

ឯកឧត្តមក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាដ៏សកម្មនៃរណសិរ្សគ្រប់ថ្នាក់ សូមលើកកម្ពស់ស្មារតីថែរក្សា សាមគ្គីភាព ឯកភាពផ្ទៃក្នុង ប្រកាន់ខ្ជាប់ប្រពៃណីស្នេហាជាតិ ផ្សារភ្ជាប់ជាមួយប្រជាជន ហើយខិតខំបញ្ចេញអស់កម្លាំងកាយចិត្ត ក្នុងការបម្រើប្រជាជន និងប្រទេសជាតិ៕