អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល៖ មកដល់ពេលនេះ ការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ចំណាយអស់ ១ ៣៣៩លានដុល្លារ សម្រេចបាន៩២% គ្រោងដាក់ដំណើរការនៅខែកក្កដា ឆ្នាំ២០២៥


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានចេញមកបញ្ជាក់បន្ថែមជុំវិញការវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ-TIA (ភ្នំពេញថ្មី) ដោយគិតត្រឹមថ្ងៃទី៩ ខែធ្នូ ២០២៤ ការងារសាងសង់ជារួម (ជំហានទី១) គឺសម្រេចបានជាង ៩២% ដោយចំណាយទឹកប្រាក់សរុបគិតមកដល់ពេលនេះ អស់ចំនួនប្រមាណជិត ១ ៣៣៩លានដុល្លារ ដែលក្នុងនោះចំណាយលើការងារសាងសង់ និងការងារដោះស្រាយផលប៉ះពាល់។

មន្ត្រីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិលរូបនេះបន្តថា ការងារសំណង់ធំៗ និងសំខាន់ៗ ដូចជា ការងារពាក់ព័ន្ធស្ថានីយអ្នកដំណើរ/Passenger Terminal Building, ការងារពាក់ព័ន្ធមជ្ឈមណ្ឌល ផ្គត់ផ្គង់ថាមពល/Power House និងការងារពាក់ព័ន្ធទៅនឹងទីលានចតយន្តហោះ/Aircraft Apron-Parking គឺគ្រោងនឹងត្រូវបញ្ចប់នៅបំណាច់ខែធ្នូឆ្នាំ២០២៤នេះ។

ឯកឧត្តមបន្ថែមថា គិតមកដល់ពេលនេះ បុគ្គលិក កម្មករ វិស្វករ និងអ្នកគ្រប់គ្រងដែលកំពុងបម្រើការងារនៅឯការដ្ឋានសាងសង់ មានចំនួនសរុបប្រមាណ ១៥,៤០០នាក់ ដែលមានជនជាតិខ្មែរជាង ៩០%។

ឯកឧត្តមបញ្ជាក់ទៀតថា «បើគ្មានអ្វីប្រែប្រួលទេនោះ អាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងនឹងដាក់សម្ពោធជាផ្លូវការ នៅក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៥ (ដើមឆមាសទី២) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត»

សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាអាកាសយានដ្ឋាន Greenfield ដែលមានផ្ទៃដីសរុប ២,៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ វាត្រូវបានចាត់ថ្នាក់ ជាអាកាសយានដ្ឋាន 4F ហើយនឹងត្រូវបានអភិវឌ្ឍជា ៣ដំណាក់កាល។

ថវិកាវិនិយោគសម្រាប់ដំណាក់កាលទី១ គឺ ១៥០០លានដុល្លារ ដោយមិនរាប់បញ្ចូលដីព្រលានយន្តហោះ។

អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន៕