ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ​ អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) បន្តចុះបេសកកម្ម​ទៅកាន់ខេត្តកំពង់ឆ្នាំង​ កំពង់ស្ពឺ និង​ខេត្តកណ្តាល​


ខេត្តកំពង់ឆ្នាំង​៖​ ថ្ងៃសៅរ៍ ១៤កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋ​លេខាធិការ​ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រ​សួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំគណៈ​ប្រតិភូធនាគារវិនិយោគហេដ្ឋារចនា​សម្ព័ន្ធអាស៊ី (AIIB) ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងធនធានទឹក និងឧតុនិយម បន្តចុះបេសកកម្ម​ទៅកាន់ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ​ និងខេត្តកណ្តាល។

ឯកឧត្តម​រដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា ការចុះបេសកកម្មនាពេលនេះគឺ​ដើម្បីត្រួតពិនិត្យ និងអនុវត្តន៍​លើសកម្មភាពការងារដោះស្រាយរៀបចំផែនការ​យុទ្ធសាស្រ្ត​​កាត់បន្ថយគ្រោះមហន្តរាយធម្មជាតិ​ដែលបានកើតឡើងជាប្រចាំដោយសារទឹកជំនន់ និងគ្រោះរាំងស្ងួតក្នុងតំបន់បរិបូណ៍​ តំបន់រលាប្អៀរ តំបន់ក្តុ​ល តំបន់ទឹកផុស តំបន់លំហាច តំបន់បំណក់ និងក្រុងកំពង់ឆ្នាំង ដោយធ្វើការអភិវឌ្ឍ និង​ធ្វើទំនើបកម្មវិស្វកម្មក្នុងការរំដោះទឹក និងបង្វែរទឹកស្ទឹងលំហាច បំណក់ អាចាង និងបរិបូណ៍​ ហើយ​នៅក្នុងរដូវប្រាំងប្រព័ន្ធខាងលើនេះនឹងបម្រើឱ្យ​ការស្រោចស្រពផ្ទៃដី​រាប់ម៉ឺនហិកតា​បន្ថែមទៀតក្នុងខេត្តកំពង់ឆ្នាំង។​

ទន្ទឹមនឹងនេះ​ ឯកឧត្តមរដ្ឋលេខាធិការ​ និង​គណៈប្រតិភូក៏​បានអញ្ជើញ​ចុះពិនិត្យដល់ទីតាំងជាក់ស្តែង​តំបន់អមលាំង តំបន់ថ្ពង តំបន់គងពិសី តំបន់ស្ទឹងក្រាំងបាទ តំបន់ពញាឮ តំបន់ឱរ៉ាល់ខាងកើត តំបន់ក្រវាញខាងជើង តំបន់ស្ទឹងអន្លង់ជ្រៃ តំបន់ក្រពើទ្រោម តំបន់ប្រាំបីមុម តំបន់យុទ្ធសាស្រ្ត តំបន់វិហារហ្លួង តំបន់កំពង់ហ្លួង​ និងតំបន់កប់សេះ ស្ថិតក្នុងតំបន់ត្រីកោណនៃខេត្ត​កំពង់ឆ្នាំង ខេត្ត​កំពង់ស្ពឺ និងខេត្តកណ្តាល។

ឯកឧត្តមរដ្ឋលេខាធិការ​បានបញ្ជាក់បន្ថែមថា​ ទឹកមកពីបណ្តាតំបន់ខាងលើជាមុខសញ្ញាដ៏សំខាន់ធ្វើឱ្យមានជំនន់ជាប្រចាំលើផ្លូវជាតិលេខ៥ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងរាជធានីភ្នំពេញ ដែលកិច្ចការ​ចាំបាច់នាពេលនេះ និងក្នុងរយៈពេលមធ្យម គឺ​ត្រូវធ្វើទំនើបកម្មវិស្វកម្មលើប្រព័ន្ធគ្រប់គ្រងទឹកនិងពង្វាងទឹកស្ទឹងអន្លង់ជ្រៃ​​ ដើម្បីបញ្ជា និងដោះស្រាយបញ្ហាទឹកដែលកើតមានឡើង​ ក្នុងបរិបទបម្រែបម្រួលអាកាសធាតុ និងការ​ឡើងកំដៅឡើងនៃភពផែនដី​៕​