សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ផ្ញើសាររំលែកទុក្ខចំពោះមរណភាព នាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌


សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ នាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ដែលបានទទួលមរណភាពវេលាម៉ោង១២៖២៦នាទីរសៀល ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ដោយរោគគាពាធ ក្នុងជន្មាយុ៧២ឆ្នាំ។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមចូលរួមរំលែកទុក្ខ ព្រមជាមួយការស្តាយស្រណោះ អាឡោះអាល័យជាមួយលោកស្រី និងក្រុមគ្រួសារ ព្រោះថាការបាត់បង់ នាយឧត្តមសេនីយ៍ គឺជាការបាត់បង់នូវឪពុក ឪពុកក្មេក ជីតា ប្រកបដោយសង្គហធម៌ និងព្រហ្មវិហារធម៌ចំពោះបុត ធីតា និងជាការបាត់បង់នូវឥស្សរជនឆ្នើម និងអង់អាចក្លាហានមួយរូប នៃកងយោធពលខេមរភូមិន្ទ ដែលតែងតែបានចូលរួមបំពេញភារកិច្ចការងារយ៉ាងសកម្ម ប្រកបដោយឆន្ទៈ និងមនសិការស្នេហាជាតិមោះមុត ក្នុងបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ និងបានធ្វើពលិកម្មគ្រប់បែបយ៉ាង ក្នុងកិច្ចការពារបូរណភាព ទឹកដី និងការពារថែរក្សាសុខសន្តិភាពជារៀងរហូតមក។

ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួង សូមឲ្យដួងវិញ្ញាណក្ខន្ធរបស់នាយឧត្ដមសេនីយ៍ ឈិន ច័ន្ទពណ៌ សូមបានឆាប់ទៅចាប់បដិសន្ធិ និងសោយសុខក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ៕