(ដូហា, កាតា)៖ នាយករដ្ឋមន្ត្រីប្រទេសកាតា បានបង្ហាញការចាប់អារម្មណ៍លើវិស័យកសិកម្មនៅកម្ពុជា និងបានប្រកាសបញ្ជូនមន្ត្រីពាក់ព័ន្ធរបស់ខ្លួន មកកាន់ប្រទេសកម្ពុជា ដើម្បីសិក្សាពាក់ព័ន្ធការវិនិយោគ ក៏ដូចជាលើកកម្ពស់ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងកាតាផងដែរ។
នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអញ្ជើញជួបពិភាក្សាជាមួយ ឯកឧត្តម សេក្ខ មហាម៉េដ ប៊ីន អាប់ឌុលរ៉ាហ្សម៉ាន់ ប៊ីន ចាសស៊ីម អាល-ថានី (Sheikh Mohammed Bin Abdulrahman Bin Jassim Al-Thani) នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសរដ្ឋកាតា នៅវិមានរាជរដ្ឋាភិបាល រាជធានីដូហា។
ក្នុងជំនួបនោះ ឯកឧត្តមនាយករដ្ឋមន្ត្រីកាតា បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសម្ដេចតេជោ និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅរដ្ឋកាតា និងបានរំលឹកថា ធ្លាប់បានជួបសម្តេចតេជោ នៅភ្នំពេញកាលពីឆ្នាំ២០២២កន្លងទេ។ ឯកឧត្តមនាយករដ្ឋមន្ត្រី បានបន្តថា ទស្សនកិច្ចរបស់សម្តេចតេជោ នឹងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណឯកឧត្តមនាយករដ្ឋមន្ត្រីកាតា ចំពោះការទទួលស្វាគមន៍សម្តេច និងគណៈប្រតិភូយ៉ាងកក់ក្តៅ នៅរាជធានីដូហា។ សម្តេចតេជោ បានបញ្ជាក់ថា បានទទួលជួបលោកនាយករដ្ឋមន្ត្រី ក្នុងអំឡុងពេលឯកឧត្តម ចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងចុះហត្ថលេខាចូលជាភាគីនៃសន្ធិសញ្ញាមិត្ត និងសហប្រតិបត្តិការអាស៊ីអាគេ្នយ៍ (TAC)។
សម្តេចតេជោ បានបន្តថា កម្ពុជា និងកាតា បានបង្កើតទំនាក់ទំនងការទូត នៅឆ្នាំ២០០៨ ហើយសម្តេច មានបំណងមកធ្វើទស្សនកិច្ចនៅរដ្ឋកាតាជាច្រើនដង ក៏ប៉ុន្តែត្រូវបានលើកពេលជាបន្តបន្ទាប់។ សម្តេចតេជោ បានបន្ថែមថា កម្ពុជា និងកាតា មានសក្តានុពលច្រើន ដែលប្រើប្រាស់មិនទាន់អស់។ កាតា ជាប្រទេសអ្នកមាន និងគួរវិនិយោគនៅកម្ពុជា ជាពិសេសនៅក្នុងវិស័យកសិ-ឧស្សាហកម្មកែច្នៃ ដើម្បីនាំចេញ។ កម្ពុជា មានផលិតផលកសិកម្មច្រើន ដូចជាគ្រាប់ស្វាយចន្ទី ដែលកម្ពុជា ផលិតច្រើនជាងគេនៅក្នុងពិភពលោក តែខ្វះលទ្ធភាពកែច្នៃ និងផលិតផលកសិកម្មជាច្រើនទៀត។
សម្តេចតេជោ បានស្នើឯកឧត្តមនាយករដ្ឋមន្ត្រី បញ្ជូនវិនិយោគិនមកកម្ពុជាដើម្បីជំរុញការវិនិយោគ និងធ្វើពាណិជ្ជកម្ម។ សម្តេចតេជោ បានគូសបញ្ជាក់ថា កម្ពុជា និងកាតា គួរចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងការការពារវិនិយោគទៅវិញទៅមក និងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកទេស និងអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ។
សម្តេចតេជោ ហ៊ុន សែន បានលើកសរសើរតួនាទីរបស់កាតា នៅក្នុងតំបន់ និងលើឆាកអន្តរជាតិ ដោយបានបញ្ជាក់ថា កាតាត្រូវបានគេស្គាល់ទូទាំងសកលលោក តាមរយៈការចរចាពាណិជ្ជកម្មពិភពលោក Doha Round និង បានរៀបចំគោលនយោបាយមួយ ដែលទទួលបានការទុកចិត្តពីសំណាក់ប្រទេសនានាក្នុងសកលលោក។
សម្តេចតេជោ បានគូសបញ្ជាក់ថា កាតា មានទំនាក់ទំនងជាមួយអាស៊ាន តាមរយៈការចូលជាភាគីនៃសន្ធិសញ្ញា TAC។ អាស្រ័យហេតុនេះ ការតភ្ជាប់ផ្លូវអាកាសពីមជ្ឈិមបូព៌ា មកអាស៊ីអាគ្នេយ៍ជាចំណុចខ្លាំងរបស់កាតា។ សម្តេចតេជោ បានអរគុណ Qatar Airways ដែលមានជើងហោះហើរប្រចាំថ្ងៃមកកម្ពុជា។ ទង្វើនេះ ផ្តល់ផលប្រយោជន៍ដល់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងវិនិយោគិន។
សម្តេចតេជោ បានសម្តែងក្តីរីករាយដែលកាតា ទទួលបានជោគជ័យជាខ្លាំងក្នុងការធ្វើជាម្ចាស់ផ្ទះ World Cup 2022 ដែលបានធ្វើឱ្យតួនាទីរបស់កា តាកើនឡើងលេចធ្លោថែមទៀតនៅលើឆាកអន្តរជាតិ។
ជាកិច្ចឆ្លើយតប ឯកឧត្តមនាយករដ្ឋមន្ត្រីកាតា បានអរគុណចំពោះការលើកឡើងខាងលើរបស់សម្តេចតេជោ និងបានជម្រាបសម្តេចតេជោថា កាតា ផ្តល់សារៈសំខាន់យ៉ាងខ្លាំងដល់ទំនាក់ទំនងជាមួយប្រទេសជាមិត្តយ៉ាងច្រើន ក្នុងនោះមាន កម្ពុជា និងអាស៊ានផងដែរ។
ឯកឧត្តមនាយករដ្ឋមន្ត្រី បានបន្តថា ក្នុងទំនាក់ទំនងទ្វេភាគី កាតា សម្លឹងមើលឱកាសសម្រាប់វិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជា។ លោក បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលត្រូវបានចុះហត្ថលេខាចប់សព្វគ្រប់នាពេលខាងមុខ នឹងជំរុញវិនិយោគទៅកម្ពុជា។ ជាមួយគ្នានេះដែរ ឯកឧត្តមនាយករដ្ឋមន្ត្រីកាតា បានលើកឡើងថា ឯកឧត្តម នឹងចាត់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម និងថ្នាក់ដឹកនាំអាជ្ញាធរវិនិយោគនៃរដ្ឋកាតា(QIA) មកជួបសម្តេច ដើម្បីជំរុញទំនាក់ទំនងខាងវិស័យពាណិជ្ជកម្ម និងវិនិយោគ។
ក្នុងជំនួបនេះសម្តេចតេជោ និងឯកឧត្តមនាយករដ្ឋមន្ត្រីកាតា ក៏បានផ្តោតលើបញ្ហាដែលកំពុងវិវត្តនៅក្នុងសកលលោកផងដែរ ជាពិសេសសភាពការណ៍ថ្មីៗដែលកំពុងកើតមាននៅក្នុងតំបន់ជ្ឈិមបូព៌ា៕