វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ឆ្នាំ២០២៤ បានបិទបញ្ចប់នៅខណ្ឌចំការមន


(ភ្នំពេញ)៖ ខណ្ឌចំការមន ជាខណ្ឌចុងក្រោយបង្អស់ ដែលត្រូវបានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងរយៈពេល១ឆ្នាំម្តង ដើម្បីបញ្ជាក់ឲ្យប្រជាពលរដ្ឋបានដឹងពីសមិទ្ធផលនានា ដែលរដ្ឋបាលរាជធានីភ្នំពេញសម្រេចបាន និងបញ្ហាប្រឈម និងស្តាប់ពីសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋដើម្បីយកមកដោះស្រាយជូនពួកគាត់។

ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ឆ្នាំ២០២៤ ជាលើកទី១៤ និងជាលើកចុងក្រោយបង្អស់នេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្រោមវត្តមាន ឯកឧត្តម ជួប ខុន សមាជិកក្រុមប្រឹក្សា តំណាងឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្តម ឯក ឃុនដឿន អភិបាលរង តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ក្នុងវេទិកានេះ ប្រជាពលរដ្ឋរស់នៅភូមិ១៤ សង្កាត់ទន្លេបាសាក់ បានលើកឡើងពីកង្វល់របស់គាត់ថា «គាត់មិនចេះអក្សរ តើអាចទៅរៀន និងធ្វើប័ណ្ណបើកបរបានឬទេ? ព្រោះគាត់ជាអ្នករត់កង់បីចង់បានប័ណ្ណបើកបរ»

ពាក់ព័ន្ធនឹងសំណួរនេះ ឯកឧត្តម ឯក ឃុនដឿន បានបញ្ជាក់ថា បើទោះបីប្រជាពលរដ្ឋមិនចេះអក្សរ ក៏អាចទៅរៀន ប្រឡងយកប័ណ្ណបើកបរបានដែរ មិនមែនជាបញ្ហាទេ ដោយផ្អែកតាមច្បាប់ រាជដ្ឋាភិបាល និងក្រសួងសាធារណៈការ និងដឹកជញ្ជូន ក៏ដូចជាឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចងក្រងជាមួយវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជាអ្នករត់ម៉ូតូកង់បី និងជាមួយក្រុមផ្សេងទៀត ដោយលោកអភិបាលតែងបានណែនាំឲ្យមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានី ជួយបណ្តុះបណ្តាល និងធ្វើប័ណ្ណបើកបរជូនដើម្បីឲ្យចេះច្បាប់ចរាចរណ៍។

ឯកឧត្តម  ឯក ឃុនដឿន បានបន្ថែមថា សម័យបច្ចេកវិទ្យាទាន់សម័យនេះ មិនចេះអក្សរ ក៏អាចទៅរៀន និងប្រឡងយកប័ណ្ណបើកបរបាន គឺយើងមានការប្រើប្រាស់អែប (APP) ជាសំលេងជំនួសអក្សរ ប្រឡងចូល ជាមួយការប្រឡងដៃចង្កូត បើយើងចេះស្ទាត់គឺប្រឡងបានប័ណ្ណបើកបរហើយ។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះ មានសំណួរ ផ្ទាល់មាត់របស់ប្រជាពលរដ្ឋតែម្នាក់គត់ ជាមួយនិងសំណូមពរជាលាយលក្ខណ៍អក្សរ ចំនួន៧ច្បាប់ ដើម្បីឲ្យរដ្ឋបាលរាជធានីភ្នំពេញយក ទៅធ្វើការពិចារណា កែលម្អ ក្នុងការអនុវត្តសកម្មភាពរបស់ខ្លួន ក្នុងការលើកកម្ពស់គុណភាពនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ជាពិសេសប្រជាពលរដ្ឋក្រីក្រក្នុងមូលដ្ឋានសង្កាត់ ខណ្ឌរបស់ខ្លួនឲ្យកាន់តែមានភាពល្អប្រសើរ។

ក្នុងឱកាសនោះ ឯកឧត្តម ជួប ខុន បានលើកឡើងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនៅខណ្ឌចំការនាថ្ងៃនេះ គឺជាខណ្ឌចុងក្រោយគេ ក្នុងចំណោមខណ្ឌទាំង១៤ ដែលនឹងផ្តល់ជូនដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមដំណើរការអភិបាលកិច្ចល្អ និងជាឧបករណ៍មួយសម្រាប់លើកកម្ពស់ គណនេយ្យភាព តម្លាភាព ក្នុងដំណើ ដំណើរការពិនិត្យមើល លើការផ្តល់សេវាសាធារណៈរបស់រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ ក្នុងគោលបំណង ដើម្បីធានាថា រាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវបានពិនិត្យដោះស្រាយ និងឆ្លើយតប។ គ្រប់អ្នកពាក់ព័ន្ធទាំងអស់ក្នុងមូលដ្ឋាន ត្រូវបានរួមបញ្ចូលបរិយាប័ននៅក្នុងដំណើរការនៃការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ គឺជាការផ្តល់ឱកាស ជូនប្រជាពលរដ្ឋបានប្រាស្រ័យទាក់ទងគ្នាទៅវិញទៅរវាងរដ្ឋបាលារាជធានីភ្នំពេញ ជាមួយរដ្ឋបាលខណ្ឌ រដ្ឋបាល-សង្កាត់ ប្រជាពលរដ្ឋ តំណាងសង្គមស៊ីវិល និងវិស័យឯកជន ក្រុមប្រឹក្សាប្រភេទផ្សេងៗគ្នា ដើម្បីផ្លាស់ប្តូរនូវ បទពិសោធន៍ និងផ្តល់ប្រឹក្សាអំពីអាទិភាពនៃការអភិវឌ្ឍន៍រាជធានីភ្នំពេញ ប្រកបដោយ ចីរភាព តម្លាភាព ប្រសិទ្ធភាព និងបរិយាបន្ន៕