ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានទី១ នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក នារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤នេះ បានជួបសំណេះសំណាល និងប្រគល់រង្វាន់ដល់សិស្សជ័យលាភីប្រលងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទទួលបាននិទ្ទេស A ចំនួន ៩នាក់ នៅស្រុកតាំងគោក ខេត្តកំពង់ធំ នាសម័យប្រលងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤។
ពិធីនេះក៏មានការចូលរួមពីក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក, ក្រុមការងារចុះមូលដ្ឋានឃុំនៃស្រុកតាំងគោក, លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក, អភិបាលរងស្រុក, ប្រធាន អនុប្រធាន ការិយាល័យ អប់រំ ស្រុកតាំងគោក នាយកវិទ្យាល័យហ៊ុន សែន តាំងគោក និងវិទ្យាល័យទ្រៀល សិស្សនិទ្ទេស A និងមានមាតាបិតាសិស្សនិទ្ទេស A ជាច្រើនរូបចូលរួម។
ឯកឧត្តមបណ្ឌិត ថោង ខុន បានពាំនាំនូវការសួរសុខទុក្ខ និងអបអរសាទរពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់សិស្សនិទ្ទេស A ដែលសម្តេចបវរធិបតី នឹងជួបសំណេះសំណាល និងលើកទឹកចិត្តដល់សិស្សនិទ្ទេស A ទាំង ២ ២១៦នាក់ នៅរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ។ ឯកឧត្តមក៏បានពាំនាំការសួរសុខទុក្ខពី លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ជូនដល់អាណាព្យាបាល ក៏ដូចជាសិស្សានុសិស្សនិទ្ទេសA ទាំងអស់ដោយក្តីនឹករលឹកផងដែរ។
បន្ថែមពីនេះឯកឧត្តមបណ្ឌិត ថោង ខុន ក៏បានផ្តាំផ្ញើដល់សិស្សានុសិស្ស ត្រូវនឹករលឹកនិងដឹងគុណដល់លោកគ្រូអ្នកគ្រូ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការបង្រៀនដល់សិស្សានុសិស្ស ឱ្យទទួលបានលទ្ធផលល្អដូចពេលនេះ ក្នុងនោះឪពុកម្តាយក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្របសម្រួល បង្កលក្ខណៈ គាំទ្រ និងផ្តល់ឱកាសដល់ការសិក្សារៀនសូត្ររបស់កូន ដែលនេះគឺជាគុណូបការៈ ដ៏ធំធេង ដែលកូនគ្រប់រូប មិនអាចបំភ្លេចគុណលោកទាំងទ្វេបាននោះឡើយ។
ឯកឧត្តមបណ្ឌិត ថោង ខុន ក៏បានផ្តាំផ្ញើដល់សិស្សានុសិស្ស និងអាណាព្យាព្យាបាល ត្រូវអរគុណនិងដឹងគុណដល់សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេសនាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍជូនដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និងដឹងគុណរាជរដ្ឋាភិបាលនីកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីកម្ពុជា ដែលជាអ្នកបន្តវេន ក្នុងការដឹកនាំប្រទេសជាតិប្រកបដោយសុខសន្តិភាព សុវត្ថិភាព ស្ថេរភាព និងបានយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្ស។
នៅក្នុងឱកាសនោះដែរឯកឧត្តមបណ្ឌិត ថោង ខុន ក៏បានចែករំលែកនូវបទពិសោធន៍ផ្ទាល់ខ្លួន ដល់សិស្សានុសិស្សដែលលោកធ្លាប់ជាអតីតសិស្សក្រីក្រ និងបានខិតខំប្រឹងប្រែងរៀនសូត្រ ជម្នះរាល់ការលំបាក គ្រប់បែបយ៉ាង រហូតទទួលបានជោគជ័យក្នុងការសិក្សា និងអាជីពការងារ។
ឯកឧត្តមបណ្ឌិត ថោង ខុន ក៏បានផ្តាំផ្ញើដល់សិស្សានុសិស្ស ដែលបានប្រឡងជាប់និទ្ទេស A ត្រូវបន្តខិតខំរៀនសូត្របន្ថែមទៀត ត្រូវបន្តការសិក្សាពេញមួយជីវិត (Life-Long Learning) ពីព្រោះដំណើរការសិក្សារៀនសូត្រ មិនទាន់បញ្ចប់ត្រឹមនេះទេ គឺត្រូវបន្តដំណើរសិក្សារៀនសូត្របន្តនៅតាមសាកលវិទ្យាល័យ ដោយត្រូវជ្រើសរើសយកមុខជំនាញណាដែលខ្លួនស្រលាញ់ និងពេញចិត្ត ទើបទទួលបានជោគជ័យ បន្តទៀតក្នុងការរៀនសូត្រ និងខិតខំប្រឹងប្រែងរៀនឲ្យបានជាប់ជាប្រចាំ។
នាឱកាសនោះឯកឧត្តមបណ្ឌិត ថោង ខុន ក៏បានប្រគល់រង្វាន់លើកទឹកចិត្តដល់សិស្សនិទ្ទេស A ទាំង ៩នាក់ ដែលជាអំណោយរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក ដោយសិស្ស ១នាក់ ទទួលបាន Laptop ០១គ្រឿង (ម៉ាក DELL) និងថវិកា ១០០ដុល្លារ អាមេរិកផងដែរ៕