រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជា ស្ថិតនៅក្នុងកម្រិតមិនមានការបំពុលគួរឱ្យកត់សម្គាល់នោះឡើយ


ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងឱកាសអញ្ជើញបើកសន្និបាតបូកសរុបការងារបរិស្ថានឆ្នាំ២០២៤ និងទិសដៅការងារ២០២៥ នាទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ បានថ្លែងថា កន្លងមកនេះ​ គុណភាពខ្យល់នៅកម្ពុជា ស្ថិតនៅក្នុងកម្រិតមិនមានការបំពុលគួរឱ្យកត់សម្គាល់ឡើយ។

ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមថា ក្រសួងបរិស្ថាន បានបំពាក់ឧបករណ៍តាមដានគុណភាពខ្យល់ស្វ័យប្រវត្តិចំនួន ៥៣គ្រឿង និងបង្កើតស្ថានីយត្រួតពិនិត្យគុណភាពខ្យល់ ចំនួន១០ទីតាំង នៅរាជធានី ខេត្តទូទាំងប្រទេស។ លើសពីនេះ ក្រសួងបរិស្ថាន បានបំពាក់រថយន្តចល័តត្រួតពិនិត្យគុណភាពខ្យល់ ចំនួន៣គ្រឿងបន្ថែមទៀត។ ជាក់ស្តែង ទិន្នន័យគុណភាពខ្យល់ PM2.5 ស្មើនឹង 14.03 µg/m3 សម្រាប់មធ្យមភាគប្រចាំឆ្នាំ និងតូចជាង 50 µg/m3 សម្រាប់មធ្យមភាគ២៤ម៉ោង ប្រចាំប្រទេសកម្ពុជា។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន បានអនុវត្តសកម្មភាព ដើម្បីទប់ស្កាត់ការបំពុលខ្យល់ និងធ្វើឱ្យគុណភាពខ្យល់ប្រសើឡើយ។ ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការផ្ទៃមេឃពណ៌ខៀវ និងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ស្មើសូន្យ ២០៥០ ក្នុងគោលបំណង ចូលរួមលើកកម្ពស់ការយល់ដឹង ពីសកម្មភាពអាកាសធាតុ របស់ប្រទេសកម្ពុជា និងប្រមូលផ្ដុំការគាំទ្របន្ថែមទៀត ដើម្បីសម្រេចគោលដៅរបស់ខ្លួន។

ដើម្បីពង្រឹងការទប់ស្កាត់ការបំពុលខ្យល់ជាប្រចាំ ក្នុងពេលរដូវប្រាំង ជារៀងរាល់ឆ្នាំ ក្រសួងបរិស្ថាន សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ធ្វើការផ្សព្វផ្សាយ និងអនុវត្តវិធានការទប់ស្កាត់ភ្លើងឆេះព្រៃ ការដុតគល់ជញ្រ្ជាំង និងសំណល់កសិកម្មផ្សេងៗ៕