ខេត្តកំពង់ស្ពឺ៖ ថ្ងៃអាទិត្យ ៨កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសក្រសួងចុះពិនិត្យផ្ទាល់លើកិច្ចប្រតិបត្តិការដ៏សកម្មក្នុងគម្រោងរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារបានចុះពិនិត្យវឌ្ឍនភាពការងារជាក់ស្តែងនៅតំបន់ស្ទឹងតូច តំបន់ផ្លូវជាតិលេខ៣ តំបន់ផ្លូវក្រវាត់ក្រុង តំបន់ទួលពង្រ តំបន់ប្រទះឡាង តំបន់ពងទឹក តំបន់ជើងឯក តំបន់សាក់សំពៅ តំបន់អន្លង់គង និងតំបន់ព្រែកកំពឹស។
សូមបញ្ជាក់ថា គម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ និងតំបន់ពាក់ព័ន្ធមានការងារសំខាន់ៗដូចជា៖ ស្តារស្ទឹង និងប្រឡាយចំនួន ១០ខ្សែ ប្រវែងប្រមាណ ២៦០គីឡូម៉ែត្រ ព្រមទាំងសំណង់សិល្បការ្យសរុបចំនួន ៣៦៦កន្លែង ក្នុងនោះមានការសាងសង់ស្ថានីយបូមទឹកចំនួន ៤កន្លែង និងសំណង់ស្ទាក់ទឹក (ទ្វារទឹក) ចំនួន ១កន្លែង៕