ឯកឧត្តមវេជ្ជ. សុះ មុះសិន និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីផ្តល់ប្រាក់ឧបត្ថម្ភជូនកុមារកំព្រាចិញ្ចឹមតាមមូលដ្ឋានចំនួន ២០០នាក់ មកពី១៣ រាជធានី ខេត្ត


ថ្ងៃទី២២ ខែឆ្នូ ឆ្នាំ២០២៤ ឯកឧត្តមវេជ្ជ.សុះ មុះសិន សមាជិករដ្ឋសភា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជា នៃគណបក្សប្រជាជនកម្ពុជា និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងផ្ដល់ប្រាក់ឧបត្ថម្ភជូនប្អូនៗកុមារកំព្រា ចិញ្ចឹមតាមផ្ទះសម្រាប់ឆមាសទី២ ឆ្នាំ២០២៤ លើកទី១០ សរុបចំនួន ២០០នាក់ ដែលត្រូវបានជ្រើសរើសពី ១៣ រាជធានី-ខេត្ត ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ២០៣.២៧ដុល្លា សរុបជាទឹកប្រាក់ស្មើនឹង ៤៣.០៣៩.៧៩ដុល្លាសហរដ្ឋអាមេរិក។ ពិធីប្រារព្ធធ្វើឡើងនៅក្នុងបរិវេណមជ្ឈមណ្ឌលផ្ទះអេមីរ៉ាតសំរាប់ក្មេងកំព្រា ស្ថិតក្នុងភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមលោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រុមការងារសមាគមនិស្សិតមុស្លិមកម្ពុជានិងអាណាព្យាបាលផងដែរ។

ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន បានមានប្រសាសន៍ថា គោលបំណងនៃការចិញ្ជឹមក្មេងកំព្រាតាមមូលដ្ឋាន គឺដើម្បីជួយសម្រាលបន្ទុករបស់អាណាព្យាបាលលើការផ្គត់ផ្គង់ជីវភាពចិញ្ចឹមបីបាច់ថែរក្សា ថែទាំសុខភាព និងពិសេសផ្ដល់លទ្ធភាពឲ្យក្មេងៗបានទទួលការអប់រំដូចក្មេងទូទៅដែរ និងចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលក្នុងការគាំពារវិស័យ សង្គមកិច្ច ការបណ្តុះបណ្តាលកុមារ ពិសេសកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ ។

ជាទីបញ្ចប់ ឯកឧត្តម ក៏បានផ្ដាំផ្ញើជូនអាណាព្យាបាល និងប្អូនៗ ក្មួយៗកុមារកំព្រា ត្រូវបន្ដប្រឹងប្រែងជំរុញដល់ការសិក្សាកូនៗ និងថែរក្សាសុខភាព ព្រមទាំងជៀសវាងអោយឆ្ងាយពីល្បែងអបាយមុខ គ្រឿងញៀន ដែលសង្គមខ្អប់ខ្ពើម៕