អគ្គលេខាធិការអាស៊ាន អញ្ជើញមកចូលរួមប្រជុំនៅទីក្រុងតូក្យូ និងទីក្រុងក្យូតូ ប្រទេសជប៉ុន


តបតាមការអញ្ជើញរបស់រដ្ឋាភិបាលជប៉ុន ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ានមកចូលរួមក្នុងវេទិកាសហស្ថាបនាសេដ្ឋកិច្ចអាស៊ាន-ជប៉ុនលើកទី២ និងកម្មវិធីពាក់ព័ន្ធ នៅទីក្រុងតូក្យូ និងក្យូតូ ប្រទេសជប៉ុន ហើយនៅព្រឹកថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយលោក TOKURA Masakazu ប្រធានសហព័ន្ធធុរកិច្ចជប៉ុន Keidanren។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានស្វែងរកមធ្យោបាយដើម្បីពង្រឹងភាពជាដៃគូសេដ្ឋកិច្ចអាស៊ាន-ជប៉ុន ហើយជំរុញឱ្យសហគមន៍ធុរកិច្ចពីអាស៊ាន និងជប៉ុន ធ្វើការកាន់តែជិតស្និត្ធរួមគ្នា ដោយសង្កត់ធ្ងន់លើទំនាក់ទំនងយ៉ាងខ្លាំងក្លា រវាងអាស៊ាន និងជប៉ុន ដើម្បីកំណើន និងវិបុលភាពទៅវិញទៅមក។

នៅរសៀលថ្ងៃពុធ បណ្ឌិត កៅ គឹមហួន បានចូលរួមក្នុងពិធីផ្ទេរតំណែងប្រធានគណៈកម្មាធិការអាស៊ានប្រចាំទីក្រុងតូក្យូ ពីប្រទេសឡាវ មកប្រទេសម៉ាឡេស៊ី។ ក្រោយពីពិធីផ្ទេរតំណែងនេះ ក៏មានការពិសាអាហារថ្ងៃត្រង់ ការងារដើម្បីពិភាក្សាលើកិច្ចការមួយចំនួន។

នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានថ្លែងអំណរគុណគណៈកម្មាធិការសម្រាប់ការចូលរួមចំណែកដល់ការលើកកម្ពស់មុខមាត់អាស៊ាន នៅក្នុងប្រទេសជប៉ុន ព្រមទាំងពង្រឹងទំនាក់ទំនងអាស៊ាន-ជប៉ុន។ បណ្ឌិត កៅ គឹមហួន បានធ្វើបច្ចុប្បន្នភាពជូនគណៈកម្មាធិការអំពីការវិវត្តន៍ចុងក្រោយបង្អស់នៅក្នុងកិច្ចការរបស់អាស៊ាន និងបានចែករំលែកពីទស្សនៈដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ក៏ដូចជា លើកទឹកចិត្តឱ្យគណៈកម្មាធិការនេះ បន្តដើរតួនាទីសកម្មនៅក្នុងប្រទេសជប៉ុន។

ឯកឧត្តមបណ្ឌិត កៅ គឹមហួន ក៏បានផ្តល់កិច្ចសម្ភាសន៍ដល់សារព័ត៌មាន Nikkei Asia របស់ជប៉ុន។ នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានជម្រាបជូបអំពីអាទិភាពបច្ចុប្បន្នរបស់អាស៊ាន រួមទាំងកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងបានចែករំលែកអំពីអនាគតនៃទំនាក់ទំនងអាស៊ាន-ជប៉ុន ជាដើម។

បណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយលោកស្រី YAMAMOTO Sachiko អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីអាទិភាពនានា ក្នុងវិស័យស្បៀង កសិកម្ម និងរុក្ខាប្រមាញ់ ជាពិសេសលើការជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-មីដូរី។ អគ្គលេខាធិការអាស៊ាន បានបញ្ជាក់ជាថ្មីថា ការជំរុញកសិកម្មប្រកបដោយចីរភាព គឺជាអាទិភាពសំខាន់សម្រាប់តំបន់អាស៊ាន ហើយបានសំដែងនូវសុទិដ្ឋិនិយមចំពោះកិច្ចសហប្រតិបត្តិការដ៏ជោគជ័យរវាងអាស៊ាន និងជប៉ុន ដើម្បីសម្រេចបានគោលដៅដ៏សំខាន់នេះ។

បណ្ឌិត កៅ គឹមហួន ក៏បានជួបពិភាក្សាការងារជាមួយលោក Keiichiro Asao រដ្ឋមន្ត្រីបរិស្ថានជប៉ុន។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីសមិទ្ធផល និងអាទិភាពនានា ដើម្បីជំរុញការអនុវត្តគំនិតផ្តួចផ្តើម កិច្ចសហប្រតិបត្តិការ អាស៊ាន-ជប៉ុន៖ កម្មវិធីយុទ្ធសាស្ត្រសម្រាប់អាកាសធាតុ និងបរិស្ថានអាស៊ាន (SPACE)។ ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហការដ៏មានសក្តានុពលផ្សេងទៀតរវាងអាស៊ាន និងជប៉ុន សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការឆ្លើយតបនឹងបញ្ហាដែលកំពុងលេចឡើងនានា ដូចជា ការបម្រែបម្រួលអាកាសធាតុ ការបំពុលបរិស្ថាន និងការបាត់បង់ជីវចម្រុះជាដើម។

បណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយលោក Keisuke Suzuki រដ្ឋមន្ត្រីយុត្តិធម៌ជប៉ុន។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីការអនុវត្តផែនការការងារអាស៊ាន-ជប៉ុនស្តីពីច្បាប់ និងយុត្តិធម៌។ អគ្គលេខាធិការអាស៊ាន បានចែករំលែកពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ក្នុងវិស័យច្បាប់ និងយុត្តិធម៌ ក្នុងការពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ក្នុងការជំរុញនីតិរដ្ឋ និងអាស៊ានដែលផ្អែកលើច្បាប់ ហើយទន្ទឹងបន្តសហការ សកម្មភាពពេលអនាគត ដើម្បីអនុវត្តផែនការការងារនេះ។

បណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយលោក Takeshi Iwaya រដ្ឋមន្ត្រីការបរទេសជប៉ុន។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីទំនាក់ទំនងអាស៊ាន-ជប៉ុន និងបានរិះរកវិធីដើម្បីពង្រឹងភាព ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ជប៉ុនបន្ថែមទៀត។ ភាគីទាំងពីរក៏បានឯកភាពធ្វើការជិតស្និទ្ធរួមគ្នា ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន កាន់តែមានអត្ថន័យ។

បណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយលោក Nakatani រដ្ឋមន្ត្រីការពារជាតិជប៉ុន។ នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានកោតសរសើរប្រទេសជប៉ុន ដែលបានចូលរួមចំណែកដល់ការពង្រឹង កិច្ចសហប្រតិបត្តិការផ្នែកការពារជាតិនៅក្នុងអាស៊ាន ជាពិសេសតាមរយៈកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ដែលប្រកាន់ខ្ជាប់នូវមជ្ឈភាពអាស៊ាន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងក្យូតូ ប្រទេសជប៉ុន បណ្ឌិត កៅ គឹមហួន បានជួបសន្ទនាប្រកបដោយផ្លែផ្កាជាមួយក្រុមមេដឹកនាំធុរកិច្ចវ័យក្មេង និងអ្នកច្នៃប្រឌិតផ្នែកឧស្សាហកម្ម។ កិច្ចពិភាក្សាបានផ្តោតលើតួនាទីដ៏មានសារៈសំខាន់នៃភាពជាដៃគូឯកជន-សាធារណៈ ក្នុងការជំរុញកំណើនប្រកបដោយចីរភាព ដោយឆ្លើយតបនឹងការប្រឈមជាសកល និងពង្រឹងកិច្ចសហការ និងនវានុវត្តន៍រវាងអាស៊ាន និងជប៉ុន ឱ្យកាន់តែស៊ីជម្រៅ។

អគ្គលេខាធិការអាស៊ាន ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការប្រើប្រាស់ភាពច្នៃប្រឌិតរបស់សហគ្រិនវ័យក្មេងដើម្បីសម្រេចបានគោលដៅដែលបានដាក់ចេញនៅក្នុងចក្ខុវិស័យសហស្ថាបនាសេដ្ឋកិច្ចអាស៊ាន-ជប៉ុនផងដែរ។

នៅរសៀលថ្ងៃព្រហស្បតិ៍ ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានផ្តល់កិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Kyoto Review។ នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានជម្រាបពីអាទិភាព និងគំនិតផ្តួចផ្តើមនានារបស់អាស៊ាន សំដៅជំរុញសន្តិភាព ស្ថិរភាព និងវិបុលភាពតំបន់។ លោកក៏បានជម្រាបជូនអំពីទំនាក់ទំនងជាយូរលង់មកហើយរវាងអាស៊ាន និងជប៉ុន ដែលគ្របដណ្តប់លើវិស័យកិច្ចសហប្រតិបត្តិការជាច្រើនផងដែរ។

ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានជួបជាមួយអ្នកជំនាញ និងសាស្ត្រាចារ្យផ្នែកសិក្សាធិការពីសាកលវិទ្យាល័យ Kyoto។ ភាគីទាំងអស់បានពិភាក្សា និងផ្លាស់ប្តូរទស្សនៈលើបញ្ហសំខាន់ៗស្តីពីទំនាក់ទំនងអាស៊ាន-ជប៉ុន ព្រមទាំងកិច្ចការតំបន់ និងសកលលោកផងដែរ។

នៅរសៀលថ្ងៃព្រហស្បតិ៍ លោកបណ្ឌិត កៅ គឹមហួន បានផ្តល់បាឋកថានៅមជ្ឈមណ្ឌលសិក្សាអាស៊ីអាគ្នេយ៍ នៃសាកលវិទ្យាល័យ Kyoto។ បាឋកថាក្រោមចំណងជើងថា «តើអាស៊ាននៅតែមានសារៈសំខាន់ដែរឬទេបច្ចុប្បន្ននេះ?» មានអ្នកចូលរួមពីសំណាក់និស្សិតជាច្រើននាក់។ អគ្គលេខាធិការអាស៊ាន បានលើកឡើងអំពីការចូលរួមចំណែករបស់អាស៊ានចំពោះសន្តិភាព វិបុលភាព និងស្ថិរភាពរបស់តំបន់។

ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយលោក Takehiko Matsuo អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអន្តរជាតិ នៃក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សា ជុំវិញការជំរុញពាណិជ្ជកម្ម និងការវិនិយោគ រវាងអាស៊ាន និងជប៉ុន រួមទាំងការអនុវត្តភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយអាស៊ាន-ជប៉ុន (AJCEP) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ក៏ដូចជា គំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនានា ដែលនឹងជួយពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងអាស៊ាន និងជប៉ុន។

ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានចូលរួមថ្លែងសន្ទរកថាបើកកិច្ចប្រជុំកំពូលមេដឹកនាំធុរកិច្ចវ័យក្មេងអាស៊ាន-ជប៉ុន។ នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ានបានលើកទឹកចិត្តឱ្យមេដឹកនាំធុរកិច្ចវ័យក្មេងប្រើប្រាស់ថាមពល នវានុវត្តន៍ និងការប្តេជ្ញាចិត្តផ្នែកសហគ្រិនភាពដើម្បីចូលរួមចំណែកដល់ចក្ខុវិស័យសហស្ថាបនាសេដ្ឋកិច្ចអាស៊ាន-ជប៉ុន។

នៅព្រឹកថ្ងៃសុក្រ ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន បណ្ឌិត កៅ គឹមហួន បានជួបជាមួយលោក Kurosawa Shinya ប្រធានមូលនិធិជប៉ុន។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីតួនាទី ដែលមូលនិធិជប៉ុនអាចដើរតួនាទី ក្នុងការពង្រឹងទំនាក់ទំនងអាស៊ាន-ជប៉ុន ជាពិសេស ក្នុងវិស័យវប្បធម៌ អប់រំ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ បណ្ឌិត កៅ គឹមហួន ក៏បានលើកទឹកចិត្តឱ្យមូលនិធិជប៉ុន ពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយអាស៊ាន។

ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន បណ្ឌិត កៅ គឹមហួន បានអញ្ជើញចូលរួមក្នុងវេទិកាសហស្ថាបនាសេដ្ឋកិច្ចអាស៊ាន-ជប៉ុនលើកទី ២។ នៅក្នុងសន្ទរកថាបើក អគ្គលេខាធិការអាស៊ានបានគូសបញ្ជាក់ ពីសារៈសំខាន់ នៃភាពជាដៃគូអាស៊ាន-ជប៉ុន ចំពេលមានការប្រឈមជាសកល។ ឯកឧត្តម ក៏បានគូសបញ្ជាក់ពីនិន្នាការសេដ្ឋកិច្ចដ៏វិជ្ជមាននៅក្នុងតំបន់ ព្រមទាំងបានបង្ហាញពីផែនទីចង្អុលផ្លូវដើម្បីធ្វើកិច្ចសហការ សម្រាប់កំណើនពេលអនាគត តាមរយៈនវានុវត្តន៍ និងការអនុវត្តប្រកបដោយចីរភាពផងដែរ។

នៅរសៀលថ្ងៃសុក្រ ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយមជ្ឈមណ្ឌលច្បាប់រដ្ឋប្បវេណី និងច្បាប់ពាណិជ្ជកម្មអន្តរជាតិ (ICCLC)។ នៅក្នុងឱកាសនោះ ភាគីទាំងអស់បានពិភាក្សាជុំវិញវិធីដើម្បីឱ្យអាស៊ាន និងជប៉ុនធ្វើការរួមគ្នាដើម្បីអនុវត្តសេចក្តីថ្លែងការណ៍ចក្ខុវិស័យរួមអាស៊ាន-ជប៉ុន ជាពិសេស តាមរយៈការពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងសិទ្ធិមនុស្ស តាមរយៈកិច្ចសហប្រតិបត្តិការបច្ចេកទេស ជាដើម៕