ក្រសួងព័ត៌មាន និងរដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលការប្រយុទ្ធប្រឆាំង និងការឆ្លើយតបព័ត៌មានក្លែងក្លាយ


ការទទួលព័ត៌មានក្លែងក្លាយ នឹងទទួលនូវគ្រោះមហន្តរាយដ៏ធំសម្រាប់សុខភាព ទ្រព្យសម្បត្តិក្រុមគ្រួសារ និងសង្គមជាតិ ដូច្នេះត្រូវរួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងកាយ ដើម្បីឲ្យមានសន្តិភាពផ្លូវកាយ ផ្លូវចិត្ត សន្តិភាពក្នុងគ្រួសារ និងសង្គមជាតិទាំងមូល។

នេះជាការលើកឡើងរបស់ ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកម្មវិធីបណ្តុះបណ្តាលការប្រយុទ្ធប្រឆាំង និងការឆ្លើយតបព័ត៌មានក្លែងក្លាយ នាព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន, ឯកឧត្តមបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន ជាគ្រូបង្គោល និងឯកឧត្តម ទេព អស្ចារិទ្ធ អនុរដ្ឋលេខាធិការក្រសួង ព័ត៌មានជាគ្រូបង្គោលដែរ។

ឯកឧត្តម កើត ឆែ បានលើកឡើងថា វគ្គបណ្ដុះបណ្ដាល ពាក់ព័ន្ធនឹងវិស័យព័ត៌មាននេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំឡើង ចំនួន៧វគ្គ រួចមកហើយ ដោយមានសិក្ខាកាមដែលជាមន្ត្រីរាជការរបស់រដ្ឋបាល ចំនួនជាង១ពាន់នាក់ចូលរួម។ ក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាលនេះ មន្ត្រីរាជការនៅថ្នាក់មូលដ្ឋាន នឹងក្លាយជាអ្នកប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដ៏មានឥទ្ធិពល។

ឯកឧត្តម កើត ឆែ បានបន្តថា វិស័យព័ត៌មាន មានការប្រែប្រួលយ៉ាងឆាប់រហ័ស ទៅតាមបច្ចេកវិទ្យាយុគសម័យឌីជីថុល DIGITAL។ ក្នុងសម័យកាល DIGITAL នាពេលបច្ចុប្បន្ននេះ នរណាម្នាក់ ក៏ជាអ្នកព័ត៌មានដែរ គ្រាន់តែមានអាជីព និងអត់អាជីព។ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការសហការពីក្រសួងព័ត៌មាន បានរួមគ្នាបង្កើតឲ្យមានវគ្គបណ្ដុះបណ្ដាលវិស័យព័ត៌មាននេះ គឺដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។ ដើម្បីឲ្យរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននៅចក្ខុវិស័យរបស់ខ្លួន ប្រែក្លាយកម្ពុជាជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០ លុះត្រាតែយើងទាំងអស់គ្នា រួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។

ឯកឧត្តមបានបញ្ជាក់ផងដែរថា ការទទួលបានព័ត៌មានពិត ព័ត៌មានច្បាស់លាស់ នឹងទទួលបានជ័យជំនះ តែបើទទួលព័ត៌មានក្លែងក្លាយ នឹងទទួលនូវមហន្តរាយដ៏ធំទាំងសុខភាព ទាំងធនធានលុយកាក់ ទាំងគ្រួសារ ក៏ដូចជាសង្គមជាតិទាំងមូល។ ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ គឺជារឿងរបស់យើងទាំងអស់គ្នា។ ការសិក្សាវគ្គបណ្តុះបណ្តាលនេះ មន្ត្រី នឹងទទួលបានចំណេះដឹង ដូច្នេះសូមបន្តយកចំណេះដឹងទាំងនេះ ទៅចែកចាយដល់ក្រុមការងារ ក្រុមគ្រួសារ ក៏ដូចជាសហគមន៍ ដើម្បីរួមគ្នាប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។

ជាមួយគ្នានេះ ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន បានអះអាងថា សម័យកាលនេះ គឺជាសម័យការឌីជីថល ដែលយើងគ្រប់គ្នាត្រូវតែដើរឲ្យទាន់។ ក្នុងនាមជាមន្ត្រីត្រូវស្វែងយល់អំពីព័ត៌មាន ហើយព័ត៌មានមិនមែនស្រាប់សម្រាប់តែអ្នកនាំពាក្យនោះទេ គឺសម្រាប់មន្ត្រីយើងទាំងអស់គ្នា។ មន្ដ្រីកងទ័ពជួរមុខ ក្នុងការប្រយុទ្ធប្រប្រឆាំងនឹងព័ត៌មានក្លែងក្លាយ បើទទួលព័ត៌មានខុស និងសម្រេចចិត្តខុស ដែលនាំឲ្យមានបញ្ហាទាំងគ្រួសារ និងសង្គមជាតិទាំងមូល។ ទាំងនេះ គឺទាមទារឲ្យមន្ដ្រីត្រូវយកចិត្តទុកដាក់គ្រប់គ្រងព័ត៌មាន ឲ្យបានគ្រប់ជ្រុងជ្រោយ។

ឯកឧត្តមបានបន្តទៀតថា សិក្ខាកាមដែលមកក្រេបជញ្ជក់យកចំណេះដឹងក្នុងវគ្គបណ្ដុះបណ្ដាលនេះ គឺជាមន្ត្រីដែលបម្រើការងារនៅថ្នាក់មូលដ្ឋាន ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ។ រាជធានីភ្នំពេញ គឺជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ដូច្នេះវិស័យវិស័យធំៗទាំងអស់ គឺស្ថិតនៅក្នុងរាជធានីភ្នំពេញ ដូច្នេះមន្ត្រីទាំងអស់នៅរាជធានីភ្នំពេញ ត្រូវរួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីឲ្យរាជធានីភ្នំពេញ មានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត៕