រដ្ឋបាលរាជធានី បើកវគ្គតម្រង់ទិសស្តីពីការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក ខណ្ឌ ជូនដល់ក្រុមប្រឹក្សាខណ្ឌ ទើបជាប់ឆ្នោតថ្មីអាណត្តិទី៤


ប្រជាធិបតេយ្យនៅប្រទេសកម្ពុជាមានភាពរឹងមាំដូចសព្វថ្ងៃ គឺដោយប្រទេសជាតិមានសន្តិភាព និងស្ថិរភាពនយោបាយ ដែលរកបានមកដោយលំបាកបំផុតពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងបន្តពូនជ្រំ និងថែទាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

នេះជាការលើកឡើងរបស់ ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ខណៈឯកឧត្តមបានអញ្ជើញជាតំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងពិធីបើកវគ្គតម្រង់ទិសស្តីពីការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក ខណ្ឌ ជូនដល់ក្រុមប្រឹក្សាខណ្ឌ ទើបជាប់ឆ្នោតថ្មី អាណត្តិទី៤ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តម កើត ឆែ បានបន្តថា នៅក្នុងឆ្នាំ១៩៩៣ ដោយប្រទេសកម្ពុជា កំពុងស្ថិតក្នុងសង្គ្រាមស៊ីវិលនៅឡើយ គួបផ្សំនឹងក្រុមខ្មែរក្រហមបានកាន់កាប់ តំបន់មួយចំនួនផងនោះ ទើបធ្វើឱ្យការបោះឆ្នោត ពុំអាចដំណើរការបានពេញ លេញលើផ្ទៃប្រទេស។ ប៉ុន្តែបន្ទាប់ពីការដាក់ចេញ «នយោបាយឈ្នះ ឈ្នះ» ដោយសម្តេចតេជោ ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ទើបប្រទេសកម្ពុជា បានបញ្ចប់ទាំងស្រុងនូវសង្គ្រាមស៊ីវិល និងសម្រេចបាននូវឯកភាពជាតិ ទឹកដី ក្រោមម្លប់ «សន្តិភាព» ហើយប្រទេសកម្ពុជា ក៏បានរៀបចំការបោះឆ្នោតយ៉ាងទៀងទាត់ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ ចាប់ពីពេលនោះ រហូតមកទល់បច្ចុប្បន្ន។

ឯកឧត្តម កើត ឆែ បានលើកឡើងថា វគ្គតម្រង់ទិសនេះ គឺដើម្បីអោយប្រធានក្រុមប្រឹក្សាខណ្ឌ សមាជិក-សមាជិកា ក្រុមប្រឹក្សាខណ្ឌទាំង១៤ ទទួលបានចំណេះដឹងលើទិដ្ឋភាពច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ និងលិខិតបទដ្ឋាន គតិយុត្តពាក់ព័ន្ធ ដើម្បីពង្រឹងការអនុវត្តតួនាទី-ភារកិច្ចរបស់ខ្លួន។

ឯកឧត្តម កើត ឆែ បានបញ្ជាក់ថា ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ បានចូលជាធរមាន កាលពីឆ្នាំ២០០៨, គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា នៃរដ្ឋបាលថ្នាក់ក្រោមជាតិទាំងនេះ បានចំនួន៤ លើករួចមកហើយ ដែលលើកក្រោយបានប្រព្រឹត្តទៅ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤។

ឯកឧត្តម កើត ឆែ បានបន្តទៀតថា វគ្គតម្រង់ទិស ស្តីពីការគ្រប់គ្រងរដ្ឋបាលខណ្ឌ ជូនដល់ក្រុមប្រឹក្សាខណ្ឌនេះ ត្រូវបានរៀបចំឡើងជាធម្មតា ដែលទើបជាប់ឆ្នោតថ្មី ដើម្បីបង្កើនសមត្ថភាព ចំណេះដឹង បទពិសោធន៍ ចូលរួមលើកកម្ពស់ការផ្តល់សេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងសេចក្តីត្រូវការ របស់បងប្អូនប្រជាពលរដ្ឋ។ វគ្គតម្រង់ទិសនេះ មានគោលបំណងផ្សព្វផ្សាយ និងបញ្ជ្រៀបអំពីទ្រឹស្តី និងលិខិតបទដ្ឋានគតិយុត្តមួយចំនួន ពាក់ព័ន្ធនឹងការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលខណ្ឌ និងការដ្ឋានកំណែទម្រង់សំខាន់ៗ ដែលពាក់ព័ន្ធនឹងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលរួមមាន៖ កំណែទម្រង់វិមជ្ឈការ និងវិសហវិមជ្ឈការ, កំណែទម្រង់រដ្ឋបាលសាធារណៈ និងកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ទទួលបានចំណេះដឹងលើការកសាងផែនការអភិវឌ្ឍរយៈពេល៥ឆ្នាំ និងកម្មវិធីវិនិយោគ បីឆ្នាំរំកិល, សិទ្ធិអំណាច និងការទទួលខុសត្រូវ របស់ក្រុមប្រឹក្សា ក៏ដូចជាការធ្វើបច្ចុប្បន្នភាពបន្ថែមលើទិដ្ឋភាព «មុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌ» ជាពិសេស «ការផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡាទៅឱ្យ រដ្ឋបាលក្រុង ស្រុក ខណ្ឌផងដែរ»